មកស្គាល់ទីអារាមទាំង៥នេះ មានរចនាបថចម្លាក់និងទេសភាព ស្អាតខ្លាំងបៃតងខ្ចី គួរជាទីមនោរម្យណាស់

  • 2021-09-16 04:48:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តអារាម ជាទីកន្លែងសម្រាប់ឲ្យព្រះសង្ឃអប់រំសីលធម៌ ផ្សព្វផ្សាយពុទ្ធវចន ដល់ពុទ្ធបរិស័ទ និងមានតួនាទីសំខាន់ណាស់ចំពោះប្រជាជនកម្ពុជា ។ វត្តអារាម ជាកន្លែងប្រជាជនបានផ្សារភ្ជាប់ជីវិត ទៅនិងព្រះពុទ្ធសាសនា ជាទីពឹងពាក់ជាបង្អែងខាងផ្លូវចិត្ត អប់រំកាយចិត្ត និង ជាទីសក្ការៈ។ ទន្ទឹមនេះទីអារាម ជាទីដ៏ឧត្តមសម្រាប់ប្រជាជនកម្ពុជានិយមធ្វើពិធីបុណ្យផ្សេងៗ ដែលជាប្រពៃណី តាមទំនៀមទំលាប់ព្រះពុទ្ធសាសនាផងដែរ។

វត្តអារាមទាំង៥ ខាងក្រោមនេះ សុទ្ធសឹងតែមានសំណង់សាសនា ប្រកបក្បូរក្បាច់រចនាបែបខ្មែរពិតៗ បូកផ្សំនឹងការរៀបចំ ទីធ្លារបរិវេណ និងទិដ្ឋភាពជារួមនៃអារាមទាំងនេះគឺពិតជាស្រស់ស្អាត គួរជាទីមនោរម្យណាស់។

១. វត្តព្រះពោធិសត្វគីរីរម្យ ហៅវត្តគីរីរម្យថ្មី ៖ ទីអារាមដ៏ស្រស់ស្អាតត្រដឹមត្រដែតនេះ ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ខេត្តកំពង់ស្ពឺ ក្បូរក្បាច់រចនានៃអារាមមួយនេះ ស័ក្ដិសមជាទីឋានដ៏ល្អវិសុទ្ធសម្រាប់ពុទ្ធសាសនិកជនគ្រប់រូបសំណាក់អាស្រ័យគ្រប់ៗគ្នា។

២. វត្តប្រាសាទស្រះកណ្តាល ហៅវត្តខ្ចាស់ ៖ ទីអារាមនេះស្ថិតក្នុងខេត្តបន្ទាយមានជ័យ ទីធ្លាបរិវេណ និងទិដ្ឋភាពជារួមនៃអារាមនេះ គឺមានភាពស្រស់ស្អាត ស្ងប់ស្ងាត់ពោរពេញដោយភាពស្រស់បំព្រង ខ្យល់អាកាសល្អស្រស់ថ្លា ស័ក្ដិសមជាទីឋានដ៏ល្អវិសុទ្ធសម្រាប់គោរពបូជា។

៣. វត្តរាជបូណ៌ ឬហៅកាត់ថាវត្តបូណ៌ ៖ វត្តនេះជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ ទីអារាមមួយនេះសម្បូរទៅដោយសមិទ្ធិផលក្បូរក្បាច់រចនាបែបខ្មែរ។ ក្នុងនោះមានសំណង់វប្បធម៌ពិសេសជាច្រើនសុទ្ធតែប្រណិតមានសិល្បៈដ៏រស់រវើកល្អវិចិត្រ ដែលឆ្លុះបញ្ចាំងអំពីភាពផ្ចិតផ្ចង់ នៃសិល្បករ ស្ថាបត្យករ និងសិល្បៈបុរាណខ្មែរសម្រាប់សាសនា។

៤. វត្តដំរីស ឬហៅថាវត្តស្វេតឆត្រកុញ្ជរជ័យ ៖ ជាអារាមព្រះពុទ្ធសាសនាដ៏ចំណាស់មួយ ក្នុងចំណោមទីអារាមចំណាស់ៗ នៅខេត្តបាត់ដំបង ។ វត្តដំរីសមានប្រវត្តិតាំងពីបុរាណកាលជាជម្រកដ៏ត្រជាក់ត្រជុំដល់សិស្សក្រីក្រពីភូមិជនបទជាយខេត្ត ដែលស្នាក់នៅរៀនសូត្រ បំពេញវិជ្ជានៅទីក្រុង ។ អ្វីដែលពិសេស គួរឲ្យចាប់អារម្មណ៍ពីវត្តដំរីស គឺចម្លាក់ផុសដ៏រស់រវើកនៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ និងថ្វីដៃគំនូរដ៏វិចិត្រ ដែលវិចិត្រករយកពណ៌ពីរុក្ខជាតិគូរនៅខាងលើជញ្ជាំង ខាងក្រៅ មួយជុំព្រះវិហារ និងមានក្បាច់ចម្លាក់មានវ័យចំណាស់ជាច្រើនបន្សល់ទុកផងដែរ។

៥. វត្តសំសមី ៖ ទីអាររាមមួយនេះ មានទេសភាពព្រៃព្រឹក្សាអមសងខាងបៃតងខ្ចី ខ្យលអាកាសល្អស្រស់ថ្លា ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ក្រៅពីបរិស្ថានស្អាត ម្លប់ត្រឈឹងត្រឈៃ ទឹកស្ទឹង និងស្រះទឹក សួនបុប្ផាក៏ជាចំណុចទាក់ទាញ និងបង្កើនសម្រស់បរិស្ថានស្អាតក្នុងទីអារាមនេះផងដែរ៕

អត្ថបទដកស្រង់ និងកែសម្រួលដោយ៖ ស៊ូ​​ អីន

អត្ថបទពេញនិយម
អត្ថបទថ្មី