ប៉ែន ស្រីពេជ្រ រៀបរាប់ដំណើររឿងដែលនាំឲ្យ ស្វាមីនាងឆ្លងមេរោគកូវីដ១៩
- 2021-03-12 03:38:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ែន ស្រីពេជ្រ រៀបរាប់ដំណើររឿងដែលនាំឲ្យ ស្វាមីនាងឆ្លងមេរោគកូវីដ១៩
ចន្លោះមិនឃើញ
ស្វាមីអ្នកនាង ប៉ែន ស្រីពេជ្រ លោក កែវ ពន្លកនេត្រា ត្រូវបានគេរកឃើញវិជ្ជមានមេរោគកូវីដ១៩ និងបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ ហើយស្រីពេជ្រខ្លួនឯង ក៏បាន និងកំពុងស្នាក់នៅដាច់ដោយឡែក ព្រមទាំងតាមដានសុខភាពរបស់ខ្លួនឯងផង។
ដំណឹងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលតាំងពីយប់មិញ។ នៅពេលដំណឹងនេះលេចចេញ ស្រីពេជ្រ ត្រូវបានគេគិតថា មានហានិភ័យច្រើនដោយសារតែនាងជាតារារបស់ហង្សមាស និងជាបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធនឹងពិធីការិនី ចាន់ កែវនិមល ដែលរកឃើញកូវីដកាលពីថ្ងៃទី ១០មីនា កន្លងទៅនេះ។
យ៉ាងណា ក្រោយការធ្វើតេស្តទាំងពីរនាក់រកមេរោគកំណាចខាងលើ មានតែស្វាមីរបស់នាងប៉ុណ្ណោះដែលមានលទ្ធផលវិជ្ជមានគិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី ១២ មីនានេះ។ ចំពោះការបញ្ហានេះ ស្រីពេជ្រ ប្រាប់ថា ស្វាមី និងរូបនាងផ្ទាល់មិនបានជួបទាក់ទងជាមួយនឹងពិធីការិនី ចាន់ កែវនិមលនោះទេ នៅមុនរៀមច្បងរកឃើញមេរោគ។
“តាមពិតខ្ញុំនឹងបង និមល មានទំនាក់ទំនងស្និទ្ធស្នាលមែន ប៉ុន្តែ១រយៈចុងក្រោយ ខ្ញុំអត់បានជួបទាក់ទងជាមួយគាត់សោះ ចិត្តគិតថាចង់ជួបតែចេញតែឃ្វាងនេះឃ្វាងនោះ ព្រោះរវល់ការងារផង របររកស៊ីខ្ញុំបង ដល់តែគិតថានឹងជួបគ្នាឆាប់ៗ ក៏មានដំណឹងថា គាត់មានកូវីដទៅហើយ!”។ ប៉ែន ស្រីពេជ្រ ថ្លែង។
ដូច្នេះហើយ នាង និងស្វាមីមិនជាប់ទាក់ទងនឹងករណីរបស់មិត្តរួមទ្រនំហង្សមាសរូបនេះទេ។ ប៉ុន្តែកត្តាដែលនាំឲ្យជាប់ទាក់ទង និងរហូតដល់ស្វាមីមានលទ្ធផលតេស្តវិជ្ជមាន គឺដោយសារពួកនាងបានទៅជួបជាមួយអ្នកផ្សេងម្នាក់ទៀត។ ស្រីពេជ្រ បានថ្លែងបញ្ជាក់ថា នៅមុននេះប្រមាណ១សប្ដាហ៍ នាង និងស្វាមីបានទៅជួបអ្នកលក់កាបូបម្នាក់នៅអូឡាំពិកនៅថ្ងៃទី ៦មីនា។
“ក្រោយពីហ្នឹងមក ១ថ្ងៃ ២ថ្ងៃ ខ្ញុំបានលឺទៀតថា គាត់អ្នកលក់កាបូបហ្នឹងមានវិជ្ជមានកូវីដ អីចឹងពួកខ្ញុំ ក៏បាននាំគ្នាទៅធ្វើតេស្តនៅថ្ងៃទី១០ ហើយទើបម្សិលមិញ ម៉ោងខ្ទង់៦ល្ងាចហ្នឹង បានខាងគ្រូពេទ្យទូរស័ព្ទមកប្រាប់ថា ស្វាមីខ្ញុំមានវិជ្ជមានកូវីដ អីចឹងគេអោយរៀបចំឥវ៉ាន់ រង់ចាំគ្រូពេទ្យមកយកទៅព្យាបាល!”។
ស្វាមីរបស់ ប៉ែន ស្រីពេជ្រ ត្រូវបានក្រុមគ្រូពេទ្យមកទទួលយកទៅព្យាបាលតាំងពីយប់មិញ ដោយឡែកនាង អវិជ្ជមានសម្រាប់ការតេស្តលើកទី១។ ដូច្នេះហើយ នៅពេលនេះ តារាស្រីមកពីខេត្តកំពង់ឆ្នាំង កំពុងធ្វើចត្តាឡីស័កបន្ត ត្រៀមធ្វើតេស្តបន្តបន្ទាប់ទៀតតាមបច្ចេកទេសរបស់ពេទ្យ៕