Manulife Cambodia ត្រៀម​ប្ដូរ​ការិយាល័យកណ្តាល​ ទៅកាន់ទីតាំងថ្មី ដែលកាន់តែទំនើប!

  • 2020-08-14 02:09:29
  • ចំនួនមតិ 20 | ចំនួនចែករំលែក 217

ចន្លោះមិនឃើញ

ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី នឹងធ្វើការផ្លាស់ប្តូរការិយាល័យកណ្តាលរបស់ខ្លួន​ទៅកាន់អគារ ធីខេ សេនត្រល ដែលជាអគារពាណិជ្ជកម្មថ្មីទើបនឹងត្រូវបានបញ្ចប់​ការសាងសង់រួចរាល់ និងមានទីតាំងនៅលើមហាវិថីគីមអ៊ីលស៊ុង (ផ្លូវ ២៨៩) នៃរាជធានីភ្នំពេញ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​ នឹងចាប់ផ្តើមប្រតិបត្តិការនៅការិយាល័យថ្មីរបស់ខ្លួន​ នៅមុនដំណាច់ឆ្នាំនេះ ដោយ​រួមបញ្ចូលនូវការិយាល័យកណ្តាល​ (រួមទាំងមជ្ឈមណ្ឌលផ្តល់សេវាកម្មអតិថិជនដែលមានទីតាំងបច្ចុប្បន្ននៅអគារ ស៊ីរី)​ និងមជ្ឈមណ្ឌលបណ្តុះបណ្តាល (ដែលមានទីតាំងនៅអគារ ​ភ្នំពេញ សិនធើ)។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖​​ «លោករីករាយណាស់ ដែលបានជ្រើសរើស ធីខេ សេនត្រល សម្រាប់ការិយាល័យកណ្តាលថ្មីនៅទីក្រុងភ្នំពេញ។ ការផ្លាស់ប្តូរទីតាំងនេះ ជាការឆ្លើយតបទៅនឹងកំណើនក្រុមការងារ ហើយលោកជឿជាក់ថា ទីតាំងដ៏ទំនើបនេះ នឹងជំរុញឲ្យមានការច្នៃប្រឌិត និងកិច្ចសហការខ្ពស់ក្នុងក្រុមការងារ ដែលនឹងជួយយើងបន្ថែមទៀតក្នុងការកសាងអនាគតហិរញ្ញវត្ថុកាន់តែរឹងមាំ​ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា។»

លោក តែ វង្សឆាយ ដែលជាប្រធានក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯ.ក បានមានប្រសាសន៍ថា៖ «យើងខ្ញុំដែលជាក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯ.ក មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងនាមជាអ្នកជួលដ៏សំខាន់របស់យើងនៅ ធីខេ សេនត្រល ។ ការសម្រេចចិត្តរបស់ មេនូឡាយហ្វ៍ ខេមបូឌា ក្នុងការផ្លាស់ទីតាំងការិយាល័យកណ្តាលរបស់ខ្លួនមកកាន់អគាររបស់យើងបានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់យើងក្នុងការបង្កើតកន្លែងធ្វើការដែលស័ក្តិសមនឹងការរស់នៅ ប្រកបដោយបរិយាកាសការងារបែបទំនើបក្នុងរាជធានី។»

លោកស្រី អាន សុធីតា ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីប៊ីអអ៊ី ខេមបូឌា (CBRE Cambodia) និងជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យរបស់ ធីខេ សេនត្រល បានមានចំណាប់អារម្មណ៍ថា៖ «មេនូឡាយហ្វ៍ ខេមបូឌា បានជ្រើសយកជម្រើសដ៏ល្អសម្រាប់ក្រុមការងាររបស់ខ្លួន។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និង ធីខេ សេនត្រល សុទ្ធតែជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើសហគមន៍ដែលនេះបញ្ជាក់ពីភាពល្អឥតខ្ចោះនៃកិច្ចសហការនេះ។ ក្រុមការងាររបស់ ស៊ីប៊ីអអ៊ី ខេមបូឌា (CBRE Cambodia) នៅ ធីខេ សេនត្រល នឹងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីធានាថាភាគីទាំងពីរទទួលបានសមិទ្ធផលស្របតាមចក្ខុវិស័យរួមគ្នានេះ។»

ធីខេ សេនត្រល មានទីតាំងស្ថិតនៅចំកណ្តាល​ខណ្ឌទួលគោក ជាតំបន់ពាណិជ្ជកម្មកណ្តាលទី ២ ដែលកំពុងតែ​រីកលូតលាស់​។ លើសពីនេះ ​ក៏មានអគារអាផាតមិនសម្រាប់ជួល ប្រកបដោយ​សេវាកម្មលំដាប់ខ្ពស់ ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅដំណាក់កាលបន្ទាប់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2012 ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយ លំដាប់ថ្នាក់អន្តរជាតិ ជួយប្រជាជនក្នុងការសម្រចចិត្តឲ្យកាន់តែមានភាពងាយស្រួល និងធ្វើឲ្យជីវិតកាន់តែប្រសើរឡើង ហើយក៏កំពុងការពារអនាគត ហិរញ្ញវត្ថុក្រុមគ្រួសារជូនអតិថិជនកម្ពុជាជាង ១២ ម៉ឺននាក់ផងដែរ​។ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។

គិតត្រឹមចុងឆ្នាំ ២០១៩ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានបុគ្គលិកបម្រើការងាជាង ៣៥ ០០០ នាក់ភ្នាក់ងារធានារ៉ាប់រងប្រមាណ ៩៨ ០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនប្រមាណ ៣០ លាននាក់។គិតត្រឹមថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ មានសាច់ប្រាក់ប្រតិបត្តិការចំនួន ១,២ ទ្រីលានដុល្លារកាណាដា ឬ ០,៨ ទ្រីលានដុល្លារអាមេរិកដែលជាទ្រព្យសកម្ម។

អត្ថបទ៖ Tep Sovannmoly