ឆ្លៀត​ណាស់! ឌឿ វិសាល កំពុង​រក​ឱកាស​ដក​ឃ្លា​ពី​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដើម្បី​ថតMV ពិសេស​មួយ

  • 2021-03-05 03:25:26
  • ចំនួនមតិ 66 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

តារា​ចម្រៀងOriginal Song ឌឿ វិសាល ហៅ​ធូ កំពុង​មមាញឹក​ក្នុង​បេសកកម្ម​ប្រមូល​វត្ថុ​សំណាក​ពី​អ្នក​សង្ស័យ​ថា​មាន​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ក្នុង​នាម​ជា​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្ដេច​តេជោ។ ទន្ទឹម​គ្នា​នេះ​លោក​ក៏​ឆ្លៀត​និពន្ធ​ចម្រៀង​១​បទ​សម្រាប់​អបអរ​សាទរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ប្រពៃណី​ជាតិ​ខ្មែរ ជិត​ចប់​ហើយ​ដែរ។

លោក ឌឿ វិសាល ដែល​បាន​ទម្លាក់​ចោល​ការងារ​គ្រូ​ពេទ្យ​នៅ​គ្លីនិក​ឯកជន​ផ្ទាល់​ខ្លួន​មួយ និង​បែក​ពី​ក្រុម​ចម្រៀង​របស់​ខ្លួន​ប្រមាណ​១​ឆ្នាំ​ទៅ​ហើយ​នោះ បាន​ប្រាប់​Sabay នៅ​ថ្ងៃ​ទី៥ ខែ​មីនា ថា រូប​លោក​បាន​និពន្ធ និង​ច្រៀង​ចេញ​ជា MP3 ជិត​ចប់ ហើយ​ជិត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​លោក​នឹង​ចេញ​ជាMV តែ​ម្ដង។

លោក​ថា ខ្លឹមសារ​រួម នៃ​ចម្រៀង​មួយ​បទ​ដែល​លោក​មិន​ទាន់​បង្ហើប​ពី​ចំណង​ជើង​នេះ គឺ​ជា​ចង្វាក់​រាំ​វង់ ហើយ​បរិយាយ​ពី​បេសកកម្ម​មនុស្សធម៌​របស់​លោក​ក្នុង​នាម​ជា​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ-១៩។ ឌឿ វិសាល៖"បាន​ដក​ឃ្លា​បន្ដិច​ពី​ការងារ​កូវីដ-១៩ ខ្ញុំ​នឹង​ចេញ​ថត​ហើយ​បង ឥឡូវ​សម្រេច​បាន​ស្ទើរ​១០០% ហើយ​សម្រាប់MP3"។

តារា​ចម្រៀងOriginal Song ឌឿ វិសាល បាន​បង្កើត​ក្រុម​ចម្រៀង​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​២០១៤។ គិត​មក​ដល់​ពេល​នេះ​លោក​បាន​ចេញ​បទ​ចម្រៀង​ទាំង​ច្រៀង​ទោល និង​ចម្រៀង​ជា​ក្រុម​បាន​ចំនួន​២០​បទ​ហើយ។ ចំពោះ​បទ​ទី២១ ដែល​​ជា​ស្នាដៃ​របស់​លោក​គ្រោង​ចេញ​ចំ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ គឺ​ជា​បទ​ដែល​លោក​ពិបាក​ធ្វើ​បំផុត​ព្រោះ​លោក​ត្រូវ​ឆ្លៀត​ពេល​ពី​ការងារ​ដ៏​មមាញឹក​ក្នុង​នាម​ជា​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត ដើម្បី​និពន្ធ និង​ថត ខណៈ​ស្ថានភាព​ជំងឺ​កូវីដ-១៩ មិន​ទាន់​ថមថយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម