ពេលប៉ះ Tiger យ៉ាទី មិនអាចរក្សា Clean Sheet ដូចការចង់បានឡើយ​

  • 2021-07-21 07:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងជំនួបសប្ដាហ៍ទី៩ នៃការប្រកួតលីគកំពូលកម្ពុជាទល់នឹងម្ចាស់ផ្ទះអង្គរថាយហ្គឺរ កាលពីម្សិលមិញ អ្នកចាំទីចាស់វស្សា ស៊ូ យ៉ាទី បានរបូតមួយគ្រាប់ទៀត ជាហេតុធ្វើឱ្យ​គេមិនអាចរក្សា Clean Sheet ដូចការចង់បានឡើយ​។

ដំបូងឡើយអតីតសមាជិក​ក្រុម​បឹងកេតបាន​សង្ឃឹម​អាច​ធ្វើបាន បើទោះបីដឹងថាក្រុមថាយហ្គឺរកំពុងឡើងជើង និងបានឈ្នះលើក្រុមខ្លាំងៗដូចជាព្រះ​ខ័នរាជស្វាយរៀង​ បឹងកេតក្ដី និង​កំពុង​ឈរ​កំពូល​តារាង​​ពិន្ទុ​ក្ដី​។

អតីតអ្នកចាំទីភ្នំពេញក្រោនបានបញ្ជាក់បែបនេះ ៖«គិតថាអាចដែរតែដល់ពេលទៅវាទៅជាបែបនេះវិញ វាមានធ្លាយមួយគ្រាប់ ចឹងមានអារម្មណ៍សោកស្ដាយដែរ តែសំខាន់ឱ្យ​តែក្រុមបានជ័យជម្នះ មានអារម្មណ៍សប្បាយចិត្ត មិនចាច់ថា Clean Sheet ក៏​បាន​»។

ទោះបីជាយ៉ាងណា​យ៉ាទី​ប្រាប់ថា គេ​នឹងព្យាយាមធ្វើឱ្យ​បាន Clean Sheet នៅប្រកួតក្រោយៗ ដើម្បីឱ្យ​ក្រុម​មានស្ថិតិល្អ ព្រោះការ​​របូត​គ្រាប់​បាល់​ច្រើន​ក៏​មិន​ល្អ​សម្រាប់​ក្រុម​ដែរ​។ ឆ្លងកាត់ ៦ ប្រកួត ២០ នាទីកន្លងមក អតីត​ជម្រើសជាតិ​កម្ពុជា​រូប​នេះ បាន​ការពារមិនឱ្យ​មានគ្រាប់បាល់ចូលទីបានតែម្ដងគត់ ក្នុងជំនួបរវាង​ណាហ្គាវើលដ៍ឈ្នះប៉ូលិស ៤-០។

កាលពីរសៀលថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២១ ក្រុមភ្ញៀវណាហ្គាវើលដ៍ បានយកឈ្នះម្ចាស់ផ្ទះអង្គរ​ថាយហ្គឺរក្នុងលទ្ធផល ២-១ ធ្វើបានសម្រេចដោយ Marcio (P) នៅនាទី៧៣ និង ណុប តុលា នៅនាទី៩០+៥។ ចំណែកមួយគ្រាប់របស់ក្រុមខ្លាពណ៌ទឹកក្រូច ធ្វើបានដោយខ្សែ​បម្រើ​ស្លាប ថន សីហា នៅ​នាទី​៨៤។

នៅ​សប្ដាហ៍​ទី​១០ ថ្ងៃ​ទី​២៤ ខែ​កក្ដដា ក្រុម​លោក​ មាស ចាន់​ណា ត្រូវ​បន្ត​ប្រកួត​ជាមួយ​ក្រុម​សូលទីឡូអង្គរនៅកីឡដ្ឋាន អេស.អ.យូ ចំណែក​​ក្រុម​លោក Oriol ត្រូវ​ឡើង​មក​ភ្នំពេញ​ជួប​ជាមួយ​អាស៊ីអឺរ៉ុប​យូណាយធីត​ ​ថ្ងៃ​ទី​២៥ ខែ​កក្ដដា ឆ្នាំ​២០២១ នៅ​ អេ.អី.យូ.ស្ពតផាក៕

អត្ថបទ៖ អ៊ុំ សុភក្តិ