ទាំង ថៅកែ ទាំងតារាចម្រៀង ម្នាក់អតីតក្មេងស្រីស្មូតតាមវត្ត ម្នាក់ជាពលករធ្វើការដូរបាយ ឥឡូវជោគជ័យខ្លាំង!
- 2021-02-08 05:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំង ថៅកែ ទាំងតារាចម្រៀង ម្នាក់អតីតក្មេងស្រីស្មូតតាមវត្ត ម្នាក់ជាពលករធ្វើការដូរបាយ ឥឡូវជោគជ័យខ្លាំង!
ចន្លោះមិនឃើញ
ឆាកជីវិតពិតពិបាកស្មាន ប៉ុន្តែការតស៊ូមិនទម្លាក់ដៃចុះ រមែងហុចផលល្អ ដូចយ៉ាងថៅកែ ក៏ដូចជាចាងហ្វាងផលិតកម្ម Galaxy Navatra និងតារាចម្រៀង តន់ ច័ន្ទសីម៉ា សុទ្ធតែចាប់ផ្ដើមពីកន្លែងតូចទាបមក រហូតដល់បច្ចុប្បន្ន ពួកគេជោគជ័យហួសការស្មាន។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ ឆាកជីវិតរបស់ចាងហ្វាង Galaxy Navatra បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ក្រញាងម្ដងហើយម្ដងទៀត ដោយសារតែរឿងដែលបានកើតឡើង គឺហួសពីការគួរឲ្យជឿ ប៉ុន្តែវាជាការពិតទៅហើយ។ បកទៅកាលពីជាង ១០ឆ្នាំមុន ឡេង ណាវ៉ាត្រា គ្រាន់ជាឈ្មោះពលករម្នាក់នៅប្រទេសកូរ៉េខាងត្បូង ប្រើកម្លាំងធ្វើការដើម្បីដូរបាយប៉ុណ្ណោះ ក្រោយពីសុខចិត្តចាកចោលភូមិឋានកំណើតនៅខេត្តព្រៃវែងទៅធ្វើការដើម្បីរើបម្រាស់ពីភាពទីទ័ល។
អំឡុងពេលធ្វើជាពលករ ដោយមានគោលដៅជីវិត ចង់មានចង់បាន ណាវ៉ាត្រា បានយកលុយសន្សំរបស់ខ្លួន ដែលខំស៊ីអត់ស៊ីឃ្លានធ្វើការនៅប្រទេសគេនោះ ផ្សែផ្សំជាមួយនឹងលុយកម្ចីសាច់ញាតិខ្លះបានចំនួន ១ម៉ឺនដុល្លារ និងលុយកម្ចីធនាគារបាន ៣ម៉ឺនដុល្លារទៀត យកទៅទិញដីមួយទំហំ ២៨x៥០ម៉ែត្រ កន្លែងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ ក្នុងតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក។
តែ១ឆ្នាំប៉ុណ្ណោះ ដីមួយកន្លែងនោះ ប្រែប្រួលហាងឆេងខ្លាំង លោកក៏លក់វិញបានជាង ១០ម៉ឺនដុល្លារអាមេរិក។ បានប្រាក់ចំណេញពីការលក់អចលនទ្រព្យទី១របស់ខ្លួន ណាវ៉ាត្រា មិនបានយកទៅហ៊ឺហា សម្ភារៈនិយមអ្វីឡើយ ប៉ុន្តែបានយកទៅទិញដីឡូតិ៍ជាច្រើនទៀតនៅជាយរាជធានី។ លោកក៏កាន់តែជោគជ័យខ្លាំងឡើងជាមួយជំនួញដីទាំងនោះ ហើយក្រោយមក អ្នកព្រៃវែងរូបនេះ ក៏ងាកមកវិនិយោគសំណង់លំនៅឋានម្ដង។
មិនថា ជំនួញដីឡូតិ៍ ឬសំណង់លំនៅដ្ឋាន សុទ្ធតែផ្ដល់ផ្លែផ្កាល្អ ហើយវាបានក្លាយជាមុខជំនួញធំបំផុតសម្រាប់អតីតពលកររូបនេះមកដល់បច្ចុប្បន្ន និងរឹតតែជោគជ័យខ្លាំង ក្រោយពីលោកមានកេរ្តិ៍ឈ្មោះល្អនៅក្នុងសង្គម មានគេស្គាល់ច្រើន។ ជាក់ស្ដែងគម្រោងដីឡូតិ៍ទី១នៅខេត្តសៀមរាប ដែលបើកលក់កាលពីពីរសប្ដាហ៍មុននេះ មានចំនួនឡូតិ៍សរុបជាង ២ម៉ឺនឡូតិ៍ ត្រូវលក់ដាច់អស់គ្មានសល់ ត្រឹមតែរយៈពេល ១ថ្ងៃប៉ុណ្ណោះ។
អំឡុងជោគជ័យលើមុខជំនួញ អតីតពលករ ឡេង ណាវ៉ាត្រា ដែលធ្លាប់ជាក្រខ្សត់ស្ទើររកបាយហូបមិនបាននោះ ក៏បានឆ្លៀតចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនានាជាមួយរាជរដ្ឋាភិបាលយ៉ាងច្រើន។ តបនឹងសកម្មភាពនេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងជាឧកញ៉ា កាលពីថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ ២០១៨ តែម្ដង។ បន្តមក លោកក៏ទទួលបានការតែងតាំងម្ដងទៀតតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រក្លាយជា "អ្នកឧកញ៉ា" កាលពីខែមុននេះ ក្រោយបានជួយរាជរដ្ឋាភិបាល ដោះស្រាយការលំបាកខ្លះលើគ្រោះទឹកជំនន់ និងកូវីដ១៩។
តន់ ចន្ទសីម៉ា៖ ងាកមកទសីម៉ា វិញ ក៏មានការផ្លាស់ប្ដូរស្ទើរ ១០០ដឺក្រដែរ ពីកុមារីដើរស្មូតតាមវត្ត មកក្លាយជាតារាស្រីលំដាប់កំពូលមួយរូបនាពេលបច្ចុប្បន្ន។ ចំណុចនេះ សូម្បីសាមីខ្លួន នឹកស្មានមិនដល់ឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ពិសេស គឺអាចច្រៀងឆ្លងឆ្លើយជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចជាពេលនេះ។
កញ្ញា តន់ ចន្ទសីម៉ា គឺជាក្មេងមាននិស្ស័យសិល្បៈតាំងពីកំណើត នាងមានកំណើតមកពីខេត្តតាកែវ ដែលមានឪពុកជាមន្ត្រីរាជការ ម្ដាយជាស្ត្រីមេផ្ទះ។ នាងជាកូនទី៣ ក្នុងចំណោម៤នាក់សុទ្ធតែស្រី។ សីម៉ា មាននិស្ស័យលើសិល្បៈតន្ត្រីតាំងពីតូចៗមក ពោលគឺតាំងពីនាងទើបមានអាយុ ៥ឆ្នាំម្ល៉េះ។កាលនៅសិក្សានៅស្រុកកំណើត នាងធ្លាប់ជា សិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្ត តាកែវ។
ដោយសារនិស្ស័យសិល្បៈដុះដាលក្នុងចិត្តតាំងពីនាយបែបនេះ ផ្សំនឹងការសិក្សាបញ្ចប់ថ្នាក់ទី១២ផង សីម៉ា ក៏បានសម្រេចចិត្តចាកចោលភូមិស្រុកឡើងមកបន្តការសិក្សានៅភ្នំពេញនាដើមឆ្នាំ ២០១៧ ក្នុងដែលពេលនោះ នាងទើបមានអាយុ ១៧ឆ្នាំ។ តារាចម្រៀងតូចច្រឡឹង ប្រាប់ថានៅលើដីក្រុង គឺមានតែនាងម្នាក់ឯង គ្មានគ្រួសារ សាច់ញាតិអ្វីដែលអាចពឹងពាក់បានឡើយ។ ដូច្នេះហើយ រឿងត្រូវធ្វើគឺត្រូវខំរស់ដោយខ្លួនឯង ព្រោះស្ថានភាពគ្រួសារ ក៏មិនធូរធារដែរ។
