Audi ឲ្យ Porsche ខ្ចីបុគ្គលិកប្រហែល ៤០០​នាក់

  • 2020-09-03 07:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​នេះ Porsche កំពុង​ជួប​បញ្ហា​ក្នុង​ការ​រក្សា​ទំហំ​ផលិត​ដើម្បី​នូវ​តម្រូវ​​ការ​លើ​រថយន្ត​ស្ព័រ​ប្រណីត​ដើរ​ដោយ​ថាមពល​​អគ្គិសនី​របស់​ខ្លួន​ម៉ូដែល Taycan។ ដោយ​សារ​ហេតុ​នេះ Porsche បាន​សុំ​ជំនួយ​ពី​ Audi ជា​​ក្រុមហ៊ុន​ដែល​ស្ថិត​ក្រោម​ដំបូល​របស់ Volkswagen Group ជា​មួយ​គ្នា។

បុគ្គលិក​ប្រមាណ​ ៤០០​នាក់ មក​ពី​រោងចក្រ​របស់ Audi នៅ​​ទីក្រុង Neckarsulm បាន​​ផ្លាស់​ទៅ​កាន់​​តំបន់​ Zuffenhausen ដែល​ជា​ទីតាំង​រោងចក្រ​របស់ Porsche រយៈពេល​ ២​ឆ្នាំ។ ​ទីតាំង​ទាំង​ពីរ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៥៥​គីឡូម៉ែត្រ​ពី​គ្នា។

គួរ​ដឹង​ថា​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ខ្ពស់ Porsche បាន​បង្កើន​ចំនួន​ផលិត​រថយន្ត Taycan ពី ២​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ឡើង​ដល់ ៤​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ និង​បាន​ជួល​បុគ្គលិក​បន្ថែម ៥០០​នាក់​ទៀត​លើស​ពី​ផែនការ​កំណត់។ អ្នក​នាំពាក្យ​ Porsche បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​គេ​អាច​ផលិត​រថយន្ត Taycan បាន​លើស​ពី ១៥០​គ្រឿង ក្នុង​មួយ​ថ្ងៃ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង