តិចអត់ដឹង! អ្វីជាចំណុចខុសគ្នារវាងបាល់ទះឆ្នេរខ្សាច់ និងលើក្ដារ?
- 2021-02-17 03:39:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង! អ្វីជាចំណុចខុសគ្នារវាងបាល់ទះឆ្នេរខ្សាច់ និងលើក្ដារ?
ចន្លោះមិនឃើញ
តើប្រិយមិត្តដឹងទេថាអ្វីទៅជាចំណុចខុសប្លែកគ្នារវាង បាល់ទះឆ្នេរខ្សាច់ និងបាល់ទះលើក្ដារ? ថ្ងៃនេះ Sabay សូមបង្ហាញជូនភាពខុសគ្នាខ្លះៗនៃប្រភេទកីឡាទាំងពីរដូចខាងក្រោម៖
**១-ទំហំខ្នាត**
បាល់ទះឆ្នេរខ្សាច់មាន ទទឹង បណ្ដោយ កម្ពស់ ៨x១៦x២,៤៣ ម៉ែត្រ (ផ្នែកបុរស) គ្មានតំបន់ខ្សែបន្ទាត់វៃ ៣ម៉ែត្រ គ្មានកន្លែងវាយសេវ៉ា ៣ម៉ែត្រ
បាល់ទះលើក្ដារមាន ទទឹង បណ្ដោយ កម្ពស់ ៩x១៨x២,៤៣ ម៉ែត្រ (ផ្នែកបុរស) ជាមួយតំបន់ខ្សែបន្ទាត់វៃ ៣ម៉ែត្រ និងមានកន្លែងវាយសេវ៉ា ៣ម៉ែត្រ
ហេតុអ្វីបានទីលានបាល់ទះឆ្នេរខ្សាច់តូចជាង? ពីព្រោះការលេងលើខ្សាច់ កាត់បន្ថយល្បឿន សំទុះ របស់កីឡាករច្រើន ដូច្នេះត្រូវតែតូចជាងបាល់ទះលើក្ដារ។
២-បាល់៖ បាល់លេងលើឆ្នេរខ្សាច់ ទន់ ស្រាល និងធំជាងបាល់ទះលេងលើក្ដារ។ ហេតុអ្វីបានស្រាលជាង? ពីព្រោះបាល់នេះ លេងនៅទីវាលលំហរ ងាយស្រួលសម្របទៅតាមអាកាសធាតុ។ ចំណែកបាល់លេងលើក្ដារ មានសភាពធ្ងន់ ហើយកីឡាករត្រូវប្រើកម្លាំងវៃខ្លាំងជាង។
៣-ចំនួនកីឡាករ៖ បាល់ទះលើក្ដារលេង៦នាក់ម្ខាង ប្ដូរគ្នាវិលតាមតួនាទី ចំណែកបាល់ទះឆ្នេរខ្សាច់លេងតែ២ស្មើប៉ុណ្ណោះ មានតែទីតាំងពីរគឺឆ្វេង-ស្ដាំ ហើយកីឡាករម្នាក់ អាចឡើងបាំងបានដូចគ្នា។
៤-ពិន្ទុ៖ បាល់ទះឆ្នេរខ្សាច់ តម្រូវឱ្យលេង៣សិត ដោយក្នុង១សិតមាន ២១គ្រាប់ ក្រុមណាឈ្នះពីរសិត គឺឈ្នះដាច់។ បើឈ្នះ១សិតម្នាក់ នោះក្រុមទាំងពីរ ត្រូវលេងសិតទី៣ សិត ១៥គ្រាប់។ (បើពិន្ទុឡើង ២០ស្មើ គឺសិត ២៤គ្រាប់ដេញគ្នារហូត ចំណែកសិត១៥គ្រាប់គឺដូចគ្នា)
ដោយឡែកបាល់ទះលើក្ដារ ត្រូវលេង៥សិត ក្នុង១សិត២៥គ្រាប់។ អ្នកឈ្នះ៣សិត គឺឈ្នះដាច់ ប៉ុន្តែបើក្រុមទាំងពីរឈ្នះ២សិតដូចគ្នា នោះការប្រកួតតម្រូវឱ្យលេងសិតទី៥ ជាសិតកាត់សេចក្ដី ហើយសិតទី៥នេះ លេងតែ១៥ពិន្ទុប៉ុណ្ណោះ។ (បើពិន្ទុឡើង ២៤ស្មើ គឺសិត ២៦គ្រាប់ដេញគ្នារហូត ចំណែកសិត ១៥គ្រាប់គឺដូចគ្នា)
៥-ការស្លៀកពាក់៖ បាល់ទះឆ្នេរខ្សាច់ បើផ្នែកបុរសអាចដោះអាវ ពាក់អាវវាលក្លៀក អាវដៃខ្លី ខោជើងខ្លី ឬឈុតប៊ីហ្គីនី (ស្ត្រី) តម្រូវទៅតាមអាកាសធាតុ និងត្រូវលេង បើទោះមានភ្លៀង ខ្យល់ ព្យុះ ក្ដៅខ្លាំងក៏ដោយ លើកលែងលេងមិនកើត។ ចំណែកបាល់ទះលើក្ដារ ស្លៀកពាក់ឯកសណ្ឋានក្លឹប ឬឯកសណ្ឋាន Sponsor ជាដើម។
៦-ចំនួនប៉ះ៖ បាល់ទះលើខ្សាច់ និងបាល់ទះលើក្ដារ លេងបីប៉ះដូចគ្នា ប៉ុន្តែខុសត្រង់ថាបាល់ទះឆ្នេរខ្សាច់ បើគូម្ខាងទៀតវៃប៉ះបាំងហើយ នោះគេនឹងគិតមួយប៉ះ ដូច្នេះនៅតែពីរប៉ះទៀតប៉ុណ្ណោះ។ រីឯកបាល់ទះលើក្ដារ គេមិនគិតឡើយ លេងបានធម្មតា ដូចប្រិយមិត្តធ្លាប់ដឹង៕