នាយពាក់មី៖ រុក្ខជាតិ២ប្រភេទដែលជានិមិត្តរូបខេត្តស្វាយរៀង នឹងមានជាលើកដំបូងនៅលើកំពូលខ្ជោល នៃជួរភ្នំឱរ៉ាល
- 2021-06-08 07:07:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយពាក់មី៖ រុក្ខជាតិ២ប្រភេទដែលជានិមិត្តរូបខេត្តស្វាយរៀង នឹងមានជាលើកដំបូងនៅលើកំពូលខ្ជោល នៃជួរភ្នំឱរ៉ាល
ចន្លោះមិនឃើញ
តារាកំប្លែង ចែម ចាន់រ៉ា ហៅនាយពាក់មី គ្រោងយករុក្ខជាតិដែលជាប្រភេទបន្លែ និងផ្លែឈើ២ប្រភេទដែលលោកអះអាងថាមានតែនៅស្រុកកំណើតរបស់លោកប៉ុណ្ណោះ ដើម្បីយកទៅដាំនៅលើកំពូល"ខ្ជោល" នៃជួរភ្នំឱរ៉ាល។ នាយពាក់មី មិនបានកំណត់ពេលជាក់លាក់ តែលោកថានឹងឡើងភ្នំនេះឲ្យបានបើទោះបីជាទៅតែពីរនាក់លោក តាន់ គីមសួរ ក្ដី។
នាយពាក់មី ប្រាប់Sabay នៅរសៀលថ្ងៃទី៨ ខែមិថុនា នេះថា ដើម"កណ្ដៀង" និងដើម"ខ្នន" ដែលជាប្រភេទបន្លែ និងផ្លែឈើពេញនិយមហូបបំផុតនៅខេត្តស្វាយរៀង ហើយលោកគិតថានឹងយកវាទៅដាំនៅលើខ្នងភ្នំនេះឲ្យបានច្រើនបំផុត ដើម្បីបង្ហាញពីអត្តសញ្ញាណខេត្តស្វាយរៀងរបស់លោកផង និងជួយសម្រួលដល់ការហូបចុកពលរដ្ឋរស់នៅទីនោះផង។
នាយពាក់មី៖"រឿងចិត្តនោះ...ចង់ទៅពេកហើយ តែចាំជួបនិយាយស្រុះស្រួលគ្នាម្ដងទៀតសិន ហើយឥឡូវខ្ញុំលេងបាល់ថ្លស់អាជើងស្ដាំរបស់ខ្ញុំហ្នឹងឡើងភ្នំអត់ទាន់រួចទេ ហើយណាមួយកូវីដក៏មិនទាន់ស្ងប់។ ខ្ញុំនិយាយជាមួយ តាន់ គឹមសួរ យូរហើយ! ថានឹងយកដើមឈើពីរប្រភេទហ្នឹងទៅដាំនៅលើខ្នងភ្នំ"។
ទាក់ទងនឹងគម្រោងឡើងភ្នំដាំបន្លែង និងឈើហូបផ្លែរបស់តារាកំប្លែងនេះ លោក តាន់ គីមសួរ ដែលសកម្មក្នុងការងារជួយសង្គម បានបង្ហាញមុខអ្នកសិល្បៈ និងបុគ្គលឆ្នើមៗនៅកម្ពុជាជិត១០នាក់។ លោកថា អ្នកទាំងនោះហើយដែលបានសន្យាថាឡើងភ្នំឱរ៉ាលជាមួយលោក ដើម្បីជួយដល់ប្រជាជនក្នុងការទប់ស្កាត់ នៃការកាប់បំផ្លាញព្រៃឈើនៅចំណុច"ខ្ជោល" នៃជួរភ្នំឱរ៉ាល។ អ្នកទាំងនោះមានដូចជា៖ នាយពាក់មី សុភ័ក្ដ្រ កុសុមា ស្រីអូន និងស្វាមី ជាដើម៕