មេធាវី សុក សំអឿន៖ "រៀនច្បាប់ឲ្យពូកែ ត្រូវស្រលាញ់យុត្តិធម៌”
- 2014-11-20 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេធាវី សុក សំអឿន៖ "រៀនច្បាប់ឲ្យពូកែ ត្រូវស្រលាញ់យុត្តិធម៌”
ចន្លោះមិនឃើញ
ប្រិយមិត្ត មិនតិចទេបានស្គាល់មេធាវីដ៏ល្បីឈ្មោះលោក សុក សំអឿន ដែលបច្ចុប្បន្ន ជានាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ។ លោកត្រូវបានទទួលស្គាល់ និងគោរពជាទូទៅ ជាបុគ្គលម្នាក់ដែលធ្វើការមានឆន្ទៈ ស្រលាញ់ និងការពារយុត្តិធម៌។ នៅមុនទទួលបានកេរ្តិ៍ឈ្មោះបោះសំលេង តើលោកឆ្លងកាត់ប្រវត្តិតស៊ូយ៉ាងណា?
ប្រវត្តិគ្រួសារ និងការសិក្សា
លោក សុក សំអឿន កើតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៥៥ ក្នុង សង្កាត់លេខ៣ក្រុងភ្នំពេញ។ លោកកើតក្នុងត្រកូលអ្នកមានយសស័ក្ដិ និងមានកម្រិតជីវភាពល្អប្រសើរ ដោយឪពុករបស់លោកឈ្មោះ សុក សំអាន ជាមេបញ្ជាការការពារក្រុងកំពង់ចាម(ឆ្នាំ ១៩៧៣-១៩៧៥) ហើយម្ដាយរបស់លោក ឈ្មោះ ប្លោក ស៊ីតឹម ជាមេផ្ទះ។
ទោះបីជាមិន សូវបាននៅជុំក្រុមគ្រួសាររបស់លោកនៅក្នុងខេត្តកំពង់ចាម សុក សំអឿន ដែលមានបងប្អូនប្រុសបីនាក់ បានអះអាងថា លោកមិនដែលជួបបញ្ហាលំបាកអ្វីឡើយ ខណៈ នៅក្នុងការរស់នៅនិងសិក្សារហូតដល់លោកបានបញ្ចប់ថ្នាក់វិទ្យាល័យ នៅឆ្នាំ១៩៧៥។
-ឆ្នាំ១៩៨៦ ទៅរៀនផ្នែកនាយទាហានជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ី
-ឆ្នាំ១៩៩១-១៩៩២ រៀនជំនាញចៅក្រមនិងមេធាវីនៅជំរំជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (ព្រំដែនថៃ)
-ឆ្នាំ១៩៩៧ រៀនវិជ្ជាជីវៈមេធាវីនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវីកម្ពុជា
-ឆ្នាំ ២០០៥ រៀនសិទ្ធិមនុស្សនៅ Denmark
-ឆ្នាំ២០០៧ រៀនជំនាញសង្គមសាស្ត្រផ្នែកលទ្ធិប្រជាធិបតេយ្យនៅសាកលវិទ្យាល័យ Birmingham City University នៃចក្រភពអង់គ្លេស
-ឆ្នាំ២០០៩ អនុបណ្ឌិតគ្រប់គ្រងនៅសាកលវិទ្យាល័យ ChaleSturt នៃប្រទេសអូស្ត្រាលី
យុវភាពនិងភាពឈឺចាប់ក្នុងរបបប្រល័យពូជសាសន៍
ស្រប ពេលដែលលោកជិតបញ្ចប់ថ្នាក់ វិទ្យាល័យ (វិ.ទួលស្វាយព្រៃ) នៅឆ្នាំ ១៩៧៥ របបខ្មែរក្រហមបានចូលដល់ ដោយនាំមកភាពសោកសៅនិងព្រាត់ប្រាសដល់ក្រុមគ្រួសាររបស់លោក។ ក្នុងរបបខ្មែរក្រហម ជាពេលវេលាមួយដែលធ្វើឲ្យលោកចងចាំនិងឈឺចាប់គ្មានថ្ងៃភ្លេច។ លោក សុក សំអឿន បានឲ្យដឹងថា “ឪពុកខ្ញុំ និងបងប្រុសខ្ញុំគេយកទៅអប់រំ (សម្លាប់ចោល) ក្មួយស្រីខ្ញុំត្រូវដាច់ពោះស្លាប់ (អត់អាហារ)…កាលហ្នឹងកុំឲ្យដឹងថាអ្នកណាចេះដឹង មានអំណាច ឬមានទ្រព្យសម្បត្តិគឺគេយកទៅទាំងអស់…”។
ភាពឈឺចាប់ ដោយការបាត់បង់សមាជិកគ្រួសារនេះ បានធ្វើឲ្យរូបលោកចាំគ្មានថ្ងៃភ្លេចនិងស្បថជានិច្ចថា <<ក្នុង ជីវិតរបស់លោក លោកនឹងមិនអនុញ្ញាតឲ្យមានលទ្ធិកុម្មុយនិស្ត (អំណាចផ្ដាច់ការ) បែបខ្មែរក្រហមនេះកើតមានម្ដងទៀតឡើយ>>។ លោកចង់ឲ្យប្រជាពលរដ្ឋ រស់នៅដោយមានសិទ្ធិសេរីភាព ធ្វើអ្វីទៅតាមចិត្តរបស់ខ្លួនតែស្ថិតនៅក្រោមច្បាប់មួយដ៏រឹងមាំ ។ លោកក៏បាននិយាយទៀតថា របបកុម្មុយនិស្តបានធ្វើឲ្យលោក ស្គាល់រសជាតិនៃជីវភាពខ្វះខាត ខ្លួនប្រាណដែលធ្លាប់មានកម្លាំងមាំមួនបែរជាស្គមនិងទន់ខ្សោយ ហើយលើសពីនេះ លោកគ្មានសិទ្ធិ និងសេរីភាពក្នុងការធ្វើអ្វីបានទាំងអស់។
ជីវិតក្រោយរបបខ្មែរក្រហម
ឆ្នាំ១៩៧៩ លោក សុក សំអឿន បានទៅរស់នៅក្នុងខេត្តកំពង់ចាមជាមួយក្រុមគ្រួសារ ដោយប្រកបរបរលក់ដូរនាយអាយទិញមកពីទល់ដែន។ ឆ្នាំ១៩៨០ បានសម្រេចចិត្តចូលបម្រើការងារជាកងពលក្នុងចលនារំដោះជាតិ សឺន សាន។ ការសម្រេចចិត្តនេះគឺផ្អែកលើស្ថានភាពជាក់ស្ដែង និង ដោយមានបំណងចង់ឲ្យវៀតណាមចេញឲ្យអស់ពីទឹកដីកម្ពុជា។ “បើយើងអ្នកចេះដឹងមិនទៅតស៊ូ តើបាននរណារំដោះជាតិ” លោកលើកឡើងដូចនេះ។ ក្នុងការងារជាទាហានរយៈពេលជិត១០ឆ្នាំនេះ លោកបានទទួលបទពិសោធន៍ និងចំណេះដឹងជាច្រើន ដោយលោកថែមទាំងបានទៅសិក្សាជំនាញផ្នែកទាហាននេះបន្ថែមនៅប្រទេស ម៉ាឡេស៊ីផងក្នុងឆ្នាំ១៩៨៦។
ដោយសារវៀតណាមដកទ័ពចេញពីកម្ពុជា វិញ នៅឆ្នាំ១៩៨៩ លោកសុក សំអឿនបានឈប់ធ្វើទាហាន ហើយក៏ចូលបម្រើការនៅក្នុងអង្គការសហប្រជាជាតិ UN (នៅជំរំ ខ្មែរ-ថៃ) ដែលនៅទីនោះលោកធ្វើជាប៉ូលិស។ ដោយសារអង្គការមើលឃើញពីសក្ដានុពលរបស់លោក ក្នុងការងារគ្រប់គ្រងនិងកិច្ចការកងទ័ព លោកក៏បានគេតែងតាំងជានាយកសាលាហ្វឹកហ្វឺនប៉ូលិសរបស់ UN ដែលសុទ្ធតែជាប៉ូលិសខ្មែរមកពីជាយដែន។ នៅទីនោះលោកក៏បានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើនក្នុងផ្នែក គ្រប់គ្រង និងផ្នែកច្បាប់ (ចៅក្រមនិងមេធាវី) រយៈពេល២ឆ្នាំផងដែរ។ “ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍ខ្លាំងផ្នែកច្បាប់តាំងពីពេលនោះមក” លោកបញ្ជាក់។ ឆ្នាំ ១៩៩៣ លោកបានវិលត្រឡប់មកទីក្រុងភ្នំពេញ និងចូលបម្រើការជាមួយ UNTAC ក្នុងតួនាទីជាអ្នកបកប្រែឲ្យប៉ូលិស UNTAC។ ក្រោយមកទៀត លោកបានចូលធ្វើការជាលេខាធិការឲ្យអគ្គរាជទូតនៅស្ថានទូតកាណាដាបាន ប្រហែលជាជិតមួយឆ្នាំ។
ចាប់ផ្ដើមប្រឡូកក្នុងវិស័យច្បាប់
ដោយ សារមានចំណេះដឹងច្រើនខាងផ្នែកច្បាប់ ការគ្រប់គ្រងកងទ័ព ការជំរុញពីមិត្តភ័ក្ដិ និងស្របពេលដែលទឹកចិត្តស្រលាញ់ផ្នែកច្បាប់នេះផងនោះ លោក សុក សំអឿន បានចូលធ្វើការនៅក្នុងក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា នៅខែមិនា ឆ្មាំ ១៩៩៤។ “ខ្ញុំស្រលាញ់យុត្តិធម៌តាំងពីដើម ហើយណាមួយឃើញប្រជាជនខ្មែរកំពុងរងទុក្ខ ខ្ញុំគិតថាធ្វើមេធាវីក៏អាចជួយពួកគាត់បាន” នេះជាការគូសបញ្ជាក់របស់លោក។ ក្នុងតួនាទីនេះ លោកទទួលស្គាល់ថាច្បាប់នៅកម្ពុជានៅមានសភាពទន់ខ្សោយ មិនស្អាតស្អំ ប្រជាពលរដ្ឋហាក់មិនសូវមានទំនុកចិត្តលើមេធាវី ជាពិសេសសមត្ថភាពរបស់តុលាការមានកម្រិត។ “ប្រព័ន្ធច្បាប់មិនទាន់រឹងមាំ តែមិនមែនមកពីច្បាប់ទេ មកពីយន្តការនៃការអនុវត្តច្បាប់មិនល្អ” លោកបញ្ជាក់ដូច្នេះ។
ទោះបី ជាការងារមេធាវីនេះ ត្រូវទទួលរងការរិះគន់ តែសម្រាប់លោក សុក សំអឿនត្រូវបានសង្គមខ្មែរទទួលស្គាល់និងគោរពជាទូទៅ ដោយសារតែលោកជាបុគ្គលម្នាក់ដែលធ្វើការមានឆន្ទៈស្រលាញ់ ការពារយុត្តិធម៌ និងចូលរួមជួយសង្គមជាតិដូចជាបានបង្ហាត់បង្រៀននាយទាហានមន្ត្រី ប៉ូលិសពីបច្ចេកទេសច្បាប់រាប់ម៉ឺននាក់។ “ធ្វើមេធាវី យើងត្រូវប្រកាន់ឲ្យបានយុត្តិធម៌ ហើយតាំងចិត្តថា យើងជួយគេ យើងអាចជួយសង្គមបានទើបល្អ…” លោក មេធាវីបង្ហាញពីជំហរនិងគោលការណ៍របស់លោកក្នុងតួនាទីបច្ចុប្បន្ន។
សមិទ្ធផល
ដោយសារក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) បានបំពេញកិច្ចការជាច្រើនពាក់ព័ន្ធនឹងវិស័យច្បាប់នៅកម្ពុជា ជាពិសេស បានផ្ដល់សេវាកម្មផ្នែកច្បាប់នេះទៅឲ្យប្រជាជនរងគ្រោះ ឬជនក្រីក្រកម្ពុជា ជួយបង្រៀនច្បាប់ទៅដល់មន្ត្រី ឬយុវជនជំនាន់ក្រោយ លោក សុក សំអឿន ទទួលនូវការគោរពនិងទទួលស្គាល់នៅក្នុងសង្គម។ ខាងក្រោមនេះជាសមិទ្ធផលជាច្រើនដែលបញ្ជាក់ពីសមត្ថភាពនិងស្នាដៃ របស់លោកកន្លងមក៖
-ឆ្នាំ២០០២ទទួលបានរង្វាន់ International Human Right Award ដែលផ្ដល់ដោយគណៈមេធាវីអាមេរិកនៅរដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី។
