ភាពយន្ត ១០​រឿង​នេះ ដឹង​តែ​ត្រូវ​ចិត្ត​អ្នក​ចូល​ចិត្ត​បាល់​ទាត់ហើយ!

  • 2020-10-27 09:42:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

បាល់​ទាត់​ គឺ​​​ជា​ប្រភេទ​កីឡា​ដែល​ពេញ​និយម​ និង​​មាន​អ្នក​គាំទ្រ​ច្រើន​ជាង​គេ​ជុំ​វិញ​ពិភពលោក​។ ប្រជាប្រិយ​ភាព​របស់​​​ប្រភេទ​កីឡា​ដែល​គេ​ចាត់​ទុក​ជា​ស្ដេច​ប្រចាំ​ចក្រភព​អង់គ្លេស​នេះ ត្រូវ​បាន​ផលិតករ​ និង​អ្នក​និពន្ធ​ផលិត​ចេញ​ជា​ខ្សែ​រឿង​ យ៉ាង​ជក់​ចិត្ត និង​ពោរពេញ​ដោយ​អត្ថន័យ​កាត់​ថ្លៃ​ពុំ​បាន​សម្រាប់​អ្នក​គាំទ្រ។

ទាំង​នេះ​គឺ​ជា​ភាពយន្ត​ទាំង​១០​ដែល​អ្នក​គួរ​ទស្សនា​ ប្រសិន​​ខ្លួន​ជា​អ្នក​ងប់ងុល​និង​បាល់​ទាត់៖

១ The Damned United

អ្នក​គាំទ្រ​បាល់​ទាត់​​ប្រាកដ​ជា​ធ្លាប់​ឮ​ហើយ​ឈ្មោះ Brian Clough។ ចំណែក​រឿង “The Damned United” គឺ​ជា​ភាពយន្ត​ដែល​រៀប​រាប់​ពី​រឿង​រ៉ាវ​របស់​អ្នក​ដឹក​នាំ​ក្រុម​បាល់ទាត់​ជនជាតិ​​អង់គ្លេស​​​​​​ រូប​នេះ​ខណៈ​​លោក​បាន​ចេញ​ទៅ​គ្រប់គ្រង​​ក្លឹប​ Leeds United Football​ រយៈ​ពេល​៤៤​ថ្ងៃ ក្នុង​ឆ្នាំ​១៩៧៤​ នៅ​ចក្រភព​អង់គ្លេស​។​​​​​​​​​

​២ Green Street Hooligans

​ជា​ភាពយន្ត​​និយាយ​ពី​សង្គ្រាម​បាល់ទាត់​​ ដែល​កើត​ឡើង​ ក្រោយ​​​សិស្ស​​​ត្រូវ​បាន​បណ្ដេញ​​ចេញ​ពី​សាកលវិទ្យាល័យ​។

ខ្សែ​រឿង​នេះ​ត្រូវ​បាន​ផលិត​ដោយ​បំប្លែង​​ពី​ខ្សែ​ជីវិត​ពិត​របស់​លោក​ Matt Buckner ​ក្រោយ​លោក​បោះ​បង់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Harvard និង​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​ដើម្បី​ក្រេប​យក​បទ​ពិសោធន៍​ជីវិត​ ក្នុង​ពិភព​បាល់ទាត់​ និង​ក្រុម​បង​តូច​បង​ធំ​នៅ​ជុំវិញ​ខ្លួន។ ​​​​​

៣ Fifteen Minutes That Shook The World

សម្រាប់​អ្នក​គាំទ្រ Liverpool ​ដែល​កំពុង​អាន​​អត្ថបទ​នេះ​ទាំង​អស់ ត្រូវ​តែ​មើល​រឿង​កុំ​ឲ្យ​រំលង​ឲ្យ​សោះ។ ៤៥​​នាទី​ពី​រឿង​រ៉ាវ​ផ្ទៃ​ក្នុង​ដ៏​អាម៉ាស់ និិង៤៥​នាទី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពេញ​ទី​ក្រុង​លត់​ជង្គង់ គឺ​ជា​ភាពយន្ត​បែប​កំប្លែង​ដ៏​កម្រ​ សម្ដែង​ពី​ការ​លើក​ពាន​ UEFA Champions League Final ដែល​ Liverpool ធ្វើ​បាន​ជា​មួយ​​លទ្ធផល​៣-០ ត្រឹម​ពាក់​កណ្ដាល​ម៉ោង​ ក្នុង​ឆ្នាំ២០០៥។​​​

៤ Goal! The Dream Begins

ភាពយន្ត​បែប​ត្រី​វិនាដសាស្រ្ត បូក​និង​ទណ្ឌកម្ម​ FIFA នេះ​ ជា​រឿង​និយាយ​ពី​ជីវិត​បុរស​ចុងភៅ​ឈ្មោះ Santiago Muñez ជា​ជនជាតិ​ម៉ិកស៊ីកូ​​​​ម្នាក់​ ​ដែល​ដើរ​តាម​ក្ដី​សុបិន​ចង់​ក្លាយ​ជា​កីឡាករ​បាល់​ទាល់​អាជីព​ដ៏​ល្បី​ល្បាញ​លើ​ពិភព​លោក។ ​​

៥ Goal II: Living the Dream

អាជីព​បាល់​ទាត់​របស់​ Santiago Muñez នៅ​តែ​បន្ត ហើយ​លោក​ទទួល​បាន​ឱកាស​ប្ដូរ​ពី​ក្លឹប​ Newcastle ទៅ​ក្រុម ​Galacticos ដ៏​ល្បី​របស់​ Real Madrid ថែម​ទាំង​បាន​លេង​​ជា​​មួយ​កីឡាករ​ល្បីៗ​​​ដូច​ជា Ronaldo, Zinedine Zidane និង​ David Beckham ជា​ដើម។ ក្រោយ​មក​លោក​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​នារី​ម្នាក់ និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​ម្ដាយ​ដែល​ធ្លាប់​តែ​បោះ​បង់​កន្លង​មក​។ ​​​​

៦ One Night In Turin

ជា​ភាពយន្ត​ដែល​រម្លឹក​ពី​វិញ្ញាណ​របស់​ក្រុម​ប្រកួត​​ World Cup ឆ្នាំ​1990​ ​ដែល​បាន​ផ្លាស់​ប្ដូរ​ចក្រភព​អង់គ្លេស​ពី​ប្រទេស​ដែល​គេ​ស្គាល់​ថា​សម្បូរ​ដោយ​ជន​អន្ធពាល​ ​ឲ្យ​ក្លាយ​ជា​ជាតិ​សាសន៍​ដ៏​ថ្លៃ​ថ្នូរ​។

៧ Bend It Like Beckham

ជា​ភាពយន្ត​​ថ្លែង​ពី​​​ក្មេង​​ស្រី​ជនជាតិ​ឥណ្ឌា​​​ដែល​រស់​ក្រោម​គំនាប​ដ៏​តឹង​រឹង​របស់​ឪពុកម្ដាយ​​​ក្នុង​ទី​ក្រុង​ឡុង​ និងមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដឹក​នាំ​ក្រុម​បាល់ទាត់​ទោះ​នាង​មាន​វ័យ​១៨​ឆ្នាំ​ក្ដី​​។

នាង​តែង​តែ​រក​លេស​ជា​ច្រើន​កុហក​គ្រួសារ ដើម្បី​បាន​ចេញ​ទៅ​​​ហាត់​បាល់​ ខណៈ​ខ្លួន​ក៏​ត្រូវ​ដោះ​ស្រាយ​បញ្ហា​យ៉ាង​​​សន្ធឹក​ជា​មួយ​គ្រូ​បង្វឹក​ដ៏​រ៉ូមេនតិច​របស់​នាង​ដែរ។

៨ The Arsenal Stadium Mystery

ជា​​ប្រភេទ​រឿង​ស៊ើប​អង្កេត ដែល​ត្រូវ​វែក​មុខ​អ្នក​បង្ក​ហេតុ​ និង​អង្កេត​លើ​ករណី​​ដែល​តារា​បាល់​ទាត់​ម្នាក់​ត្រូវ​បាន​បំពុល​ស្លាប់​ក្នុង​កំឡុង​ពេល​ប្រកួត​ធំ​មួយ។

៩​ The Miracle Of Bern

ភាពយន្ត​នេះ​ ទាក់ទង​នឹង​ក្រុម​កីឡា​បាល់​ទាត់​អាល្លឺម៉ង់​ដែល​ឈ្នះ​ជើង​ឯក​ឆ្នាំ១៩៥៤ ។ រឿងរ៉ាវ​របស់​វា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​រឿង​២​ផ្សេង​ទៀត​៖

  • ១ ក្រុម​គ្រួសារ​របស់​ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​បំបែក​ដោយ​សារ​ព្រឹត្តិការណ៍​សង្គ្រាម​លោក​លើក​ទី ២ ហើយ​ឪពុក​ត្រឡប់​មក​ពី​ប្រទេស​រុស្ស៊ី​វិញ​បន្ទាប់​ពី​ជាប់​គុក​១១​ឆ្នាំ។ ​
  • ២ គឺ​រឿង​របស់​​​អ្នក​យក​កាសែត និង​ភរិយា​​ ដែល​បាន​ធ្វើ​ដំណើរ ​ទៅ​យក​ព័ត៌មាន​ និង​រាយការណ៍​ពី​ការ​ប្រកួត World Cup ឆ្នាំ​នោះ។

១០ When Saturday Comes

រៀប​រាប់​ពី​រឿង​រ៉ាវ​របស់​បុរស​ម្នាក់​ដែល​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​បាល់ទាត់ តែ​ខ្លួន​មាន​ទម្លាប់​ប្រមឹក​ខួប​ ដោយ​ទៅ​ណា​មក​ណា តែង​តែ​មាន​គ្រឿង​ស្រវឹង​តាម​ខ្លួន​ជានិច្ច។

សុបិន​ដែល​ចង់​បង្កើត​ក្រុម​ឲ្យ​​ Sheffield United ទំនង​មិន​អាច​ទៅ​រួច​។ យ៉ាង​ណា​ ក្រោយ​ចាប់​មាន​ចំណង​ស្នេហ៍​ជា​មួយ​ស្រី​ស្អាត​ Annie និង​ប្រទាក់​ខ្សែ​ភ្នែក​ជា​មួយ​គ្រូ​បង្វឹក​​Ken​ អំឡុង​​ការ​ប្រកួត​ស្ម័គ្រ​ចិត្ត​។ ខ្សែ​ជីវិត​របស់​លោក​ហាក់​ប្រែ​ប្រួល ហើយ​ត​ទៅ​ទៀត គឺ​ជា​ដំណើរ​ការ​បង្កើត​ក្រុម​កីឡា​របស់​លោក៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ទារិកា