១០ចំណុចបង្ហាញថាអ្នកកំពុងគិតច្រើនជ្រុល អាចឈានទៅមានជំងឺផ្លូវចិត្ត និងដំណោះស្រាយ

  • 2020-10-04 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ផ្លូវ​ចិត្ត​ជា​ជំងឺ​មួយ​ដែល​មនុស្ស​ម្នាក់​ៗ​ងាយ​នឹង​កើត​មាន មិន​ថា​នៅ​ក្នុង​វ័យ​ណា​នោះ​ទេ ជា​ពិសេស​ គឺ​យុវជន​ក្នុង​វ័យ​ជំទង់ ដែល​អ័រម៉ូន​កំពុង​ប្រែប្រួល​ខ្លាំង ។ បញ្ហា​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ឈាន​ទៅ​ដល់​មាន​បញ្ហា​ផ្លូវ​ចិត្ត​នោះ អាច​មក​ពី សម្ពាធ​គ្រួសារ ការ​សិក្សា ការងារ សង្គម និង ស្នេហា។

ការ​គិត​ច្រើន​អំពី​បញ្ហា​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សភាព​ដូច​ជា​មនុស្ស​ឈឺ ញុំា​អី​មិន​ឆ្ងាញ់ ស្គម​ស្គាំង គេង​មិន​លក់ ខួរ​ក្បាល​ពោរ​ពេញ​ទៅ​ដោយ​ស្រមោល​ខ្មៅ ហើយ​អាច​ធ្លាក់​ខ្លួន​ក្លាយ​ជា​មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ឬ បាក់​ទឹក​ចិត្ត​ មួយ​រំពេច។

ដើម្បី​ព្យាយាម​ទាញ​ខ្លួន​ឯង​ចេញ​ពី​ពិភព​ដ៏​ងងឹត​សូន្យ​បែប​នេះ អ្នក​ត្រូវ​ដឹង​អំពី​សញ្ញា​ដែល​បង្ហាញ​ថា​អ្នក​កំពុង​តែ​គិត​ច្រើន​ជ្រុល ដែល​មាន​ដូចជា៖

១. អ្នក​ច្រើន​តែ​បារម្ភ​ពី​រឿង​អ្វី​ដែល​អ្នក​មិន​អាច​គ្រប់​គ្រង​បាន៖ អ្នក​មិន​អាច​ដាក់​ចុះ​នូវ​រឿង​មួយ​ចំនួន ​ ទោះ​បី​រឿង​នោះ​មិន​អាច​ដោះ​ស្រាយ​បាន ឬ​មិនមែន​កើតឡើង​ដោយ​សារ​តែ​អ្នក ក៏​អ្នក​មិន​ព្រម​ឈប់​គិត​ដែរ។ ហើយ​ទាយ​បញ្ហា​ទាំងអស់​មក​មក​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង។

២. អ្នក​តែង​តែ​ប្រៀប​ធៀប​ខ្លួន​ឯង ជាមួយ​អ្នក​ដទៃ៖ បច្ចុប្បន្ន មនុស្ស​ចូល​ចិត្ត​ដ្រាម៉ា ឬ ​អួត​បង្ហាញ​រឿង​ស្នេហា ជីវិត​ភាព​ជោគជ័យ​ខ្លួន​តាម​បណ្ដាញ​សង្គម។ ហើយ​ពេល​អ្នក​មើល​ឃើញ​រឿង​ទាំង​នោះ​ អ្នក​តែង​យក​វា​មក​ប្រៀប​ធៀប​នឹង​ជីវិត​ខ្លួន​ឯង ហើយ​ដាក់​សម្ពាធ​ខ្លួន​ថា​ហេតុ​អ្វី​មិន​បាន​ដូច​គេ​ជា​ដើម។

៣. អ្នក​តែង​តែ​រំលឹក​ពី​កំហុស​ខ្លួន​ឯង៖ អ្នក​មិន​អាច​លើក​លែង សូម្បី​តែ​កំហុស​ខ្លួន​ឯង​ធ្វើ​ខុស ទោះ​បី​ជា​រឿង​នោះ​បាន​កន្លង​ហួស​យូរ​យ៉ាង​ណា​ក៏​ដោយ។

៤. អ្នក​មិន​អាច​ភ្លេច​ពី​រឿង​ដែល​អ្នក​ធ្លាប់​ខ្មាស​គេ៖ វា​ជា​រឿង​អាម៉ាស់​ដែល​អ្នក​ធ្លាប់​ខ្មាស​គ​កណ្តាល​ចំណោម តែវា​បាន​កើត​ឡើង និង​ហួស​អស់​ទៅ​ហើយ​តាម​ពេល​វេលា​ ប៉ុន្តែ​ខួរ​ក្បាល​អ្នក​មិន​ព្រម​ឈប់​គិត​ពី​រឿង​នោះ​ទាល់​តែ​សោះ​។

៥. អ្នក​តែង​តែ​សួរ​ខ្លួន​ឯង​ថា​បើ​សិន​ជា៖ បើ​សិន​រឿង​នេះ​វា​កើត​ឡើង​ពេល​នោះ បើ​សិន​ពេល​នោះ​អ្នក​ធ្វើ​បែប​នេះ អណ្ដែត​ពេញ​ខួរ​ក្បាល​របស់​អ្នក ហើយ​គ្មាន​ច្រក​ចេញ​ឡើយ។

៦. អ្នក​មាន​បញ្ហា​គេង​មិន​លក់៖ ទោះ​បី​ជា​ម៉ាស៊ីន​ក៏​ត្រូវ​ការ​ពេល​សម្រាក​ដែរ តែ​ខួរ​ក្បាល​អ្នក​មិន​ព្រម​ឈប់​គិត​ឡើយ ទើប​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់។

៧. អ្នក​តែង​ចង់​នៅ​ម្នាក់​ឯង​ក្នុង​បន្ទប់​ងងឹត៖ ពេល​ពិបាកចិត្ត​ខ្លាំង​អ្នក​មិន​ចង់​ឲ្យ​គេ​​ឃើញ​អ្នក​ឡើយ​ដើម្បី​កុំ​ឲ្យ​គេ​សួរ​នាំ​ច្រើន ថា​អ្នក​មាន​បញ្ហា​អ្វី ឬ លួង​អ្នក​ជា​ដើម។ ដូច្នេះ​អ្នក​ច្បាស់ជា​សម្ងំ​ក្នុង​បន្ទប់​មិន​ចេញ​ក្រៅ ហើយ​បិទ​ភ្លើង​ដើម្បី​ឲ្យ​អ្នក​ផ្ទះ​យល់​ថា​អ្នក​មិន​នៅ​ក្នុង​បន្ទប់។

៨. គិត​អំពី​សម្ដី​អ្នក​ដទៃ៖ ទោះ​បី​ជា​រឿង​ដែល​អ្នក​ដទៃ​បាន​និយាយ មិន​បាន​ប៉ះ​ពាល់ ឬ​និយាយ​ពី​អ្នក ក៏​អ្នក​នៅ​តែ​គិត​អំពី​សម្តី​ទាំង​នោះ។

៩. គិត​អំពី​សម្ដី​ ឬ​ទង្វើ​អ្នក​ដទៃ​ទោះ​បី​ជា​អ្នក​មិន​ចូល​ចិត្ត​ក៏​ដោយ៖ អ្នក​ប្រមូល​គ្រប់​រឿង​មក​គិត ទោះ​បី​ជា​ពេល​ខ្លះ​សម្ដី ឬ​កាយវិការ​នោះ មិន​សំដៅ​​លើ​អ្នក​ក៏​ដោយ។

១០. គិត​អំពី​រឿង​អតីត និង​អនាគត៖ អ្នក​នៅ​តែ​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង ហើយ​បារម្ភ​អំពី​អ្វី​ដែល​មិន​ទាន់​កើត​ឡើង រហូត​ដល់​ភ្លេច​យក​ចិត្ត​ទុក​ដាក់​រឿង​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន។

អ្នក​ណា​ក៏​មាន​សម្ពាធ អ្នក​ណា​ក៏​មាន​បញ្ហា​ដែរ គ្រាន់​តែ​ពួក​គេ​ចេះ​រក​វិធី​ទប់​ទល់ និង​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ក្នុង​ការ​គិត​ដ៏​ងងឹត​ស្លុង​ប៉ុណ្ណោះ។ អ្នក​មិន​អាច​ប្រាប់​ខ្លួន​ឯង ឲ្យ​បញ្ឈប់​ការ​គិត​ច្រើន​បាន​ភ្លាម​ៗ​ទេ តែ​អ្នក​ត្រូវ​ព្យាយាម​បន្ធូរ​ការ​គិត​របស់​អ្នក​បន្តិច​ម្តងៗ តាម​រយៈ ៖

១. ការ​ហាត់​ប្រាណ៖ អ្នក​អាច​បន្លប់​ការ​គិត​របស់​អ្នក​មក​ធ្វើ​សកម្មភាព​ហាត់​ប្រាណ​ ឬ​លេង​​កីឡា ព្រោះ​ការ​ហាត់​ប្រាណ ដូច​ជា​ធ្វើ​យូហ្គា ហែល​ទឹក ធាក់​កង់ ឬ វាយ​សី អាច​បន្ថយ​សម្ពាធ ​បាន​មួយ​កម្រិត​ធំ​។ ពេល​អ្នក​លេង​កីឡា អ្នក​តែង​ដាក់​គោល​ដៅ​ខ្លួន​ឯង ដូចជា​ ត្រូវ​លេង​ឲ្យ​បាន​មួយ​ម៉ោង ឬ ត្រូវ​ខំ​ទាត់​បាល់​ឲ្យ​ចូល​ទី ពេល​អ្នក​សម្រេច​គោល​ដៅ​តូចៗ​នេះ អ្នក​នឹង​ទទួល​អារម្មណ៍​ថា​រីករាយ​ម្យ៉ាង។

២. និយាយ​រឿង​ក្នុង​ចិត្ត៖ អ្នក​អាច​រក​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត និយាយ​រឿង​ទុក្ខ​កង្វល់​ និង​រឿង​ក្នុង​ចិត្ត បញ្ចេញ​ចោល​នូវ​ភាព​ស្មុគ​ស្មាញ​ទាំង​ឡាយ​។

៣. ធ្វើ​ឲ្យ​ខ្លួន​ឯង​រវល់​នឹង​ការងារ​ដែល​មាន​ប្រយោជន៍៖ មិន​ថា​ធ្វើ​ការងារ​ផ្ទះ ឬ​ការងារ​អ្វី​ឡើយ ឲ្យ​តែ​អ្នក​អាច​បញ្ចេញ​កម្លាំង បញ្ចេញ​ញើស អាច​ធ្វើ​ឲ្យ​អ្នក​ធូរ​ស្រាល​មួយ​កម្រិត ហើយ​គេង​លក់​ស្រួល​ដែរ​។

៤. ទៅ​ដើរ​លេង​លំហែ​អារម្មណ៍ ៖ មិន​ថា​ដើរ​លេង​ជា​លក្ខណៈ មិត្ត​ភក្ដិ ឬ​គ្រួសារ ឲ្យ​តែ​អ្នក​គិត​ថា​ពួក​គេ ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត និង​បន្ថយ​ភាព​តាន​តឹង អ្នក​គួរ​ឆ្លៀត​ពេល​ទៅ​បញ្ចេញ​ចោល​ខ្លះ។

៥. រៀន​ហ្វឹក​ហាត់​ការ​គ្រប់​គ្រង​កំហឹង ៖ អ្នក​អាច​ធ្វើ​សមាធិ ដោយ​ការ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​តែ​មួយ​កុំ​ឲ្យ​បែក​អារម្មណ៍ ឬ ក៏​អាច​គ្រាន់តែ​ហ្វឹក​ហាត់​គ្រប់​គ្រង​អារម្មណ៍ និង​កំហឹង​ក្នុង​ខ្លួន។

៦. គិត​ដល់​រឿង​វិជ្ជមាន​ឲ្យ​ច្រើន ៖ រំពៃ​គិត​ដល់​រឿង​វិជ្ជមាន​ជាច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​អ្នក , អ្នក​មានគុណ ,​មនុស្ស​ដែល​ស្រលាញ់​អ្នក​ជា​ដើម ដើម្បី​ស្វែង​រក​កម្លាំង​ចិត្ត​ថ្មី ជម្នះ​ស៊ូ​នឹង​គ្រា​ការ​លំបាក​ កុំ​ចុះ​ចាញ់​ឲ្យ​សោះ។

៧. គេង​ឲ្យ​គ្រប់​គ្រាន់ ៖ អ្នក​គួរ​កំណត់​ម៉ោង​ចូល​គេង​ឲ្យ​ទៀង​ទាត់ គេង​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៨​ម៉ោង​ក្នុង​មួយ​យប់។ ភ្ញាក់​ពី​ព្រលឹម មើល​ថ្ងៃ​រះ​រាល់​ព្រឹក អ្នក​នឹង​ទទួល​បាន​អារម្មណ៍​ស្រស់​ស្រាយ​ជា​ចំពោះ​ថ្ងៃ​ថ្មី ។

៨. ញុំា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ៖ អាហារ​ពាក់​ព័ន្ធ​នឹ​ង​ផ្លូវ​ចិត្ត​ខ្លាំង​ណាស់ ជាក់ស្តែង​ពេល​អ្នក​មិន​សប្បាយចិត្ត​ បាន​ញុំា​របស់​ឆ្ងាញ់ៗ ឬ ម្ហូប​ដែល​អ្នក​ចូល​ចិត្ត​ នឹង​ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត ឡើង​វិញ​។ តែ​ដើម្បី​សុខភាព អ្នក​គួរ​ជ្រើស​រើស​ញុំា​បន្លែ ឬ ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។

អ្នក​គួរ​គិត​ថា «ជីវិត​ជួប​ការ​លំបាក​ច្រើន​ហើយ កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ទៀត» ដូច្នេះ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​របប​អាហារ​ឲ្យ​មែន​ទែន​៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព៖ Forbes   សុភារម្យ