ស្ថានភាពនេះ សីម៉ា ប្រាប់ថា សំអាងលើទេពកោសល្យសិល្បៈចម្រៀងរបស់នាង នាងក៏ចេញរកការងារធ្វើ ហើយចាត់ជាភ័ព្វល្អ នៅខ្ទង់ពាក់កណ្ដាលឆ្នាំ ២០១៧ នាងត្រូវបានថៅកែហាងមួយ ព្រមទទួលយកនាងធ្វើជាតារាចម្រៀងក្នុងហាងរបស់ខ្លួន ហើយពេលនោះ ជីវិតតស៊ូ ជាអ្នករៀនផង ធ្វើការផង ក៏បានចាប់ផ្ដើម។ ចូលច្រៀងក្នុងហាងខាងលើនោះ សីម៉ា ត្រូវបានថៅកែផ្ដល់ប្រាក់ខែ ៤៥០ដុល្លារក្នុង១ខែ។
ចំនួននេះ តារាស្រីលើកឡើងថា សមល្មមនឹងអាចឲ្យនាងរស់បានណាស់ទៅហើយ ហើយរឹតតែសប្បាយចិត្តទៅទៀតព្រោះ នាងមិនដែលសង្ឃឹមថា អាចឲ្យនាងរកចំណូលបានគួរសមសម្រាប់ផ្គត់ផ្គង់ខ្លួនឯងដោយសារទេពកោសល្យខាងចម្រៀងនេះសោះ។ ក្រោយពីច្រៀងនៅហាងបានមួយរយៈធំ នាងក៏បានឈប់ហើយក៏បានដាក់ពាក្យប្រឡងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករៀបចំដោយទូរទស្សន៍មួយក្នុងស្រុកនៅឆ្នាំ ២០១៨។
ចុងក្រោយបំផុត នាងក៏ត្រូវបានផលិតកម្ម Galaxy ហៅចូល ធ្វើជាតារាចម្រៀងកុងត្រាកាលពីដើមឆ្នាំ ២០១៩។ នៅក្នុងផលិតកម្មនេះ តារាចម្រៀងវ័យ ២២ឆ្នាំ មានបទជាច្រើនបានចេញលើទីផ្សារ សុទ្ធជាបទ ពេញនិយមដូចជាបទ "មិនស្មោះ ស្រឡាញ់រកងាប់អី" “យល់ច្រឡំគេស្រឡាញ់យើង" “គេនោះជាស្រីកាប់ដាវ"បទ”ដណ្ដឹងអូនទៅ”បទ”ចង់សុំ Wifi “និងបទ "ឡានស៊ីរ៉ែន" ជាដើម។
នៅក្នុងផលិតកម្មខាងលើ សីម៉ា បានសាងប្រវត្តិសាស្ត្រយ៉ាងច្រើន ដោយក្នុង១ឆ្នាំ២០២០ នាងបានវ៉ាដាច់គេទាំងអស់ ក្នុងនាមជាតារាចម្រៀងស្រី ដែលមានអ្នកចូលទស្សនាបទចម្រៀងសរុបលើយូធូបរហូតដល់ទៅ5០០M ។នេះបើតាមរបាយការណ៍ Galaxy Navatra។ លទ្ធផលនេះ នាង ត្រូវបានផលិតកម្មGalaxy Navatra ចាប់ផ្គូឲ្យនាងច្រៀង ដៃគូជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គួរឲ្យភ្ញាក់ផ្អើល។
បច្ចុប្បន្ន ដៃគូចម្រៀងខុសវ័យនេះ កំពុងអង្រួនបេះដូងអ្នកស្ដាប់ តាមរយៈស្ទីលថ្មី ចម្រៀងរសជាតិថ្មី ពីរោះៗ គួរឲ្យចង់រាំ តាមរយៈបទចម្រៀងច្រៀងរួមគ្នាជាច្រើនបទ សុទ្ធជាប្រភេទបទសម្រាប់រាំលេងនាឱកាសបុណ្យចូលឆ្នាំខាងមុខ។
បទចម្រៀងរបស់ពួកគេ ត្រូវបានផលិតកម្មសម្រុកចេញលើទីផ្សារលឿនដូចព្យុះ ដែលមកទល់បច្ចុប្បន្នមានជិត ១០បទហើយ មានដូចជាបទ "កាត់ឆុង" “អរគុណកាមេរ៉ា" “រកស៊ីជាមួយយក្ស" “ប្រហុក" និងបទ "លក់ឡានប្រញាប់លុយ" ជាដើម។ បទនីមួយ ទទួលបានការគាំទ្រខ្លាំង និងទទួលបានការសរសើរពួកគេទាំងពីរ ត្បិតថាខុសវ័យគ្នាច្រើន ប៉ុន្តែចម្រៀងស៊ីចង្វាក់គ្នាបានល្អ និងសម្ដែងក៏សមគ្នាអស់ទាស់ថែមទៀត៕