ធ្លាប់តែឃើញនៅបរទេស! គ្រែព្យាបាល​ជាច្រើន​តម្រៀប​គ្នា​ជា​ជួរ​ ត្រៀម​ព្យាបាល​អ្នក​ជំងឺ​កូវីដ​កម្រិត​ស្រាល​

  • 2021-04-12 02:39:18
  • ចំនួនមតិ 11 | ចំនួនចែករំលែក 23

ចន្លោះមិនឃើញ

សាល​ពិព័រណ៍ និង​អគារ​រៀបការ​នៅ​ទី​ក្រុង​កោះពេជ្រ បាន​ក្លាយ​ជា​ទីតាំង​មួយ​បន្ថែម​ទៀត ដើម្បី​ដាក់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​។​ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​ពី​អាជ្ញាធរ។​

កាល​ពី​ថ្ងៃ​ទី​១០​ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ក្នុង​សារ​ពិសេស អំពី​ការ​ឲ្យ​រៀបចំ​ទីតាំង​កោះ​ពេជ្រ​បន្ថែម​ ក្រោយ​ផ្ទុះ​ករណី​ឆ្លង​កូវីដ​រាប់​រយ​នាក់​ផ្ទួន​ៗ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ ​ធ្វើ​ឲ្យ​នៅ​មន្ទីរព្យាបាល​ក្រេតឌុក មន្ទីរពេទ្យ​ហ្លួងម៉ែ និងមន្ទីរពេទ្យនានា ពេញ​ហៀរ​។

ទិដ្ឋភាព​នៅ​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​ កម្រិត​ស្រាល​នៅ​ទីតាំង​កោះ​ពេជ្រ​ គេ​ឃើញ​មាន​គ្រែ​ជា​ច្រើន​ដាច់​កន្ទុយ​ភ្នែក​តម្រៀប​គ្នា​ ជា​ជួរ​ៗ​ ដែល​រូប​ភាព​ទាំង​នេះ​ធ្លាប់​តែ​ឃើញ​នៅ​បរទេស​ប៉ុណ្ណោះ​ ពេល​នេះ​អាជ្ញាធរ​ចាប់​ផ្ដើម​អនុវត្ត​វិធានការ​បន្ទាន់​ នៅ​កម្ពុជា​ដែរ​ បន្ទាប់​ពី​ស្ថានភាព​កូវីដ​មិន​បាន​ធូរ​ស្រាល។ ​

​រដ្ឋាភិបាល បាន​រៀប​ចំ​ទីតាំង​ព្យាបាល​បន្ថែម​ជា​បន្តបន្ទាប់ នៅ​សាលារៀន និង​ទីតាំង​ឯកជន​ផ្សេង​ទៀត សម្រាប់​ដាក់​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។ ក្រៅពី​រាជធានី​ភ្នំពេញ សម្តេច​ ហ៊ុន សែន ក៏​បញ្ជា​ឱ្យ ខេត្ត​នីមួយៗ ត្រូវ​រៀបចំ​កន្លែង​ដាក់​អ្នក​ជំងឺកូវីដ-១៩ យ៉ាងតិច ៥០គ្រែឡើងទៅ៕

អត្ថបទ៖ សៀនហួរ