មកពីអាមេរិកកែខ្លួន ហើយប្រែក្លាយជាអ្នកដឹកនាំក្បាច់រាំ Hip Hop
- 2014-11-21 16:13:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកពីអាមេរិកកែខ្លួន ហើយប្រែក្លាយជាអ្នកដឹកនាំក្បាច់រាំ Hip Hop
ចន្លោះមិនឃើញ
នៅម្ដុំដេប៉ូលក់ឈើមួយកន្លែងក្នុងសង្កាត់ច្បារអំពៅ ក្មេងៗតូចធំជាច្រើននាក់ស្លៀកពាក់ខោអាវលេងរូបប្លែកៗ បានមកជួបជុំគ្នាតាំងពីព្រលឹម។ ឧបករណ៍បំពងសំឡេងបានបន្លឺឡើងយ៉ាងរណ្ដំ។ ក្នុងហ្វូងកុមារទាំងនោះ គេប្រទះឃើញបុរសម្នាក់ ស្ថិតក្នុងសំលៀកបំពាក់ពណ៌ក្រហមមួយឈុត មានសក់វែង និងមានរូបសាក់ពេញខ្លួនប្រាណ។
បុរសរូបនោះមានឈ្មោះថា “សាប៊ីល ទុយ” ឬ ឈ្មោះហៅក្រៅថា “KK” ដែលជាអតីតអ្នកទោសម្នាក់របស់អាមេរិក។ ប៉ុន្តែអតីតទណ្ឌិតរូបនេះ បានក្លាយជាវីរៈបុរសរបស់កុមារទាំងនេះ ពីព្រោះលោកបាននាំក្បាច់រាំរបស់លោកខាងលិច គឺ “ហ៊ីបហប” មកបង្រៀនកូនខ្មែរដំបូងគេ ព្រមទំាងកែប្រែជីវិតរស់នៅរបស់ពួកគេទៅរកភាពវិជ្ជមាន។
ប៉ុន្តែការនាំយកក្បាច់រាំរបស់បរទេសមកកាន់ប្រទេសកម្ពុជា គឺមិនមែនធ្វើឡើងតាមឆន្ទៈរបស់លោកឡើយ។ សាប៊ីល ទុយ ដែលទៅរស់នៅសហរដ្ឋអាមេរិកជាមួយឪពុកម្ដាយរបស់ខ្លួន ក្រោយពីរបបខ្មែរក្រហមដួលរលំ បានប្រព្រឹត្តិបទល្មើសរហូតដល់ជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិក ជិត៧ឆ្នាំឯណោះ។ លោកក៏ត្រូវបានរដ្ឋាភិបាលអាមេរិកបញ្ជូនមកស្រុកខ្មែរវិញនាឆ្នាំ២០០៤ ដំណាលគ្នានឹងយុវជនខ្មែរ ដែលបានប្រព្រឹត្តិបទល្មើសនានា ជាងមួយរយនាក់ផ្សេងទៀត។
ថ្វីត្បិតកម្ពុជាជាទឹកដីកំណើតរបស់ឪពុកម្ដាយលោកក្ដី ស្រុកខ្មែរគឺហាក់ដូចជាពិភពថ្មីមួយសម្រាប់លោកទៅវិញ ពេលមកដល់ដំបូង។ លោកត្រូវបែកពីកូនរបស់ខ្លួន សូម្បីពាក្យថា លាមួយម៉ាត់ ក៏លោកមិនបាននិយាយដែរ។
