កុំយល់ច្រឡំ! ទេពធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ មិនមែនជិះគោ ជាយានជំនិះទេ ក្នុងក្បួនតម្រាមានចែងបែបនេះ
- 2021-04-05 02:09:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំយល់ច្រឡំ! ទេពធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ មិនមែនជិះគោ ជាយានជំនិះទេ ក្នុងក្បួនតម្រាមានចែងបែបនេះ
ចន្លោះមិនឃើញ
មានយុវជនខ្មែរ ប្រុស ស្រី មួយចំនួននៅតែមានការយល់ច្រឡំពីទំនៀមចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិសេសអំពីបុត្រីទាំង ៧ អង្គនៃកបិលមហាព្រហ្ម ។ ក្នុងផ្នត់គំនិតប្រជាជនមួយចំនួន តែងយល់ថា ទេពធីតា រៀងរាល់ឆ្នាំក្នុងពិធីចូលឆ្នាំថ្មី ទេវតាឆ្នាំថ្មី ដែលនឹងយាងមកថែរក្សាជម្ពូទ្វីពមនុស្សលោក នឹងជិះសត្វតំណាងឱ្យពង្សធាតុនៃសត្វតាមឆ្នាំ ។ ឧទាហរណ៍ គេតែងយល់ថា ទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រូវតែជិះគោ ជាពាហនៈ ព្រោះតំណាងឆ្នាំទាំង ១២ ឆ្នាំឆ្លូវ មានសត្វគោជាតំណាង ។
យ៉ាងណាមិញការយល់ឃើញនេះមិនត្រឹមត្រូវនោះទេ ព្រោះបុត្រីកបិលមហាព្រហ្ម មានតែ ៧ អង្គ បើសិនជាមានយានជំនិះតាមពង្សធាតុឆ្នាំ ដែលមានសត្វទាំង ១២ ជាតំណាង តើធ្វើដូចម្ដេចនឹងជិះអស់នោះ បើទេពធីតាមានតែ ៧ អង្គដូច្នេះ។ ដូច្នេះមានន័យថា បុត្រីទាំង ៧អង្គនៃកបិលមហាព្រហ្មមានយានជំនិះរៀងៗខ្លួន មិនមែនសត្វទាំង ១២នោះទេ ។ ចំណែកពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ចូលចំថ្ងៃពុធ ៣ កើត ខែពិសាខ ត្រូវនឹងថ្ងៃទី ១៤ មេសា គ.ស ២០២១ គឺត្រូវនឹងវេនទេពធីតាមួយព្រះអង្គ ជាបុត្រីទី ៤ នៃកបិលមហាព្រហ្ម ដែលទ្រង់មាន គទ្រភៈ (សត្វលា) ជាពាហនៈ មិនមែនសត្វគោនោះទេ ។
ជាការងាយយល់ត្រូវចងចាំថា សត្វទាំង ១២ គឺតំណាងឱ្យពង្សធាតុមនុស្ស ដែលត្រូវកើតចំឆ្នាំណា ឧទាហរណ៍អ្នកកើតចំឆ្នាំឆ្លូវ គឺមានសត្វគោ ជាសត្វតំណាងឆ្នាំរបស់ខ្លួន ។ ចំណែកឯទេវតាជាបុត្រីទាំង ៧ អង្គឯណោះវិញ គឺមានយានជំនិះផ្សេងៗពីគ្នា មិនមែនជាសត្វទាំង ១២ នៃពង្សធាតុមនុស្សនោះទេ ។
មកដឹងពីយានជំនិះនៃបុត្រីកបិលមហាព្រហ្មទាំង ៧ អង្គដូចខាងក្រោម៖
ថ្ងៃអាទិត្យ ចំវេន បុត្រីទី១ ព្រះនាង ទុង្សទេវី មានសុបណ្ណរាជ ជា ពាហនៈ (ស្ដេចគ្រុឌ)
ថ្ងៃ ចន្ទ ចំវេន បុត្រីទី២ ព្រះនាង គោរាគទេវី មានព្យគ្ឃៈ ជាពាហនៈ (សត្វខ្លា)
ថ្ងៃអង្គារ ចំវេន បុត្រីទី៣ ព្រះនាង គោរាក្សសាទេវី មានអស្សតរៈ (សត្វសេះ) ឬ សុុករៈ (ជ្រូក) ជាពាហនៈ
ថ្ងៃពុធ ចំវេន បុត្រីទី៤ ព្រះនាង មណ្ឌាទេវី មានគទ្រភៈ ជាពាហនៈ (សត្វលា)
ថ្ងៃព្រហស្បតិ៍ ចំវេន បុត្រីទី៥ ព្រះនាង កិរិណីទេវី មានគជសារ ជាពាហនៈ (សត្វដំរី)
ថ្ងៃសុក្រ ចំវេន បុត្រីទី៦ ព្រះនាង កិមិរាទេវី មានមហិសារាជ ជាពាហនៈ (សត្វក្របី)
ថ្ងៃសៅរ៍ ចំវេន បុត្រីទី៧ ព្រះនាង មហោទរាទេវី មានមយូរា ជាពាហនៈ (ក្ងោក)