ទូរសព្ទ Android រាប់លានគ្រឿង ត្រូវប្រឈមនឹងហានិភ័យដោយឈីប Snapdragon

  • 2020-08-10 01:49:57
  • ចំនួនមតិ 30 | ចំនួនចែករំលែក 126

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់ទូរសព្ទទំនើបៗតែងតែមានការដេញតាមស៊េរី រាល់ពេលដែលក្រុមហ៊ុនបានបញ្ចេញម៉ូដែលទូរសព្ទថ្មីៗរបស់គេ ហើយពួកគេផ្ដោតតែទៅលើការរចនារូបរាង និងតម្លៃតែប៉ុណ្ណោះ ដោយភាគច្រើនមិនសូវជាចាប់អារម្មណ៍ទៅលើអ្វីដែលមាននៅខាងក្នុងរបស់វាឡើយ ដែលនេះជាហេតុធ្វើឱ្យពួកគេងាយរងគ្រោះ។ ទោះយ៉ាងណា អ្នកស្រាវជ្រាវបានរកឃើញថាបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងទូរសព្ទ Android នោះមានភាពចន្លោះប្រហោងនៅក្នុងការសរសេរកូដជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់ទូរសព្ទ Android រាប់លាននាក់អាចប្រឈមនឹងហានិភ័យ។

បើតាមក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Check Point ដែលជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត បានឱ្យដឹងថា ការវាយប្រហារនេះគឺជនខិលខូចអាចបញ្ចុះបញ្ចូល អ្នកប្រើប្រាស់ឱ្យដំឡើងកម្មវិធីដូចធម្មតាដោយមិនមានបញ្ហាអ្វីនោះទេ។ បន្ទាប់មកក្រោយពីដំឡើងចប់សព្វគ្រប់ហើយ ពួកគេក៏កែប្រែប្រព័ន្ធដំណើរការនៅក្នុងទូរសព្ទអ្នកប្រើប្រាស់ ដែលធ្វើឱ្យទូរសព្ទនោះក្លាយជា ឧបករណ៍សម្រាប់លបយកការណ៍ទៅវិញ។

ពួកគេអាចចូលទៅមើល រូបថត វីដេអូ ប្រព័ន្ធ GPS និងទិន្នន័យទីតាំងជាដើម ហើយថែមទាំងអាចធ្វើការថតសំឡេងនៅពេលដែល លោកអ្នកនិយាយទូរសព្ទ និងបើកម៉ៃក្រូហ្វូនទូរសព្ទដោយមិនឱ្យម្ចាស់ដឹងទៀតផង។ ជាចុងក្រោយពួកអ្នកវាប្រហារ ក៏អាចលួចបង្កប់មេរោគនៅក្នុងទូរសព្ទដោយមិនឱ្យអ្នកប្រើប្រាស់ដឹង ឬបិទទិន្នន័យទាំងអស់នៅក្នុងទូរសព្ទមិនឱ្យអ្នកប្រើប្រាស់ចូលប្រើបាន។

ទោះបីក្រុមហ៊ុន Qualcomm បានធ្វើការកែសម្រួល ភាពចន្លោះប្រហោងភាគច្រើនហើយនោះក្ដី ក៏មិនមានន័យថាទូរសព្ទរបស់លោកអ្នក ទទួលបានការធ្វើបច្ចុប្បន្នភាពនោះទេ ព្រោះវាអាស្រ័យទៅលើក្រុមហ៊ុនទូរសព្ទរបស់លោកអ្នកក្នុងការបញ្ជូន បច្ចុប្បន្នភាពទាំងនោះទៅឱ្យលោកអ្នក ហេតុដូច្នេះលោកអ្នកគួរតែចៀសវាងទាញយកកម្មវិធីណាដែលលោកអ្នកមិនត្រូវការ ជាពិសេសចំពោះកម្មវិធីដែលមិនមាននៅក្នុង Play Store៕

ប្រភព៖ Anti Cyber Crime Department