Netflix ប្រើធម៌ក្ដៅ ចំពោះអ្នកចូលចិត្តចែកលេខកូដគ្នាទៅវិញទៅមកមើលរឿង
- 2021-03-15 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Netflix ប្រើធម៌ក្ដៅ ចំពោះអ្នកចូលចិត្តចែកលេខកូដគ្នាទៅវិញទៅមកមើលរឿង
ចន្លោះមិនឃើញ
Netflix នឹងចាប់ផ្ដើមប្រតិបត្តិការបង្ក្រាបទៅលើអ្នកប្រើប្រាស់ទាំងឡាយណាដែលចែករំលែកលេខសម្ងាត់ឲ្យគ្នាទៅវិញទៅមក ដើម្បីចូលទស្សនាវីដេអូផ្សេងៗលើសេវាកម្មពួកគេ និងជាពិសេសមនុស្សទីពីរដែលមិនមែនជាម្ចាស់គណនី។ នេះបើយោងទៅតាមសារព័ត៌មាន The Streamable។
អតិថិជនរបស់ក្រុមហ៊ុន Netflix មួយចំនួនដែលបានយកគណនីអ្នកដទៃទៅប្រើប្រាស់នឹងទទួលបានសារពី Netflix ដើម្បីបញ្ជាក់ពីគណនីថា ពិតជារបស់អ្នកប្រើឬក៏អត់ ដោយបញ្ជាក់តាមរយៈអ៊ីមែល ឬលេខកូដជាដើម ហើយបើមិនដូចច្នោះទេ ពួកគេនឹងតម្រូវឱ្យអ្នកបង្កើតគណនីដាច់ដោយឡែក ពីគណនីដែលអ្នកបានយកទៅប្រើប្រាស់នោះភ្លាម។ មានន័យថា មនុស្សទីពីរដាច់ខាតត្រូវតែមានគណនីផ្ទាល់ខ្លួនជាកំហិត។
Netflix បានប្រាប់ The Streamable បន្ថែមថា នេះគ្រាន់តែជាការសាកល្បងតែប៉ុណ្ណោះ ដើម្បីបញ្ជាក់ថាអ្នកប្រើគណនី Netflix គឺជាម្ចាស់កម្មសិទ្ធិ និងប្រើប្រាស់ដោយមានការបញ្ជាក់ត្រឹមត្រូវ។ ចំណែកឯរូបមន្តណាមួយនោះទេ ដើម្បីតាមដាន មិនទាន់មានការបញ្ជាក់នៅឡើយ តែភាគរយខ្ពស់អាចនឹងតាមដានតាមរយៈ IP Address។ ដូចនេះអ្នកដែលយកគណីអ្នកដទៃទៅប្រើអាចប្រឈមមុខនឹងមានបញ្ហា ឬទស្សនាមាតិកាផ្សេងៗលែងកើតលើ Netflix។
គួរដឹងថា កាលពីឆ្នាំ២០២០ កន្លងមក ប្រធានផ្នែកផលិតផលរបស់ Netflix លោក Greg Peters បានប្រាប់កាសែត The Wall Street Journal ថា Netflix បានឃ្លាំមើលការចែកលេខសំងាត់ពីអ្នកប្រើប្រាស់ ប៉ុន្តែនៅពេលនោះមិនទាន់មានចំណាត់ការអ្វីនៅឡើយទេ៕