លោកថ្លែងថា៖ “បើទោះបីជាឪពុកម្ដាយរបស់ខ្ញុំជាខ្មែរក្ដី ខ្ញុំនិយាយខ្មែរមិនច្បាស់ទេ ពេលមកដល់ទីក្រុងភ្នំពេញដំបូង”។ ទោះបីយ៉ាងណា លោកបានដាក់ចិត្ត ដាក់កាយសម្របខ្លួនរស់នៅលើទឹកដីកម្ពុជាឲ្យទាល់តែបាន ពីព្រោះលោកគ្មានសិទ្ធិអនុញ្ញាតឲ្យវិលទៅសហរដ្ឋអាមេរិកវិញឡើយ សូម្បីទៅលេងបងប្អូន ក្នុងមួយជីវិតនេះ។ លោកបានប្ដេជ្ញាថា នឹងកែខ្លួន ដោយធ្វើឲ្យឪពុកម្ដាយរបស់លោកនៅសហរដ្ឋអាមេរិកសប្បាយចិត្ត។ ពេលមកដល់កម្ពុជាដំបូង សាប៊ីល ទុយ បានធ្វើការស្ម័គ្រចិត្តឲ្យអង្គការក្រៅរដ្ឋាភិបាលមួយ ដោយជួយចែករំលែកចំណេះដឹងផ្នែកការពារខ្លួនពីគ្រឿងញៀន និងវិធីផ្តាច់ដល់ជនរងគ្រោះដោយសារគ្រឿងញៀន។ ជារៀងរាល់ថ្ងៃ លោកតែងសង្កេតឃើញថា កុមារកម្ពុជាជាច្រើននាក់នៅតែដើរអនាថា តាមចិញ្ចឹមផ្លូវ ប៉ុន្តែអង្គការដែលលោកធ្វើការស្ម័គ្រចិត្តឲ្យពុំអាចជួយអ្វីដល់ពួកគេបានទេ ពីព្រោះខុសគោលដៅរបស់គេ។ ម្ល៉ោះហើយ ទើបលោកសម្រេចយកផ្ទះខ្លួនឯង ផ្ដល់ជាកន្លែងដល់កុមារតាមចិញ្ចើមផ្លូវទាំងឡាយ ដែលត្រូវការជំនួយពីលោក។
លោកថ្លែងបន្ថែមថា៖ “នៅអាមេរិក គឺគេជួយយើងច្រើនណាស់។ ទៅរៀនអត់អស់លុយទេ ហើយអ្វីផ្សេងៗទៀត ក៏អត់អស់លុយដែរ។ ខ្ញុំខូចប៉ុនហ្នឹងហើយ នៅតែគេជួយបណ្ដុះបណ្ដាលខ្ញុំទៀត។ ប៉ុន្តែនៅទីនេះ ខ្ញុំមើលឃើញថា ក្មេងលំបាកណាស់រឿងរៀនរឿងសូត្រ។ បើគេខូចហើយ គឺពុំសូវមានអ្នកជួយកែប្រែគេទៀត ដូច្នេះហើយធ្វើឲ្យខ្ញុំចង់ជួយពួកគេ។ ខ្ញុំបានរស់នៅជាមួយនឹងក្មេងខ្វះការអប់រំ ក្មេងកំព្រា និងក្មេងដែលមានបញ្ហាជាច្រើនទៀត ដូច្នេះធ្វើឲ្យខ្ញុំចាប់ផ្ដើមយល់ពីចិត្តរបស់ពួកគេ។ កុមារតែងតែមានកំហុស ប៉ុន្តែពេលដែលគេធ្វើខុស យើងគួរតែផ្ដល់ឱកាសដល់ពួកគេបានកែប្រែ ទើបគេអាចក្លាយជាមនុស្សល្អបាន”។ ការយល់ឃើញបែបនេះ ក៏ព្រោះ សាប៊ីល ទុយ មិនចង់ឲ្យកុមារកម្ពុជាមានវាសនាដូចរូបលោក។ នៅពេលលោកបានប្រព្រឹត្តិខុសនឹងច្បាប់របស់គេ រដ្ឋាភិបាលសហរដ្ឋអាមេរិក ពុំបានផ្ដល់ឱកាសដល់រូបលោកទេ។ គេសុខចិត្តនិរទេសលោកចេញពីប្រទេសរបស់គេ ដោយមិនគិតថា លោកត្រូវបែកបាក់ពីគ្រួសារ ជាពិសេសកូនជាទីស្រលាញ់របស់លោកឡើយ។
