ដំរីអាស៊ីដែលជិតផុតពូជទាំងហ្វូងៗ កំពុងមានវត្តមាននៅព្រៃមួយចំនួន ក្នុងប្រទេសកម្ពុជា
- 2021-07-02 07:56:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំរីអាស៊ីដែលជិតផុតពូជទាំងហ្វូងៗ កំពុងមានវត្តមាននៅព្រៃមួយចំនួន ក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ដំរីអាស៊ីដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក កំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយរស់នៅជាហ្វូង និងមានឃើញកូនតូចៗជាច្រើនថែមទៀត។ នេះបើតាមការបង្ហោះដោយផេកផ្លូវការរបស់ក្រសួងបរិស្ថាន នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២១ ដែលត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិ។
ដំរីអាស៊ីស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក ហើយវាក៏ជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងៗ ស្លឹកត្រចៀករាងដូចផ្លិតតែស្តើង និងមានក្រចកម្រាមជើង ១៨ គឺនៅជើងមុខនីមួយៗមានក្រចកម្រាមជើង ៥ ឯក្រចកជើងក្រោយមានម្រាមជើង ៤ តែក៏មានដំរីខ្លះមានក្រចកម្រាមជើងដល់ទៅ ២០ ដែរ។ ភ្លុកដំរីឈ្មោលមួយចំនួនមានប្រវែងរហូតដល់ទៅ១ម៉ែត្រ។
ដំរីនៅតំបន់អាស៊ីខុសពីដំរីនៅតំបន់អាហ្វ្រិក ដោយសារមាឌនិងស្លឹកត្រចៀកមានទំហំតូចជាង ហើយដំរីអាស៊ីមានខ្នងស្ទើររាបស្មើ ខុសពីដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។
សត្វដំរីច្រើនរស់នៅតាមព្រៃរបោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹកតាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង៊ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឫសឈើខ្លីៗ ទំពាំងឫស្សី ផ្តៅ និងវល្លិ៍ជាដើម។ ដំរីផឹកទឹករហូតដល់ ២០០ លីត្រក្នុងមួយថ្ងៃ (នៅកន្លែងសម្បូណ៌ទឹក)។ ដំរីច្រើនផ្តល់កំណើតកូននៅ អំឡុងខែកក្កដា និងខែសីហា។ កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែន ប៉ុន្តែកម្រណាស់ បន្ទាប់ពីពពោះរយៈពេល ២១ ខែ (យូរបំផុត ២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់អាយុ ៥០ -៧០ឆ្នាំ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសាធារុរាវម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែកដែលជាទូទៅនៅចន្លោះខែវិច្ឆិកា និងខែធ្នូ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកឯ ដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណជាង ៧០ ក្បាល។ លោកបានបន្ថែមទៀតថា វត្តមានកូនដំរីតូចៗដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗគឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សនិងក្រុម អ្នកបរិស្ថានដែលថានេះគឺជាប្រសិទ្ធភាពនៃការការពារនិងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ីដែលជិតផុតពូជនៅលើពិភពលោក។ យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញ ដំរីនៅអាស៊ីត្រូវបានគេចាត់ថ្នាក់នៅក្នុងបញ្ជីឧបសម្ព័ន្ធ១នៃអនុសញ្ញាសាយតេស។
ឯកឧត្តម បានមានប្រសាសន៍ទៀតថា យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅ ក្នុងដែនជម្រករបស់វា ៕