Suarez ជាប់​ចោទ​រឿង​ស៊ុមគ្រលុំ​ជាមួយ​មេ​ប្រយោគ ពេល​ប្រឡង​ចូល​សញ្ជាតិ​អ៊ីតាលី

  • 2020-09-22 11:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​អ៊ីតាលី​បើក​ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​​ប្រឡង​ចូល​សញ្ជាតិ​អ៊ីតាលី​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប Barcelona កីឡាករ Luis Suarez ខណៈ​មាន​ការ​ជាប់​ចោទ​ថា មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​គណៈកម្មការ​ប្រឡង។

ក្នុង​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋអាជ្ញា​សាធារណៈ​ក្រុង Perugia បាន​ឲ្យ​ដឹង​ថា Suarez បាន​ប្រឡង​ភាសា​អ៊ីតាលី​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា សម្រាប់​ការ​ចូល​សញ្ជាតិ​ ហើយ​តាម​ការ​រយៈ​ការ​ស៊ើបអង្កេត​ Suarez បាន​ដឹង​វិញ្ញាសា​មុន ហើយ​ពិន្ទុ​ក៏​ត្រូវ​បាន​រៀបចំ​ទុក​មុន​ដែរ។ នៅ​ថ្ងៃ​នេះ​ដែរ ខាង​ប៉ូលិស​ហិរញ្ញវត្ថុ និង​ខាង​រដ្ឋ​អាជ្ញា កំពុង​តែ​រៀបចំ​ឯកសារ​ក្នុង​វែក​មុន​ជន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​មួយ​នេះ។

  • រដ្ឋ​អាជ្ញា​គឺ​ជា​ ព្រះរាជអាជ្ញា​ក្នុង​ប្រទេស​សាធារណរដ្ឋ

ក្រៅ​ពី​នេះ​ទៀត​មាន​កាសែត​អ៊ីតាលី​បាន​ចុះ​ផ្សាយ​ពី​សំឡេង​សន្ទនា​នៃ​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​ឃុបឃិត​លើ​ករណី​នេះ។

មាន​សេចក្ដីរាយការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រសិន​បើ​ Suarez បាន​សញ្ជាតិ​អ៊ីតាលី នោះ​ពេល​កីឡាករ​រូប​នេះ​ទៅ​ Juventus ក្នុង​នាម​ជា​កីឡាករ​សហភាពអឺរ៉ុប ដែល​នឹង​ធ្វើ​ឲ្យ​ក្លឹប​ចំណេញ​បាន​កៅអី​កីឡាករ​ក្រៅ​ទ្វីប​អឺរ៉ុប។

សូម​បញ្ជាក់​ផង​ដែរ​ថា Suarez មាន​ប្រពន្ធ​សញ្ជាតិ​អ៊ីតាលី ហេតុ​ដូច្នេះ​តាម​ច្បាប់​អ៊ីតាលី កីឡាករ​រូប​នេះ​មាន​សិទ្ធិ​ដាក់​ពាក្យ​សុំ​ចូល​សញ្ជាតិ​បាន​ក្រោយ​រៀបការ​ ២ឆ្នាំ (​បើ​ស្នាក់​នៅ​ក្នុង​ប្រទេស​អ៊ីតាលី) និង ៣ឆ្នាំ​ (សម្រាប់​រស់នៅ​ក្រៅ​ប្រទេស)​។ ប្រសិន​បើ​បំពេញ​លក្ខខ័ណ្ឌ​នេះ​បាន នោះ​គេ​នឹង​ត្រូវ​ការ​មាន​ចំណេះដឹង​លើ​ផ្នែក​ភាសា​អ៊ីតាលី​កម្រិត B1 ឬ កម្រិត​មធ្យម៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី