យក iPhone 12 សាកបាញ់ហ្គេម បានលទ្ធផលខកចិត្តស្ដូក

  • 2020-11-03 02:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ការងារ PhoneArena បាន​ធ្វើ​តេស្ត​ថាមពល​ថ្ម​លើ iPhone 12 និង iPhone 12 Pro ​ដែល​​​ចំពោះ​ការ​លេង​ហ្គេម ទទួល​បាន​ត្រឹម​លទ្ធផល​ដែល​អាច​ធ្វើ​ឲ្យ Gamer មួយ​ចំនួន​ត្រូវ​ខក​ចិត្ត។

ធ្វើតេស្តលេងហ្គេម

iPhone 12 និង iPhone 12 Pro អាច​ទ្រាំទ្រ​ការ​លេង​ហ្គេម​បាន​ត្រឹម​រយៈពេល ៣​ម៉ោង និង​១​នាទី ប៉ុណ្ណោះ ខ្សោយ​ជាង iPhone 11 ដែល​អាច​ទ្រាំទ្រ​បាន ៧​ម៉ោង ៣៧នាទី និង iPhone 11 Pro ​លេង​បាន ៦​ម៉ោង ៣៨​នាទី។

​គេ​បាន​ធ្វើ​តេស្ត​ដោយ​សាក​ថ្ម​ឲ្យ​ពេញ​សិន បន្ទាប់​មក​ចាប់​ផ្ដើម​លេង​ហ្គេម 3D មួយ​ចំនួន ដូច​ជា Call of Duty Mobile និង Minecraft។ អំឡុង​ពេល​សាក​ល្បង iPhone 12 ទាំង​ពីរ​ឆាប់​ឡើង​កម្ដៅ​ខ្លាំង ធ្វើ​ឲ្យ​ថាមពល​ថ្ម​ស្រក​ចុះ​លឿន។

ដោយ​ឡែក​​សម្រាប់​ការ​ធ្វើ​តេស្ត​បើក​វិបសាយ​វិញ iPhone 12 អាច​ធ្វើ​បាន​ល្អ​ជាង iPhone 11 Pro និង​ iPhone 11 ​ដោយ​អាច​ទ្រាំទ្រ​បាន​រយៈ​ពេល​ដល់ ១២ម៉ោង ៣៣​នាទី។

ធ្វើតេស្តបើកវិបសាយ

ចូល​ដល់​ការ​ធ្វើ​តេស្ត​ទស្សនា​វីដេអូ​លើ YouTube ជាប់​វិញ iPhone 12 និង iPhone 12 Pro អាច​ធ្វើ​បាន​ល្អ​ជាង iPhone 11 Pro បន្តិច​ ប៉ុន្តែ​នៅ​ចាញ់ iPhone 11 បន្តិច​បន្តួច​ផង​ដែរ។

ធ្វើតេស្តទស្សនាវីដេអូ YouTube

គួរ​ដឹង​ថា​ Apple បាន​បន្ថយ​ទំហំ​ថ្ម​ iPhone 12 ទាំង​អស់​ប្រមាណ ១០% បើ​ធៀប​នឹង iPhone ឆ្នាំ​មុន ប៉ុន្តែ Apple ធ្លាប់​អះអាង​ថា​ iPhone 12 អាច​កាន់​ថ្ម​បាន​​ល្អ​ប្រហាក់ប្រហែល​នឹង​ត្រកូល​ iPhone 11 ​ដែរ៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម