ធ្លាយចេញមកគ្មានសល់ទេ លក្ខណៈសម្បត្តិ Google Pixel 5

  • 2020-09-23 02:10:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លក្ខណៈ​សម្បត្តិ​ទាំង​មូល​របស់​ Google Pixel 5 បាន​លេច​ចេញ​លើ​វិបសាយ​អាល្លឺម៉ង់ ​​មុន​ការ​​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​ខាង​មុខ​នេះ។

Pixel 5 នឹង​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 765G មិន​មែន​ប្រើ​ប្រាស់​បន្ទះ​ឈីប​លំដាប់ Flagship ដូច​ជា​ Snapdragon 865 ឬ 865+ នោះ​ឡើយ។ នេះ​មាន​ន័យ​ថា​សមត្ថភាព​របស់​វា​មិន​ខ្លាំង​ក្លា​ដូច​ជា​ពពួក​ស្មាតហ្វូន Flagship ដទៃ ហើយ​មាន​គាំទ្រ​ត្រឹម​សេវា​ 5G ប្រភេទ Sub-6GHz ប៉ុណ្ណោះ។

អេក្រង់​របស់ Pixel 5 មាន​ទំហំ ៦អ៊ីញ ដែល​ជា​ប្រភេទ OLED មាន​កម្រិត​បង្ហាញ​ 1080x2340ភីកសែល​ ដោយ​មាន Refresh Rate 90Hz គាំទ្រ​ដោយ​ HDR និង​មាន​ការពារ​ដោយ​កញ្ចក់ Gorilla Glass 6។ ទ្រនាប់​ស្កេន​ម្រាម​ដៃ​បំពាក់​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ មិន​បង្កប់​ក្រោម​អេក្រង់​ឡើយ។

គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ Pixel 5 នឹង​មាន​បំពាក់ RAM ទំហំ​រហូត​ដល់ ៨GB ដែល​មាន​អង្គ​ផ្ទុក​ទំហំ​ចាប់​ពី ១២៨GB។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ពីរ​គ្រាប់ ដោយ​កាមេរ៉ា​មេ​មាន​ទំហំ ១២,២MP ​មាន​ Aperture f/1.7 ជា​មួយ​​​មុខងារ​ Dual Pixel PDAF និង​មាន​មុខងារ​រក្សា​លំនឹង​ OIS និង EIS ផង​ដែរ អាច​ថត​វីដេអូ 4K/60fps និង 1080P/240fps។ មួយ​ទៀត​ជា​កាមេរ៉ា​ប្រភេទ Ultrawide ដែល​មាន​ទំហំ ១៦MP អាច​ថត​រូបភាព​ទំហំ ១០៧​ដឺក្រេ និង​មាន​ Aperture f/2.2។ សម្រាប់​កាមេរ៉ា Selfie មាន​ទំហំ ៨MP មាន Aperture f/2.0 ដែល​អាច​ថត​វីដេអូ​បាន​កម្រិត​ 1080P/30fps។

ថ្ម​របស់ Pixel 5 មាន​ទំហំ ៤០៨០ mAh ដែល​សាក​បំពេញ​តាម​ដុំ​សាក​កម្លាំង ១៨វ៉ាត់។ បន្ថែម​ពី​នេះ​វា​ក៏​មាន​គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ និង​អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​ទៀត​ដោយ​មិន​ប្រើ​ខ្សែ​បាន​ផង​ដែរ។ Pixel 5 នេះ​ដែរ​មាន​សមត្ថភាព​ការពារ​ទឹក​និង​ធូលី​ដី​កម្រិត IP68 និង​មាន​តួ​ខ្លួន​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​កែច្នៃ​ឡើង​វិញ​ ១០០%។

នៅ​តំបន់​អឺរ៉ុប​ Google Pixel 5 នឹង​មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ៦២៩​អឺរ៉ូ ហើយ​បើ​ផ្អែក​តាម​យុទ្ធសាស្ត្រ​កន្លង​មក​របស់​ Google ស្មាតហ្វូន​នេះ​អាច​នឹង​មាន​តម្លៃ​ចន្លោះ​ពី ៥៩៩​ដុល្លារ ទៅ ៦២៩​ដុល្លារ ពេល​លក់​នៅ​លើ​ទីផ្សារ​អាមេរិក៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម