ភ្ញាក់ផ្អើល រកឃើញនាឡិកាទាហានខ្មែរ ២ គ្រឿងនៅដើរធម្មតា ក្រោយលិចក្នុងបាតទន្លេ ជិត ៥០ឆ្នាំ

  • 2021-04-08 10:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ០៧ មេសា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួងរុករកគ្រាប់មិនទាន់ផ្ទុះនៅក្រោមទឹកបានបើកប្រតិបត្តិការស្រង់នាវាចម្បាំង១គ្រឿងដែលបានលិចតាំងពីសម័យសង្គ្រាមចេញពីទឹកស្ថិតនៅភូមិ វាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងកិច្ចការប្រតិបត្តិរុករក និងបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងនាវាចម្បាំងមួយនេះ កងកម្លាំងជំនាញក៏បានប្រទះឃើញនាឡិកាដៃម៉ាក TITONI ចំនួន ២ គ្រឿងដែលបានលិចទឹកអស់រយៈពេលជាង ៤៦ឆ្នាំទៅហើយនៅរក្សបានរូបរាង ខ្សែគ្មានច្រែះចាប់ហើយម៉ាស៊ីនអាចដំណើរការបានធម្មតា បន្ទាប់ពីយកមកដុសលាង។ ដោយឡែក ក្នុងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក ដោយរកឃើញគ្រាប់ជាង ១៦ តោន ហើយមាន៩០% មិនទាន់ផ្ទុះ។ ក្រៅពីនេះក៏មានសម្ភារៈ អាវុធ របស់របរប្រើប្រាស់មួយចំនួនទៀត។

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថាប្រតិបត្តិការស្រង់នាវាបានបញ្ចប់ហើយ ដោយបានបញ្ជូននាវា និងសម្ភារៈ គ្រាប់យុទ្ធភណ្ឌមួយចំនួន ត្រៀមដាក់តាំងនៅក្នុងសារមន្ទីរ។ លោកថាការងារដែលនៅសេសសល់គឺតិចតួច ប្រមាណ ១ សប្តាហ៍ទៀត។

លោកឧត្តមសេនីយ៍ទោបានបន្ថែមថា នៅរសៀលថ្ងៃទី ០៨ ខែមេសានេះថា កម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌក៏បានរកឃើញនាឡិការម៉ាក TITONI ចំនួន ២ គ្រឿង ដែលជាប្រភេទនាឡិកាមិនប្រើថ្ម នៅរក្សាបានរូបរាងមិនមានច្រែះចាប់ នឹងដំណើរការបានធម្មតា បន្ទាប់ពីយកមកជូត ដុសលាង។

លោកម៉ី សុភាបញ្ជាក់ “នាឡិកា ២ គ្រឿងនិង វាងាប់ហើយ ប៉ុន្តែដល់ពេលយើងយកមកជូតសម្អាត ហើយគោះចុះគោះឡើងទៅវាដើរឡើងវិញធម្មតា”។ លោកបញ្ជាក់ថា អាយុកាលនាឡិកានេះ មិនក្រោមពី ៦០ឆ្នាំ៕

អត្ថបទ ៖ មេខាឡា

អត្ថបទថ្មី