ព្រឹកនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មី ១នាក់ ជាស្រ្តីជនជាតិបារាំង

  • 2020-10-10 00:27:51
  • ចំនួនមតិ 1 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

ក្រសួងបានប្រកាសនៅព្រឹកថ្ងៃទី ១០ ខែតុលានេះថា បានរកឃើញអ្នកវិជ្ជមានកូវីដចំនួន១នាក់ថ្មី លើស្រ្តីជនជាតិបារាំង ។

ក្រសួងបានលម្អិតនៅក្នុងរបាយការណ៍ថា ស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ ជា អ្នកធ្វើដំណើរពីប្រទេសបារាំង ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃ ទី០៨ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ គឺ វិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្ន អ្នកជំងឺ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល

នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៥៩នាក់ (ស្រី ១៨នាក់) ដែលក្នុងចំនួននេះ មានស្ត្រីជនជាតិបារាំងអាយុ ៣៣ឆ្នាំខាងលើ។ រីឯ អ្នកដំណើរចំនួន ៥៨ នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន ០៦នាក់ សណ្ឋាគារមួយនៅរាជធានីភ្នំពេញចំនួន ១៣នាក់ សណ្ឋាគារ មួយទៀតក្នុងរាជធានីភ្នំពេញ ចំនួន ០១នាក់ សណ្ឋាគារផ្សេងទៀតនៅរាជធានីភ្នំពេញចំនួន ០៤នាក់ សណ្ឋាគារមួយទៀតក្នុងរាជធានីភ្នំពេញចំនួន ៣៣នាក់ និងសណ្ឋាគារមួយផ្សេងទៀតក្នុងរាជធានីភ្នំពេញដែរចំនួន ០២នាក់ ។

ទន្ទឹមនឹងនេះ ក្រសួង សូមធ្វើការកែតម្រូវនូវព័ត៌មានរបស់បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ដែលកំពុង សម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានផ្សាយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ ថា បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសកូរ៉េខាងត្បូង ប៉ុន្តែតាមការសួរបញ្ជាក់ ពីសាមីខ្លួន ឡើងវិញ គឺបុរសរូបនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ហើយបានបន្តជើងហោះហើរនៅប្រទេស កូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវី១៩ សរុបចំនួន ២៨៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ២៧៧នាក់ និង អ្នកកំពុងសម្រាកព្យាបាលនៅពេទ្យ សរុប០៦នាក់ ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា