ទី​បំផុត​ចេញ​បញ្ជី​តារា​របស់ "បារមី" ដែល​ត្រូវ​ឡើង​វេទិកាមហោស្រព​ពិព័រណ៍​តន្ត្រីអាស៊ាន​២០២១

  • 2021-08-12 03:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផលិតកម្ម "បារមី" របស់ ឡូរ៉ា ម៉ម ទី​បំផុត​បាន​បញ្ចេញ​បញ្ជី​នាម​សិល្បករ​របស់​ខ្លួន​ដែល​ត្រូវ​ទៅ​ចូល​រួម​ក្នុង​វេទិកាមហោស្រព​ពិព័រណ៍​តន្ត្រី​ហើយ ក្រោយ​ពី​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​មហោស្រព​តន្ត្រីអន្តរជាតិ​កម្រិត​អាស៊ាន​ដ៏​ធំ ជា​លើក​ទី​១។

មហោស្រពពិព័រណ៍តន្ដ្រីអាស៊ាន ឆ្នាំ២០២១ Asean Music Showcase Festival (AMS) បានប្រកាស​ពីរឿង​នេះ កាល​ពី​ខែ​មុន ហើយ​ក្នុង​នោះផលិតកម្ម “បារមី” នឹង​ជា​តំណាង​របស់​កម្ពុជា​ចូល​រួម​ក្នុង​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​ដែល​នឹង​ធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អនឡាញ​នា​ខែ​ក្រោយ។ យ៉ាង​ណា ភ្លាម​ៗ​មិន​មាន​ការ​បញ្ចេញ​ឲ្យ​ដឹង​ថា “បារមី” នឹង​ដាក់​បញ្ចូល​សិល្បករ​រូប​ណា​ខ្លះ​សម្រាប់​កម្មវិធី​មួយ​នេះ​ឡើយ។

នៅ​ថ្ងៃ​នេះ តាម​លោក ភីតធ័រ មន្ត្រី​ទំនាក់ទំនង​សាធារណៈ​របស់​ផលិតកម្ម​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​ជ្រើសរើស​នេះ ផលិតកម្ម "បារមី" របស់​លោក បាន​ដាក់​បញ្ចូល​សិល្បករ សិល្បការិនី​​របស់​ខ្លួន​មួយ​ចំនួន៖ ទី១តារាចម្រៀងនិងអ្នកនិពន្ធចម្រៀងនិងជាសិល្បករម្នាក់ក្នុងចំណោមសិល្បករជាច្រើនអ្នកដែលជួយជ្រុមជ្រែងអភិរក្សតន្ត្រីសម័យបុរាណគឺ សិល្បការិនី Laura Mam។

បន្ត​មក​ទៀត មាន​ក្រុម Omens Radio គឺជាក្រុមតន្ដ្រីដែលមានសមាសភាព និងមានភាពបត់បែនខ្ពស់ទៅលើ តន្ដ្រីផ្នែក R&B និង Electronic។ "មិនតែ​ប៉ុណ្ណោះ យើងក៏មាន​តារាចម្រៀង និងអ្នកនិពន្ធចម្រៀង Sophia Kao ដែលជាសិល្បការនីផ្នែក soul-R&B។ ជាងនេះទៅទៀតយើងក៏មាន កំពូល​តារាចម្រៀងក្នុងប្រទេសគឺ VannDa ដែលជាសិល្បករផ្នែក hip-hop ថែម​ទៀត"។ ភីតធ័រ​ថ្លែង។

ភីតធ័រ ថ្លែង​ថា បារមី មាន​មោទកភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ក្រុម​សិល្បករ​តំណាង​កម្ពុជា ទៅ​ចូល​រួម​ព្រឹត្តិការណ៍​ខាងលើ និង​​សង្ឃឹម​ថា អ្វី​ៗ​នឹង​ដំណើរ​ល្អ​ដូច​ការ​គ្រោង​ទុក។

សិល្បករ សិល្បការិនី​តំណាង​កម្ពុជា នឹង​ត្រូវ​ចូល​រួម​ជាមួយ​សិល្បករ​ល្បី​ៗ​នៅតាមបណ្ដាប្រទេសចំនួន ៧ មានដូចជា៖ ឥណ្ឌូនេសុី ម៉ាឡេសុី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ធ្វើ​ការ​ប្រគំ​តន្ត្រី​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​បំផុត​ខាង​លើ​។

សហស្ថាបនិក AMS MC Galang នាយកផ្នែក Creative និងសហស្ថាបនិកនៃអ្នករៀបចំព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ដែលមានមូលដ្ឌាននៅប្រទេសហ្វីលីពីន និងការផ្សព្វផ្សាយតន្ត្រីតាមប្រព័ន្ធអនឡាញ The Rest Is Noise បាន​បញ្ចេញ​នូវ​លក្ខខណ្ឌ​សម្រាប់​ការ​រើសបញ្ចូល​សិល្បករ​តាម​ប្រទេស​នីមួយ​ៗ​ថា ការជ្រើសរើស គឺ​ស្ទង់មើលទៅលើសក្ដានុពលរបស់សិល្បករ​របស់​ប្រទេស​នានា ដោយ​មិន​ផ្ដោត​តែ​លើ​អាជីព​ជា​តារា​ចម្រៀង​របស់​ពួក​គេ​នោះ​ទេ។

លោក​ថា "ការ​ជ្រើសរើស​របស់​យើង គឺ​មិន​មើលតែ​គាត់​ជា តារាចម្រៀងតែម្យ៉ាងនោះទេ គឺពួកគាត់ក៏ជាអ្នកសម្ដែងផងដែរ។ ដោយបែបនេះហើយយើងសង្ឃឹមយ៉ាងមុតមាំទៅតាមរយះ ការវាយតម្លៃទៅលើ បទពិសោធន៍និងសមត្ថភាពរបស់ពួកគាត់នៅក្នុងវិស័យសិល្បៈនៃប្រទេសនីមួយៗថានេះគឺជាឱកាសមួយដែលអាចជួយពួកគាត់ឲ្យកាន់តែល្បីរន្ទឺទាំងក្នុងប្រទេសនិងទូទាំងពិភពលោក”។

តាម​គម្រោង ASEAN Music Showcase Festival (AMS) ឆ្នាំ ២០២១នឹងប្រារព្ធនៅថ្ងៃ សៅរ៍ ទី ១១ និងថ្ងៃ អាទិត្យ ទី ១២ ខែកញ្ញា ឆ្នាំ ២០២១ខាងមុខនេះ​ហើយ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី