មកដឹង​តើព្រះហស្តដែលកំបុតទាំងសងខាងរបស់ព្រះបាទជ័យវរ្ម័នទី៧ មានទម្រង់បែបណា?

  • 2021-07-22 03:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះបាទជ័យវរ្ម័នទី៧ គឺជាក្សត្រដ៏អង់អាចក្លាហាន និងមានឫទ្ធិអំណាចខ្លាំងពូកែក្នុងចំណោមព្រះរាជាទាំងអស់ក្នុងសម័យអង្គរ។ ព្រះអង្គមានកិត្តិនាមល្បីរន្ទឺក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយត្រូវបានចាត់ទុកជាស្តេចដែលមានស្នាព្រះហស្តធំៗរាប់មិនអស់ ដោយសារការ ធ្វើសឹកសង្រ្គោម ពង្រីកទឹកដី អាណាចក្រខេត្ត ដឹកនាំប្រទេសជាតិ ប្រកបដោយទសពិធរាជធម៌ ធ្វើឲ្យប្រទេសខ្មែរនាសម័យនោះមានភាពរុងរឿង។

ព្រះអង្គគឺជាស្តេចដែលមានឬទ្ធាអំណាចខ្លាំងក្លា ព្រមទាំងជួយឲ្យអាណាចក្រខ្មែរនៅសម័យអង្គរ រុងរឿងស្ទើរគ្រប់វិស័យ មិនថាខាងផ្នែកសឹកសង្រ្គាម នយោបាយ ការពង្វាតទឹកដី ផ្នែកសុខាភិបាល វិស័យសំណង់ អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បៈ វប្បធម៌ អរិយធម៌ល្បីរន្ទឺរហូតមកដល់សព្វថ្ងៃ ដែលមានដូចជាប្រាសាទអង្គរធំ ប្រាសាទបាយ័នជាដើម។

ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរនិន្ទ្រវរ្ម័នទី២ និង ព្រះមាតាព្រះនាម ចុឌាមុនី ដែលជាព្រះរាជបុត្រីព្រះបាទហស៌វរ្ម័នទី៣ ហើយព្រះអង្គត្រូវជាបងប្អូនជីដូនមួយនិងព្រះបាទសូរ្យវរ្ម័នទី២។ ភាពអស្ចារ្យរបស់ទ្រង់ ដែលត្រូវបានឆ្លាក់ជាប់សិលា​ចារឹកមន្ទីរពេទ្យដែលព្រះអង្គ​កសាងនោះគឺ «ជំងឺ​របស់​ប្រជារាស្ត្រ ធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​ជាង​ជំងឺ​ផ្ទាល់​របស់​ព្រះអង្គ​ទៅ​ទៀត ព្រោះ​ថា សេចក្តី​ឈឺ​ចាប់​សាធារណៈ​នេះ​ហើយ ជា​សេចក្តី​ឈឺ​ចាប់​របស់​ព្រះរាជា ពុំ​មែន​សេចក្តី​ឈឺ​ចាប់​ផ្ទាល់​ទេ ដែល​អាចធ្វើ​អោយ​ព្រះអង្គ​ឈឺ​ចាប់​បាននោះ» ដោយហេតុនេះហើយទើបព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានចាត់ទុកថា ជាស្តេចដែលគិតពីផលប្រយោជន៍ជាតិជាធំ ស្រឡាញ់នឹងដឹងពីសុខទុក្ខរបស់ប្រជាជន។

តាមរយៈឯកសារសិក្សាស្រាវជ្រាវរបស់លោកស៊ក្ស សីដេស ដែលជាចាងហ្វាងសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហាណូយ បានបង្ហាញថាបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ រៀបអភិសេកជាមួយព្រះនាងឥន្រ្ទទេវី ទ្រង់ក៏បានប្តូរពីការគោរពព្រាហ្មណ៏សាសនា មកជាព្រះពុទ្ធសាសនាមហាយាន ដែលការណ៍នេះ បានធ្វើឲ្យខ្សែររាជវង្សចាស់ៗដែលគោរពនូវព្រហ្មញ្ញសាសនានោះ កើតក្តីមិនពេញចិត្តចំពោះព្រះអង្គ។

តាមប្រភពមួយទៀត គឺការលើកឡើងរបស់លោកដេវីដ ឈែនដ្លឺរ អ្នកប្រវត្តិវិទូជនជាតិបារាំង ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ សោយទិវង្គតប្រហែលជានៅក្នុងឆ្នាំ ១២១៥ នៃគ្រិស្តសករាជ (ឯកសារខ្លះទៀតថានៅក្នុងឆ្នាំ១២១៨) ជម្លោះសាសនាបានកើតឡើង ហើយប្រភពដែលធំបំផុតគឺចេញពីខ្សែររាជវង្សដែលនៅតែប្រកាន់យកព្រហ្មញ្ញសាសនា។ បើពិនិត្យនៅតាមកំពូលកំពែងជុំវិញក្រុងអង្គរគឺមានពុទ្ធបដិមាជាច្រើនអង្គ ក៏ប៉ុន្តែភាគច្រើននៃរូបពុទ្ធរូបទាំងនេះ ត្រូវបានគាស់ចេញ រីឯរូបរបស់ព្រះបាទជ័យវរ្ម័នទី៧ ក្រោយកំណាយបានរកឃើញរូបសំណាក់របស់ទ្រង់ត្រូវបានគេកាប់បំផ្លាញឲ្យខូចនូវទ្រង់ទ្រាយដើម ដែលមានសភាពកំបុតព្រះហត្ថ និងឆែបព្រះកេស ហើយត្រូវបានគេយកទៅបោះចូលក្នុងអណ្តូងថែមទៀតផង។

តក្រោយមក រូបសំណាក់របស់ព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានបាត់បង់នូវសភាពដើម ដែលត្រូវបានគេរកឃើញថាមានសភាពកំបុតព្រះហស្ត ជាហេតុធ្វើឲ្យអ្នកប្រវត្តិវិទូ ពិបាកនៅក្នុងការកំណត់ពីរូបរាងរបស់ព្រះអង្គ។ កាលពីថ្ងៃទី ១០ ខែ​ ធ្នូ ឆ្នាំ២០១៩ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញពីទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ក្នុងគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដើម្បីស្រាយនូវចម្ងល់ដែលទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។

ទាក់ទងនឹងភាពផ្ទុយគ្នានៃការយល់ឃើញខាងលើ នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារចម្រុះមកពីអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា លោក​ ជាវ​ ប៊ុនថង និងលោក Eric Bourdonneau បានបង្ហាញថា កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺស្ថិតក្នុងទម្រង់លើកដៃប្រណម្យត្រឹមដើមទ្រូង។

ចំពោះការអះអាងបែបនេះ ក្រុមការងារចម្រុះបានបង្ហាញភស្តុតាងជាច្រើនទាក់ទងនឹងការសិក្សាស្រាវជ្រាវទាំងផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែនវិភាគបែបវិទ្យាសាស្ត្រទៅលើទំហំ និងការផ្គុំបំណែកព្រះហត្ថដែលរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ទៅនឹងដងខ្លួននៃបដិមាព្រះបាទជ័យវរ្ម័នទី៧ពិតជាត្រូវគ្នាគ្រប់ជ្រុងជ្រោយត្រង់ចំណុចដែលតភ្ជាប់គ្នា។ ការរកឃើញនេះជាលទ្ធផលស្រាវជ្រាវថ្មីមួយដែលកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នារវាងអ្នកជំនាញបារាំងនិងអាជ្ញាធរជាតិអប្សរា ដែលបានស្រាយបំភ្លឺនូវចម្ងល់និងភាពប្រទាំងប្រទើសគ្នាលើការយល់ឃើញផ្សេងគ្នាឱ្យងាកមកស្របគ្នាបាន៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា   ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ កែវ សុខអាត

អត្ថបទថ្មី