-ឆ្នាំ២០០៨ ទទួលលិខិតសរសើរពីលោក ទៀបាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយសារ លោកបានជួយបង្រៀនច្បាប់(ទាក់ទងយោធា)ដល់នាយទាហានជាន់ខ្ពស់ ជាច្រើនវគ្គនៅក្រសួងការពារជាតិ។
-ឆ្នាំ ២០០៩ ទទួលមេដាយ (មន្នីសារាភ័ណ្ឌ) ពីសម្ដេចហ៊ុន សែន ដែលទទួលស្គាល់ពីការខិតខំប្រឹងប្រែងក្នុងការផ្ដល់វគ្គហ្វឹកហ្វឺន ផ្នែកច្បាប់នេះដល់មន្ត្រីប៉ូលិសជាច្រើននាក់តាំងពីឆ្នាំ១៩៩៨មក។
ក្រៅពីតួនាទីជានាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកក៏ជា៖
-អនុប្រធានគណៈកម្មការនាយកនៃគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរីនិងយុត្តិធម៌ (COMFREL) តាំងពីឆ្នាំ ១៩៩៧ (ក្នុងនោះមាន NGOs ចំនួន ២៣)
-សមាជិកគណៈកម្មការនាយកនៃគណៈកម្មការការពារសិទ្ធិកុមារ COSECAM
-សមាជិកគណៈកម្មការនាយកនៃគណៈកម្មការប្រព្រឹត្តិកម្មដើម្បីសិទ្ធិមនុស្សនៅកម្ពុជា
-សមាជិកក្រុមប្រឹក្សាភិបាលនៃមណ្ឌលព័ត៌មានស្ត្រី (Women Media Center) តាំងពីឆ្នាំ២០០៥
-សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (Cambodia Women Crisis Center) តាំងពីឆ្នាំ ២០០៥
-ប្រធាននៃសម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម (CISA) តាំងពីឆ្នាំ២០០៩
គោលបំណងទៅថ្ងៃអនាគត
មេធាវី ពូកែវ័យ៥៦ឆ្នាំរូបនេះ បច្ចុប្បន្នរស់នៅក្នុងគ្រួសារដែលមានកូនចំនួន៤នាក់។ សម្រាប់ថ្ងៃអនាគត លោកចង់ចូលរួមធ្វើឲ្យ ប្រព័ន្ធច្បាប់នៅកម្ពុជា បានល្អប្រសើរ១០០% និងម្នាក់ៗគួរតែនាំគ្នាកែប្រែប្រព័ន្ធច្បាប់នេះ។ តាមគំនិតលោក លោកចង់ឲ្យដាក់យន្តការនិងការអនុវត្តយកគំរូតាមតុលាការកាត់ ក្ដីខ្មែរក្រហម។ មេធាវីរូបនេះ មានបំណងចង់ចងក្រងសៀវភៅអប់រំមួយចំនួនទុកជាឯកសារដល់យុវជនជំនាន់ ក្រោយ។
ដោយឆ្លងកាត់ការងារក្នុងវិស័យច្បាប់នេះអស់រយៈពេលជា ច្រើនឆ្នាំ លោកចង់ចែករំលែកទៅដល់កូនខ្មែរដែលជាយុវជនសសរទ្រូងប្រទេសជាតិថា “រៀនច្បាប់ឲ្យពូកែត្រូវស្រលាញ់យុត្តិធម៌ ហើយបើចង់បំបាត់អំពើពុករលួយត្រូវបំបាត់ពីខ្លួនយើងជាមុនសិន”៕
ចុចត្រង់នេះ អានអត្ថបទ៖ យុវជនខ្មែរឈឺចិត្តគេមិនស្គាល់កម្ពុជា យកវប្បធម៌ទៅបង្ហាញមុខបរទេសជាង៨០ប្រទេស
អត្ថបទ៖ សួន ពលិកា
រូបភាពបណ្តាញសង្គម