បង្ហាញ​មុខ​កីឡាករ​​ស្នង​ប្រជាប្រិយភាព​របស់ McGregor នៅ​សង្វៀន UFC

  • 2020-09-30 08:56:10
  • ចំនួនមតិ 2 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ


កំពូល​អ្នក​ប្រដាល់​គុន​ចម្រុះ Israel Adesanya កំពុង​ទាក់ទាញ​ប្រជាប្រិយភាព​ខ្លាំង​នៅ​សង្វៀន UFC ដោយ​សារ​តែ​ភាព​ខ្លាំង​របស់​ខ្លួន​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​សោះ​​​ក្នុង​២០​ប្រកួត​នៃ​អាជីព​​។

Andesanya មាន​វ័យ​៣១​ឆ្នាំ​​វាយ​តំណាង​ឲ្យ​ប្រទេស​នីហ្សេរីយ៉ា។ គេ​ចាប់​ផ្ដើម​ប្រលូក​ក្នុង​អាជីព​គុន​ចម្រុះ​ដំបូង​ក្នុង​ឆ្នាំ​២០១២ ដោយ​កាល​នោះ​វាយ​ដៃ​គូ​ដែល​មាន​ឈ្មោះ​ថា James Griffiths ឲ្យ​សន្លប់​ក្នុង​ទឹក​មួយ​ក្នុង​កម្មវិធី Supermacy Fighting Championship ក្នុង​ប្រទេស​​នូវែលហ្សេឡង់។

ឆ្លង​កាត់​១១​ប្រកួត​មិន​ដែល​ចាញ់​សោះ​នៅ​ការ​ប្រកួត​ក្នុង​ទ្រុង​បាន​ទាក់​ចិត្ត​ស្ថាប័ន UFC សម្រេច​ចិត្តចុះ​កុងត្រា​​យក Adesanya នៅ​ខែ​ ធ្នូ ឆ្នាំ ២០១៧។ ប្រកួត​ដំបូង​របស់​គេ​​​​បាន​ផ្ដួល​​កីឡាករ Rob Wilkinson ​សន្លប់​នៅ​ទឹក​ទី​២ក្នុង​​ខែ កុម្ភៈ ឆ្នាំ ២០១៨ ​កម្មវិធី UFC 221។

ឈ្នះ​៦​ប្រកួត​ជាប់​គ្នា​នៅ​ស្ថាប័ន UFC គេ​ទទួល​បាន​ឱកាស​ឡើង​ប្រជែង​យក​ខ្សែ​ក្រវាត់​​​ប្រភេទ​ទម្ងន់ Middleweight ទល់​នឹង​កីឡាករ Robert Whittaker នៅ​ឆ្នាំ​២០១៩។ ប្រកួត​នោះ Israel ប្រើ​ពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​បញ្ចប់​ដៃ​គូ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី។ ទល់​នឹង​ពេល​នេះ​គេ​បាន​ចេញ​មក​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​២​ដង​ហើយ។ ចុងក្រោយ​យក​ឈ្នះ​កីឡាករ Paul Costa កាល​ពី​ថ្ងៃ​ទី ២៧ ខែ កញ្ញា​ថ្មី​ៗ​នេះ​ឯង។

តាម​រយៈ​ស្ទីល​​ឈរ​វាយ​ទល់​មុខ​ មិន​ចូលចិត្ត​ចាប់​ឱប​ Adesanya កំពុង​ក្លាយ​ជា​កីឡាករ​ដែល​អ្នក​ទស្សនា​ចង់​មើល​ការ​ប្រកួត​​របស់​គេ​បំផុត បន្ទាប់​ពី Conor McGregor ប្រកាស​ចូល​និវត្តន៍​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២០។ ២០​ប្រកួត​ក្នុង​អាជីព​គុន​ចម្រុះ​​គេ​មិន​ដែល​ចាញ់​ទេ ដោយ​ផ្ដួល​ដៃ​គូ​ឲ្យ​បោះបង់​ការ​ប្រកួត​ដល់​ទៅ​១៥​ដង។

រឿង​ពិសេស​ដែល​គ្រប់​គ្នា​គួរ​ដឹង​ក្រៅ​ពី​គុន​ចម្រុះ Israel Adesanya ក៏​ធ្លាប់​ប្រកប​អាជីព​ជា​អ្នក​ប្រដាល់​សកល​និង Kickboxing ផង​ដែរ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