ចង់​ដឹង​អត់ ​តើ ប៉ែន ចំរុង នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​ភរិយា​ឆ្លង​ទន្លេ?

  • 2020-09-04 02:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បញ្ជាក់​ពី​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​សម្ភព នៃ​គ្លីនិក​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ ទៅ​កាន់​ពិធី​ករ​សម្បូរ​វោហារ ប៉ែន ចំរុង និង​ភរិយា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ ថាមិន​ដល់​១​សប្ដាហ៍​ទៀត​ទេ​កូន​ក្នុង​ផ្ទៃ​ភរិយាលោកនឹង​កើត​ហើយ។

លោក ប៉ែន ចំរុង និយាយ​ថា រូប​លោក​ចាប់​ផ្ដើម​ថ្នាក់ថ្មម​ភរិយា​កាន់​តែ​ខ្លាំង​តាំង​ពី​កូន​ក្នុង​ផ្ទៃ​បាន​អាយុ​៧​ខែ ពោល​គឺ​លោក​បាន​ចំណាយ​ពេល​ប្រហែល​៨០% ទៅ​លើការ​មើល​ការ​​ភរិយា រីឯ​សល់​២០%​ ទៀត សម្រាប់​ការងារ​សិល្បៈ។ លោក​ថា​នឹង​ធ្វើ​រឿង​ពិសេស​មួយ​នៅ​ថ្ងៃភរិយា​សម្រាលកូន។

ប៉ែន ចំរុង៖"ថ្ងៃ​ហ្នឹង​ខ្ញុំ​នឹង​ចូល​ទៅក្នុង​បន្ទប់​សម្រាល ហើយ​កាន់​ដៃ អង្អែល ម៉ាស្សា​ក្បាល​ឲ្យគាត់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន រហូត​ទាល់​តែ​គាត់​សម្រាល​រួច​ហ្មង។ ​ពេល​សម្រាល​ហើយ​ភ្លាម​កាន់​តែ​ថ្នម​គាត់​ទៀត​ហើយ​បង"។

បេឡា(Bella) គឺ​ជា​ឈ្មោះ​កូន​ស្រី​ដែល​លោក ប៉ែន ចំរុង និង​ភរិយា ហៅ​បណ្ដោះអាសន្ន ប៉ុន្តែ​ឈ្មោះ​ពិត​យ៉ាង​ម៉េច​នោះ គឺ​ត្រូវ​រង់ចាំ​សម្រាល​រួច​សិន។ បច្ចុប្បន្ន​កូន​ក្នុង​ផ្ទៃ​មាន​អាយុ​៣៨​សប្ដាហ៍ គឺ​ជា​កូន​ស្រី មាន​សុខភាព​ល្អ និង​មាន​គីឡូ​គ្រប់​ល្អ ហើយ​នេះ​ជា​កូន​ដំបូង​របស់​ភរិយា​ក្រោយ​របស់​លោក។

សូម​រំលឹក​ថា តារា​សម្ដែង និង​ជា​ពិធី​ករ​ល្បីឈ្មោះ​ម្នាក់ លោក ប៉ែន ចំរុង បាន​រៀបការ​ជាមួយ​កញ្ញា ហ៊ុន ម៉ាណេ កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ មុន​លោក ប៉ែន ចំរុង ចាប់​ដៃ​ជាមួយ​ភរិយា​ក្រោយ​នេះ លោក​ក៏​ធ្លាប់​មាន​ដំណក់​ឈាម​រួម​គ្នា​ម្នាក់​ដែរ​ជាមួយ អ្នកនាង ភិន សុដាលីស ដែល​ជាអ្នក​សិល្បៈ​ដូច​គ្នា ប៉ុន្តែ​បច្ចុប្បន្ន​ពួកគេ​បាន​លែងលះ​គ្នា​ដាច់​ស្រេច ហើយកូន​ស្រី​នោះបានទៅ​រស់នៅ​ខាង​ម្ដាយ គឺអ្នកនាង ភិន សុដាលីស៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