នៅថ្ងៃមួយកុមារដែលរស់នៅជាមួយ សាប៊ីល ទុយ មានការភ្ញាក់ផ្អើលនឹងក្បាច់រាំហ៊ីបហប់របស់គាត់។ ពួកគេស្នើសុំរៀនក្បាច់រាំនេះពីលោក ហើយ សាប៊ីល ទុយ ក៏បានបង្រៀនពួកគេដោយពុំស្ទាក់ស្ទើរ។ ក្រោយមក លោកបានបង្កើតកន្លែងរបស់លោកជាអង្គការ ដោយដាក់ឈ្មោះថា Tiny Toones។ បច្ចុប្បន្ន ក្រុមរាំហ៊ីបហប់របស់លោក មានហាងឆេងគ្រាន់បើ សឹងខ្លាំងជាងទម្រង់សិល្បៈដទៃទៅទៀត។ អង្គការក្រៅរដ្ឋាភិបាល, បា, ឬសណ្ឋាគារនានានៅប្រទេសកម្ពុជា តែងតែជួលក្រុមរបស់លោកទៅរាំជាញឹកញយ។ ពេលខ្លះ ប្រទេសមួយចំនួន ក៏បានអញ្ជើញក្រុមរបស់លោកឲ្យទៅសម្ដែងដែរ។ ប៉ុន្តែទន្ទឹមនឹងនោះ បញ្ហាក៏កើតមានឡើង។ អ្នកអភិរក្សសិល្បៈបុរាណ បានចោទប្រកាន់លោកថា បាននាំវប្បធម៌ពាលាអាវាសែមកឲ្យកូនខ្មែរ។
ប៉ុន្តែទស្សនៈនេះត្រូវលោកបដិសេធថា៖ “ខ្ញុំគិតថា មកពីគាត់មិនយល់។ ហ៊ីបហប នេះ គឺដូចជាកីឡាមួយអញ្ចឹង។ បើក្មេងស្រលាញ់ ក្មេងចូលចិត្ត ក្មេងទៅហាត់ហើយ។ វាធ្វើឲ្យពួកគេមានសុខភាពល្អ ដូចកីឡាដែរ។ អ្វីដែលសំខាន់ គឺពេលដែលគេហាត់ គេមិនបោះបង់ចោលការសិក្សារបស់គេ។ ការរងរបួសតិចតួច គឺជារឿងធម្មតាទេ ព្រោះការហាត់ គឺតែងតែមានឈឺខ្លះ ស្រួលខ្លះអីចឹងហើយ។ ចាស់ៗនៅអាមេរិក គាត់យល់ណាស់”។
បច្ចុប្បន្ន ចំនួនកុមារដែលមកសិក្សានៅសាលាបឋមក្នុងមណ្ឌលរបស់លោកមានរហូតដល់ ទៅ ៥០០នាក់ឯណោះ។ ក្នុងនោះ មានកុមារកំព្រាខ្លះ ដែលលោកសម្រេចផ្ដល់កន្លែងឲ្យពួកគេស្នាក់នៅ។ ក្រៅពីការសិក្សាចំណេះដឹងទូទៅ ពួកគេអាចហាត់រៀនក្បាច់រាំហ៊ីបហប់ដែលនេះជាអត្តសញ្ញាណរបស់ អង្គការ Tiny Toones របស់លោក។ សាប៊ីល ទុយ ឲ្យដឹងថា ប្រជាជនខ្មែរនៅក្រៅស្រុក ក៏ស្ម័គ្រចិត្តមកជួយលោកជាញឹកញាប់ដែរ។ អ្នកខ្លះផ្ដល់ជាមូលនិធិ និងខ្លះទៀតសុខចិត្តជិះយន្តហោះមកជួយលោកដល់ស្រុកខ្មែរ៕
អត្ថបទ៖ មាស រ័ត្ន