ភ្ញាក់ផ្អើលហ្មងពេលឃើញលទ្ធផលតេស្តទម្លាក់ Galaxy Note20 ជាមួយ Note20 Ultra

  • 2020-09-23 07:20:32
  • ចំនួនមតិ 5 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

Galaxy Note20 និង Galaxy Note20 Ultra មាន​ចំណុច​ខុស​​គ្នា​មិន​តិច​នោះ​ទេ ដូច​ជា​​ខុស​គ្នា​ត្រង់​អេក្រង់ កាមេរ៉ា ថ្ម និង​វត្ថុ​ធាតុ​ដែល​ប្រើ​ក្នុង​ការ​ផលិត។

Galaxy Note20 Ultra ប្រើ​កញ្ចក់​​ការពារ Gorilla Glass Victus ទាំង​មុខ​និង​ក្រោយ ចំណែក Note20 វិញ​​មាន​អេក្រង់​មុខ​ការពារ​ដោយ​កញ្ចក់ Gorilla Glass 5 និង​ខ្នង​ក្រោយ​ស្រោប​ដោយ​ប្លាស្ទិក។ ពេល​នេះ​ភាព​រឹង​មាំ​របស់​ស្មាតហ្វូន​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ក្នុង​វីដេអូ​តេស្ត​ទម្លាក់​មួយ ដែល​លទ្ធផល​គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត។

វីដេអូ​ធ្វើ​តេស្ត​ទម្លាក់​ដែល​បង្កើត​ឡើង​ដោយ​ Channel ឈ្មោះ PhoneBuff បាន​ធ្វើ​តេស្ត​ការ​ទម្លាក់​ពី​ក្រោយ ទម្លាក់​ពី​មុខ​ និង​ទម្លាក់​ពី​ចំហៀង​សម្រាប់​ស្មាតហ្វូន​ទាំង​ពីរ។ ការ​តេស្ត​លើក​ដំបូង ស្មាតហ្វូន​ទាំង​ពីរ​ត្រូវ​ទម្លាក់​ដោយ​ត្រឡប់​ខ្នង​ចុះ​ក្រោម​ ទម្លាក់​លើ​​ផ្ទាំង​ស៊ីម៉ង់​មួយ​ដុំ។ ជា​លទ្ធផល​ខ្នង​ប្លាស្ទិក​របស់ Note20 មាន​ឆ្កូត​បន្តិច​ប៉ុណ្ណោះ ចំណែក​ឯ​ Note20 Ultra មាន​ប្រេះ​ស្រាំ​កញ្ចក់​ផ្នែក​កៀន​លើ​ខាង​ឆ្វេង។ នេះ​ជា​លទ្ធផល​ភ្ញាក់ផ្អើល​មួយ​បង្ហាញ​ថា​​សារធាតុ​ប្លាស្ទិក​ត្បិត​ថា​​មើល​ទៅ​មិន​ឡូយ​ឆាយ ប៉ុន្តែ​វា​រឹង​មាំ​មិន​ដូច​កញ្ចក់​ឡើយ។

ចំពោះ​ការ​ធ្វើ​តេស្ត​បន្ត​បន្ទាប់​ទៀត ស្មាតហ្វូន​ទាំង​ពីរ​សុទ្ធ​តែ​អាច​ធ្វើ​បាន​ល្អ​ដូច​គ្នា។ ចង់​ដឹង​លម្អិត​ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម