គម្រោង AIMS ជួយ​បញ្ចប់​កង្វល់​យុវវ័យ​ខ្មែរ ​រឿង​ចំណាក​ស្រុក​

  • 2014-11-24 23:11:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង្វះ​ព័ត៌មាន​ គឺជា បញ្ហា​ចម្បង​ ដែល​នាំ​ឲ្យ​​យុវវ័យ ឬ ពលករ​ខ្មែរ​​មួយ​ចំនួន​​ប្រឈម​គ្រោះ​ថ្នាក់​ ក្នុង​ការ​ចំណាក​ស្រុក​ទាំង​ក្នុង​​ប្រទេស​ និង ក្រៅ​ប្រទេស។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ គេហទំព័រ aims.worlded.org នឹង​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​អប់រំ​អំពី​ចំណាក​ស្រុក។ (AIMS) គឺជា​ គម្រោង​មួយ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​អប់រំ​ពិភព​លោក-កម្ពុជា និង ​ទទួល​បាន​​ការ​គាំទ្រ​ពី​មូលនិធិ Dream Blue Foundation (DBF) ព្រម​ទាំង​​ដៃ​គូ​​​សហការ​ ​​​​ដូចជា Media One និង Friend International។  

សូមចុចអាន៖ តូប​​នៅ​ផ្សារ​ចាស់​​៥០%​​ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ​ទាំងស្រុង​ព្រឹក​មិញ​នេះ​

 
 

លោក សុខ សាគឿន មន្ត្រី​​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​នៅ​ក្នុង​គម្រោង​ (AIMS) នៃ​អង្គការ​អប់រំ​ពិភព​លោក-កម្ពុជា បាន​និយាយ​ប្រាប់​គេហទំព័រ Sabay ថា AIMS គឺជា គម្រោង​មួយ​ដែល​មាន​គោល​បំណង​បញ្ជ្រាប​ព័ត៌មាន​អំពី​ការ​ចំណាក​ស្រុក​ដោយ​សុវត្ថិ​តាម​រយៈ​គេហទំព័រ aims.worlded.org និង ប្រព័ន្ធ​​ឆ្លើយ​តប​​​ស្វ័យ​ប្រវត្តិ​ជា​សំឡេង​តាម​ទូរសព្ទ។  

លោក សុខ សាគឿន និយាយ​បន្ត​ទៀត​ថា នៅ​ប្រទេស​កម្ពុជា​មាន​ពលរដ្ឋ​វ័យ​ក្មេង​ជាច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ឬ ទៅ​កាន់​កន្លែង​ផ្សេងៗ​ទៀត​ នៃ​ប្រទេស​កម្ពុជា​ ឬ​ប្រទេស​ផ្សេងៗ។ ពេល​ខ្លះ​ការ​ធ្វើ​ចំណាក​ស្រុក​គឺ​ធ្វើ​ដោយ​វិជ្ជមាន ប៉ុន្តែ​ការ​មិន​ទទួល​បាន​ព័ត៌មាន​និង​ចំណេះ​ដឹង​ត្រឹមត្រូវ​ពី​ការ​ធ្វើ​ចំណាក​ស្រុក ក៏​អាច​មាន​ហានិភ័យ​ជាច្រើន។  

ដូច្នេះ​​ដោយ​មាន​ការ​គាំទ្រ​ពី​មូល​និធិ Dream Blue Foundation, អង្គការ​អប់រំ​ពិភព​លោក-កម្ពុជា កំពុង​អនុវត្ត​គម្រោង​សេវា​ព័ត៌មាន​ដើម្បី​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​(AIMS)​ដើម្បី​ជួយ​ផ្ដល់​ព័ត៌មាន​សម្រាប់​ពលរដ្ឋ​វ័យ​ក្មេង​ដែល​កំពុង​គិត​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ទាំង​ក្នុង​ស្រុក​ និង ក្រៅ​ប្រទេស តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​អំពី​ការ​ធ្វើ​លិខិត​ឆ្លង​ដែន ស្ថានភាព​ការងារ និង ស្ថានភាព​សុខភាព​ជាដើម។  

“យើង​ដើរ​តួនាទី​ផ្ដល់​ព័ត៌មាន​អំពី​​ស្ថានភាព​ការងារ​ដែល​គាត់​នឹង​ត្រូវ​ទៅ​ធ្វើ​ ដូចជា ប្រទេស​កូរ៉េ ឬ ថៃ​ជាដើម អីចឹង! គាត់​ត្រូវ​ដឹង​គាត់​ត្រៀម​អ្វី​ខ្លះ​ទាំង​របៀប​របប​រស់​នៅ អាហារ លក្ខន្តិកៈ​ការងារ និង សុខភាព​ជាដើម"។ លោក សុខ សាគឿន និយាយ។  

លោក បាន​និយាយ​បន្ថែម​ថា គម្រោង​នេះ បាន​ចាប់​ផ្ដើម​ពី​​អំឡុង​ខែ វិច្ឆិកា​ ឆ្នាំ ២០១៣ ហើយ​ទើប​ចេញ​ជារូបរាង​ជា​បឋម​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ ២០១៤។ "គេហទំព័រ​យើង​មាន​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ព្រោះ​អង្គការ​ដៃ​គូ​របស់​យើង​សុទ្ធសឹងតែ​ជា​អ្នក​ជំនាញ​លើ​ការងារ​ផ្នែក​​អប់រំ​អំពី​​ការ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព"។  

ផ្អែក​តាម​បណ្ដាញ​សារព័ត៌មាន ​ដែល​ចុះ​ផ្សាយ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​ចំណាក​ស្រុក​ដោយ​ខ្វះ​ព័ត៌មាន​​ត្រូវ​បាន​ប្រឈម​គ្រោះថ្នាក់​ជាច្រើន​ ដូចជា អំពើ​ជួញ​ដូរ​មនុស្ស និង ភេទ ជួញ​ដូរ​កម្លាំង​ពលកម្ម និង ប្រឈម​ការ​ចាប់​បញ្ជូន​ត្រឡប់​ពី​​ប្រទេស​ផ្សេង​ៗ​ជាដើម ព្រោះ​តែ​ ការ​ចេញ​ទៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​ ពុំ​មាន​​លិខិត​ឆ្លង​ដែន​ជាដើម។  

លោក សុខ សាគឿន បាន​និយាយ​ទៀត​ថា ក្នុង​ចំណោម​ជន​រងគ្រោះ​ដោយ​ការ​ចំណាក​ស្រុក​ គឺ​ភាគច្រើន​គឺជា​យុវវ័យ។ ភាព​ក្រីក្រ ការ​ចង់​ដឹង​ចង់​ឮ គឺជា​ អ្វី​ដែល​យុវវ័យ​ចង់​សាក ហើយ​ឈាន​ដល់​ការ​ចំណាក​ស្រុក​ ប៉ុន្តែ មួយ​ចំនួន​ខ្វះ​ព័ត៌មាន​គ្រប់​គ្រាន់។  

“យើង​បង្កើត​គម្រោង​នេះ មាន​ពីរ​កត្តា មួយ​សម្រាប់​អ្នក​អាច​អាន​និង​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​គឺ​អាច​ស្វែង​រក​ព័ត៌មាន​តាម​រយៈ​គេហទំព័រ ហើយ​មួយ​ទៀត​សម្រាប់​អ្នក​មិន​ចេះ​អក្សរ​គ្រាន់​តែ​ចុច​លេខ​ទូរសព្ទ នឹង​មាន​សំឡេង​ណែនាំ​ផ្សេង​អំពី​ការ​អប់រំ​នៃ​ការ​ចំណាក​ស្រុក​ ជាដើម"។ សាគឿន​ បន្ថែម។  

លោក​រំពឹង​ថា គម្រោង​​ដែល​មាន​ឈ្មោះ​ថា AIMS នឹង​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​ចូលរួម​កាត់​បន្ថយ​​ការ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន។  

ព័ត៌មាន​សម្រាប់​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព (AIMS) គឺជា គម្រោង​ដែល​ទទួល​ជំនួយ​ពី Dream Blue Foundation of Blue Telcom, Inc.,​និង​ប្រតិបត្តិ​ដោយ​អង្គការ​អប់រំ​ពិភព​លោក​និង​សហការ​ដៃ​គូជា​មួយFriend InternationalនិងMedia One។

 

ស្វែងរកAIMSនៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណែតៈ www.aims.worlded.org និង លេខ​ទូរសព្ទ​សម្រាប់​ស្តាប់​មេរៀន​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព: 095 21 77 44, 096 52 16 006, 097 24 22 898, 097 24 22 808៕  

សូមចុចអាន៖ អាជីវករ​ប្រាប់​​មូលហេតុ​ ​​​ឆេះ​​ផ្សារ​ចាស់​​ខូច​ខាត​​​​អស់​ ៧០% ​ព្រឹក​នេះ​​ (Updated)

សូមចុចអាន៖ ឥឡូវ​នេះ អគ្គីភ័យ​ដ៏​សន្ធោសន្ធៅ​កំពុង​ឆាប​ឆេះ​ផ្សារចាស់​​ (វីដេអូ)

សូមចុចអាន៖ ថ្ងៃ​​នេះ​​​៤​ឆ្នាំ​មុន​​ជា​​ព្រឹត្តិការណ៍​​​​​​​​​​ខ្មែរ​រន្ធត់​បំផុត​​​​ក្នុង​ប្រវត្តិសាស្ត្រ​​៣​ទសវត្ស​ចុង​ក្រោយ ​​