ខ្លាំង! កម្មវិធីអក្ខរកម្មឌីជីថលរបស់ Smart Axiata ឈ្នះពានរង្វាន់ពីស្ថាប័នអន្តរជាតិដ៏ល្បីមួយ
- 2020-09-24 08:23:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំង! កម្មវិធីអក្ខរកម្មឌីជីថលរបស់ Smart Axiata ឈ្នះពានរង្វាន់ពីស្ថាប័នអន្តរជាតិដ៏ល្បីមួយ
ចន្លោះមិនឃើញ
កម្មវិធីសាកល្បងស្ដីពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធ អ៉ិនធឺណិត របស់ក្រុមហ៊ុន Smart Axiata បានផ្ដល់ចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៉ិនធឺណិត ដល់សិស្សវិទ្យាល័យកម្ពុជាចំនួន ១.៥០០ នាក់ នៅរាជធានីភ្នំពេញ និងខេត្តចំនួនពីរកាលពីឆ្នាំមុននោះ នៅពេលនេះបានទទួលពានរង្វាន់ Asia Responsible Enterprise Award (សហគ្រាសមានទំនួលខុសត្រូវប្រចាំអាស៊ី) ផ្នែកពង្រឹងសិទ្ធិអំណាចសង្គម ពីអង្គការ Enterprise Asia ។
Enterprise Asia គឺជាអង្គការមិនមែនរដ្ឋាភិបាលឈានមុខគេមួយ ដែលមានគោលដៅអភិវឌ្ឍសហគ្រិនភាពនៅក្នុងតំបន់អាស៊ី ដោយមើលឃើញថាសហគ្រិនភាព ជាក្បាលម៉ាស៊ីនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងភាពជឿនលឿន។
ចាប់តាំងពីពានរង្វាន់នេះត្រូវបានប្រគល់ជាលើកដំបូងនៅក្នុងឆ្នាំ ២០០៩ មក ពានរង្វាន់ Asia Responsible Enterprise នេះ បានក្លាយជាពានរង្វាន់កិត្តិយសឈានមុខគេសម្រាប់ក្រុមហ៊ុនដែលមានទំនួលខុសត្រូវផ្នែកសង្គមទូទាំងតំបន់អាស៊ី ដោយទទួលស្គាល់ចំពោះក្រុមហ៊ុន ដែលធ្វើប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព និងបង្កើតឥទ្ធិពលវិជ្ជមានដល់សង្គម។
កម្មវិធី អក្ខរកម្មឌីជីថល និងសុវត្ថិភាពលើប្រព័ន្ធអ៉ិនធឺណិត ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Smart Axiata ក្រោមភាពជាដៃគូជាមួយ ក្រុមហ៊ុនយក្សអ៉ិនធឺណិតលំដាប់ពិភពលោក Google និងសមាគម GSMA ដែលជាសមាគមពាណិជ្ជកម្មពិភពលោក សម្រាប់ប្រតិបត្តិករបណ្ដាញទូរស័ព្ទចល័ត ។
ដោយទទួលបានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កម្មវិធីនេះត្រូវបានរៀបចំឡើងកាលពីឆ្នាំមុន សម្រាប់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។
តាមរយៈកម្មវិធីនេះ សិស្សវិទ្យាល័យចំនួន ១.៥០០ នាក់ ទទួលបានការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថលមូលដ្ឋាន និងចំណេះដឹងអំពីសារៈសំខាន់នៃលេខសំងាត់ ការគំរាមកំហែងតាមអ៉ិនធឺណិត និងភាពជាពលរដ្ឋឌីជីថល ។
កម្មវិធីនេះក៏បានបញ្ចូលវគ្គសិក្ខាសាលាបណ្ដុះបណ្ដាលលើការបង្កើតវីដេអូមានគុណភាពខ្ពស់សម្រាប់បង្ហោះតាមអ៉ិនធឺណិត ហើយវីដេអូដែលបង្កើតឡើងដោយសិស្សានុសិស្សទាំងនោះ ត្រូវបានយកទៅចូលរួមក្នុងកម្មវិធីប្រកួតមួយ ដែលជ័យលាភីទទួលបានរង្វាន់សាច់ប្រាក់សម្រាប់សាលារបស់ពួកគេ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា ៖ « ពានរង្វាន់នេះ គឺជាការទទួលស្គាល់មកលើកម្មវិធីនេះ ហើយយើងអាចនិយាយដោយក្ដីរីករាយផងដែរថា ការទទួលពានរង្វាន់នេះក៏ជាជោគជ័យដ៏អស្ចារ្យមួយសម្រាប់ក្រសួង និងសាលារៀននានា ដែលយើងបានសហការជាមួយ។ យើងនឹងបន្តកម្មវិធីនេះបន្តទៅទៀត ដើម្បីបង្កើតឥទ្ធិពលធំជាងនេះ ដល់សិស្សានុសិស្សនៅតាមវិទ្យាល័យចំនួន ៩ សាលា ក្នុងខេត្តកំពង់ចាម កំពង់ធំ និងកំពង់ឆ្នាំង នៅពេលដែលស្ថានភាព ជំងឺកូវីដ១៩ បានធូរស្រាលឡើង» ។
លោក ថូម៉ាស បានបន្ថែមទៀតថា ៖ « ជំងឺរាតត្បាតសកលវីរុសកូវីដ បានបង្រៀនយើងជាងពេលផ្សេងៗ ទៀត អំពីសារៈសំខាន់នៃអក្ខរកម្មឌីជីថលមូលដ្ឋាន សម្រាប់សិស្សានុសិស្សដែលត្រូវការប្រើប្រាស់អ៉ិនធឺណិត ក្នុងការរៀនសូត្រពីចម្ងាយ អំឡុងពេលដែលសាលារៀនត្រូវបានបិទកាលពីដើមឆ្នាំដូចដែល យើងបានឃើញស្រាប់។ ទោះបីជា យើងចង់ឲ្យសិស្សានុសិស្សខ្មែរកាន់តែច្រើនថែមទៀត អាចប្រើជំនាញអក្ខរកម្មឌីជីថលនេះក្ដី ប៉ុន្តែវា គឺជាការចាំបាច់ណាស់ដែរ ដែលពួកគេទទួលបានការបង្រៀនឲ្យស្គាល់ពីអត្ថប្រយោជន៍ផង ក៏ដូចជាកង្វល់ផ្នែកសុវត្ថិភាពផង នៅពេលដែលពួកគេប្រើប្រាស់អ៉ិនធឺណិត» ។
កម្មវិធីអក្ខរកម្មឌីជីថលនេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីនានាផ្នែកអប់រំ ពីក្រុមហ៊ុន Smart Axiata ដែលមានគោលបំណងក្លាយជាជើងឯកឌីជីថលរបស់កម្ពុជា តាមរយៈកម្មវិធីអប់រំឌីជីថល ដូចជា កម្មវិធីអាហារូបករណ៍ SmartEdu, កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ SmartEdu, និងកម្មវិធីជាច្រើនផ្សេងទៀត។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart , សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Smart For Cambodia ឬចូលទៅកាន់គេហទំព័រ Smartedu ៕