សម័យឥឡូវការហើយយប់ឡើងផ្សំដំណេក តែពីដើមវិញទម្រាំបានផ្សំ ចង់ខ្ជិលបាត់
- 2020-10-06 09:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម័យឥឡូវការហើយយប់ឡើងផ្សំដំណេក តែពីដើមវិញទម្រាំបានផ្សំ ចង់ខ្ជិលបាត់
ចន្លោះមិនឃើញ
ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរតាំងបុរាណ គឺមានច្រើនពិធីណាស់ រហូតដល់៣យប់៣ថ្ងៃទើបចប់ពិធី មិនមែនដូចបច្ចុប្បន្នទេ។ ក្នុងនោះសូម្បីតែពិធីផ្សំដំណេក ក៏មិនមែនចេះតែផ្សំនោះទេ គឺត្រូវឆ្លងកាត់ពិធីជាច្រើនដំណាក់កាលទៅតាមលំដាប់លំដោយ។ បើតាមការរៀបរាប់របស់ លោកតា អាចារ្យ អែម ចន ប្រាប់ថាក្នុងពិធីផ្សំដំណក ចាស់ៗពីដើមក្នុងសង្គមខ្មែរ តែងធ្វើ ៥ពិធីសិន ព្រោះមានជំនឿថា ក្រោយក្លាយជាប្ដីប្រពន្ធនឹងគ្នាហើយ គឺរស់នៅបានសុខរកស៊ីមានបាន កើតមាស កើតប្រាក់ ដូចគេចាក់គរ។
**១. ពិធីរាំលុបជើងពីរ**
ពិធីនេះ ត្រូវបានធ្វើឡើងក្នុងថ្ងៃទី ៣នៃពិធីមង្គលការខ្មែរពីបុរាណ គឺមុនពិធីផ្សំដំណេកចូលមកដល់។ លោកតា អែម ចន ប្រាប់ទៀតថា បន្ទាប់ពីឲ្យកូនកំលោះ តោងស្បៃកូនក្រមុំ ចូលក្នុងបន្ទប់ហើយនោះ មេបាកូនស្រី ចូលទៅណែនាំកូនស្រី អំពីការរៀបចំបម្រើប្ដី ការដោះសំលៀកបំពាក់ឱ្យប្ដីជាដើម។ បន្ទាប់មកមេបាឱ្យអ្នកភ្លេងលេងបទ រាំលុបជើងពីរ បំបាត់ចង្រៃ។ អ្នកភ្លេងលេង អ្នកច្រៀងអង្គុយចោងហោងស្រែកច្រៀង យកដៃវាសលុបស្នាមជើង ខិតថយក្រោយដូចជាលុបស្នាម ជើងមនុស្សមែនទែន។ រួចមេបាឲ្យរាំសាកន្ទេល។
២. ពិធីរាំសាកន្ទេល
មកដល់ពិធីនេះ លោកតាអាចារ្យ អែម ចន ប្រាប់ថា មេបាត្រូវឱ្យអ្នកភ្លេងលេងបទ រមូរកន្ទេល ឬបទស្មោង ឬក៏បទអុំទូក។ អ្នកចម្រៀងត្រូវច្រៀងសរសើរពីគុណសម្បត្តិកន្ទេល ហើយរៀបរាប់ថា បើអ្នកមានវាសនាល្អ បានដេកលើកន្ទេលនេះ នឹងកើតមាសកើតប្រាក់ ដូចគេគរ រួចយកដៃចាប់កន្ទេលមូរសន្សឹមៗ រហូតបានសម្រេចយកកន្ទេលមកលើស្មា។
៣. ពិធីលក់កន្ទេល
បន្តមកទៀត ក៏ដល់ពិធីលក់កន្ទេល អ្នកភ្លេងពីរនាក់ ដើរប្រទក្សិណ រួចច្រៀងពោលសរសើរគុណសម្បត្តិ កន្ទេលដែលខ្លួនលីនោះថា៖ បើលោកអ្នកណា បានសម្រាន្តលើកន្ទេលនេះ នឹងឡើងបុណ្យមានទ្រព្យសម្បត្តិច្រើន។ ចំណែកសាមីខ្លួន ទាំងពីរនាក់ប្ដីប្រពន្ធ ស្លៀកពាក់ស្អាតបាតមកអង្គុយក្បែរ រង់ចាំទិញកន្ទេលនេះ តាមការពេញចិត្ត។
៤. ពិធីសំពះផ្ទឹមខាងប្រុស
បន្ទាប់ពីចប់ពិធី លក់កន្ទេលគឺ មកដល់ពិធីនេះវិញ នៅលើផ្ទះកូនស្រី មេបាចាស់ទុំទាំងអស់ នាំកូនប្រុសស្រី ទៅសំពះផ្ទឹមគោរពជីដូនជីតាខាងប្រុស នៅរោងខាងប្រុសម្ដងទៀត។ អ្នកខ្លះហៅថា ពិធីសង្កត់រោង។
៥. ពិធីផ្សំដំណេក
លោកតា អាចារ្យ អែម ចន ប្រាប់ទៀតថា ចប់សព្វគ្រប់ពិធីទាំងអម្បាលម៉ាន ខាងលើនេះហើយ ម៉ោង ៨-៩ យប់ពិធីផ្សំដំណេកបានមកដល់។ ចាស់ៗពីដើម តែងរើសនារីពីររូប ដែលមានខាន់ស្លាមិនអភ័ព្វ មានអាយុច្រើន និងត្រូវជាញាតិខាងស្រី ជាអ្នកចេះដឹងពីពិធីផ្សំដំណេកច្បាស់លាស់។ តាំងពីបុរាណមក ចាស់ៗតែងរៀបចំ បាយសីមួយគូ ចង្អាបមួយថាស បង្អែមមួយថាស និងដូងខ្ចីមួយសែនឱ្យដូនតា។
បន្ទាប់មកទៀតកូនក្រមុំត្រូវដួសទឹកដូងបញ្ចុកកូនកំឡោះ ៣ស្លាបព្រា រួចបង្គាប់ឱ្យកូនស្រីយកចេក ពេលា ដែលអាចារ្យប្រគល់ឱ្យបញ្ចុកកូនកំឡោះ រួចកូនកំឡោះបញ្ចុកឱ្យកូនក្រមុំវិញ។ បន្តពីនោះទៀតនារីពីរនាក់នោះ ផ្ដែផ្ដាំ ប្រដៅតាមប្រពៃណី ផ្ដាំឱ្យកូនប្រុសដេកខាងស្ដាំ រីឯកូនស្រីដេកខាងឆ្វេង។ ផ្ដាំរួចហើយ នារីពីរនាក់នោះចេញក្រៅ ទុកឱ្យកូនក្រមុំ កូនកំឡោះ នៅតែពីរនាក់ក្នុងបន្ទប់ចាប់ផ្ដើមយុទ្ធនាការ៕