មកស្គាល់​បងប្អូន​បង្កើត​២គូ ​បង្ក​ព្យុះភ្លៀង​ក្នុង​វិស័យ​បាល់ទះ​ស្រុកខ្មែរ

  • 2020-09-22 03:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួត​បាល់ទះមិត្តភាព​ក្រៅ​ផ្លូវ​ការ​ក្នុង​ស្រុក​ខ្មែរ កំពុង​តែ​កក្រើក និង​ពុះកញ្ជោល​ខ្លាំង​មួយ​រយៈ​ចុងក្រោយនេះ ព្រោះ​ស្មាត់​​តូច​ធំ​ជាច្រើន បាន​សាកល្បង​សមត្ថភាព​គ្នា​ យ៉ាងស្វិតស្មាញ​ ហើយ​​ក្នុង​នោះ​ស្មាត់​ធំៗ​២គូ​ដែល​ជា​បងប្អូន​បង្កើត ក៏​​បាន​និង​កំពុង​បង្ក​ព្យុះភ្ញៀង​មិន​ធម្មតា​ គឺស្មាត់សុវណ្ណរាជ, យន់, រស់ ហាន់វ៉ា និង រស់ វេត។

សុវណ្ណរាជ (ឆ្វេង) ស្មាត់យន់ (ស្ដាំ) រូបភាព FB សុវណ្ណរាជ បាល់ទះ

បងប្រុស​បង្កើត​របស់​ស្មាត់​យន់គឺ សុវណ្ណរាជ បច្ចុប្បន្នមាន​រហស្សនាម​ថា​ អធិរាជ​ប្រអប់​ឆ្វេង​ហ្ស៊ីន​ស្រុក​ខ្មែរ ដែល​អ្នកណា​ក៏​ស្គាល់​ក៏​ខ្លាច​រអា​នឹង​ក្បួន​បាំង ជា​ពិសេស​​តិចនិក​វៃ​ចុះបាំង ត្រាវែរ​​ខ្លី​វែង​យ៉ាង​ល្អ បើ​ទោះ​មាន​ប៉ារ៉ាស់​ធំៗ​ប៉ុណ្ណា​ក៏​​ដោយ។

បើ​ស្មាត់​យន់​ដែលជា​ប្អូន​ប្រុស​វិញ​ក៏​មិន​ធម្មតា​ដែរ គឺ​គេ​ជា​ស្មាត់ស្ដាំ​ធំ​វៃ​លឿន​ ធ្ងន់​​ ស្រួច ថែម​ទាំង​វៃ​សេវា​ល្អ​ហើយធ្ងន់។ យ៉ាងណាសព្វថ្ងៃអ្នកទាំងពីរ មិន​ដែល​លេង​ជាមួយ​គ្នា​ឡើយ ព្រោះ​ស្មាត់​យន់​ជាប់​ចង្កេះ ហើយ​ថ្មីៗ​នេះ សុវណ្ណរាជ មាន​បញ្ហាជាប់​សរសៃ​ស្មាដែរ។

ដោយឡែក រស់ ហាន់​វ៉ា គឺ​មាន​រហស្សនាម​ថា​កីឡាករកំពូល​បោកបាំង​ស្រុក​ខ្មែរ និង​រត់​ដឺមីល្អ។ ស្មាត់វ៉ាចាប់​ផ្ដើម​លេង​ល្អ​ចាប់​តាំង​ពី​ឆ្នាំ២០១៤​មក។ ចំណែក​ស្មាត់ស្ដាំ រស់ វេត ដែល​ជា​ប្អូន​បង្កើត ល្អ​ទាំង​ផ្ដាច់ និង​វាយ​សេវា។ សេវា​របស់​គេ​វាយចុះ​ល្អ។

ស្មាត់វ៉ា (ឆ្វេង) ស្មាត់វេត (ស្ដាំ) រូបភាព FB រស់ ហាន់វ៉ា

បើតាម​សម្ដី​ស្មាត់​វ៉ា រស់ ​វេត លេង​បាល់ទះ​បាន​ល្អ​ក្នុង​ឆ្នាំ​២០១៨ និង​​ចាប់​ផ្ដើម​លេង​ល្អ ​លេង​គីឡូ​ធំ​បាន​គឺនៅ​អំឡុង​ឆ្នាំ​ ២០១៩-២០២០ នេះ​ឯង។

អ្នក​ទាំង​ពីរ បាន​ធ្វើ​ឱ្យ​ស្មាត់​ធំៗ​មួយ​ចំនួន ក៏ដូចជា​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទះ​​ក្នុង​ស្រុក កោត​សរសើរ​មិន​ដាច់​ពី​មាត់​ពីសមត្ថភាព ខណៈមួយ​រយៈ​ចុងក្រោយ​នេះ ពួកគេ​ទទួល​បាន​ជ័យ​ជម្នះ​សឹងគ្រប់​ប្រកួត​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម