ព្រំ ​សំណាង​ ឈឿង​ ល្វៃ​ នរណា​ជា​អ្នក​ឈ្នះ​នៅ​ជំនួប​លើក​ទី១​នេះ...​

  • 2021-09-17 06:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​តាំង​ពី​ជំនាន់​ វ៉ន​ វីវ៉ា​ គឺ​ ព្រំ​ សំណាង​ នឹង​ត្រូវ​ប៉ះ​គ្នា​ជា​មួយ​កីឡាករ​ស្រករ​ក្រោយ​កំពុង​ឡើង​ថ្វីដៃ​ ឈឿង​ ល្វៃ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​កញ្ញា​ ២០២១ ។​

កីឡាករ ព្រំ សំណាង

បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​ហ្វេសបុក​របស់​សង្វៀន​បាយ័ន​ គឺ​កីឡាករ​ចាស់​វស្សា​ ព្រំ​ សំណាង​ ត្រូវ​ឡើង​សង្វៀន​ជា​ថ្មី​ទៀត​ហើយ​ដោយ​ត្រូវ​ប៉ះ​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ ឈឿង​ ល្វៃ​ លើ​ប្រភេទ​ទម្ងន់​ ៧៥​គីឡូក្រាម។​ ការ​ប្រកួត​មួយ​នេះ​ក៏​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ​ ពោល​ម្នាក់​ខាន​យូរ​ និង​ម្នាក់​ទៀត​សមត្ថភាព​កំពុង​ឡើង។​ បើ​និយាយ​ពី​កាយសម្បទា​វិញ​គឺ​ល្អ​ និង​ប្រហាក់ប្រហែល​គ្នា​ទៀត​ផង​មិន​ថា​កម្ពស់​ និង​សាច់ដុំ​នោះ​ទេ។​

កីឡាករ ព្រំ សំណាង

ព្រំ​ សំណាង​ ហាក់​មាន​ប្រៀប​បន្តិច​លើ​បទ​ពិសោធ​ប្រកួត​ ព្រោះ​ចូល​ប្រឡូក​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​ មាន​ប្រវត្តិ​ប៉ះ​ដូច​ជា​ វ៉ន​ វីវ៉ា​ ទៀត​ផង។​ ចំណែក​ ឈឿង​ ល្វៃ​ បើ​ទោះ​ជា​ថ្មី​មែន​ ប៉ុន្តែ​សមត្ថភាព​កើន​ឡើង​ជា​លំដាប់​ជា​ពិសេស​កម្លាំង​ល្អ​ និង​ធ្លាប់​ស្មើ​ពិន្ទុ​ជា​មួយ​ ឡៅ​ ចន្ទ្រា​ ផង​ថ្មីៗ​នេះ។​

ឈឿង​ ល្វៃ​ ក៏​បាន​បង្ហាញ​ចំណាប់​របស់​ខ្លួន​លើ​ផេក​គុន​ខ្មែរ​មួយ​ចំនួន​ដែរ​ថា​ រូប​គេ​ជ្រើសរើស​ការ​ប្រកួត​ជា​មួយ​ ព្រំ​ សំណាង​ លើក​នេះ​គឺ​ចង់​ជួយ​ឲ្យ​រៀមច្បង​បាន​ឡើង​ប្រកួត​ទទួល​បាន​ប្រាក់​ចំណូល​ទៅ​ផ្គត់ផ្គង់​គ្រួសារ។​ មួយ​វិញ​ទៀត​ចង់​ប៉ះ​ជើង​ខ្លាំង​មាន​បទ​ពិសោធ​ច្រើន​បែប​នេះ​ដើម្បី​ទទួល​នូវ​អ្វី​ដែល​ថ្មី​បន្ថែម​ និង​តិចនិក​ផ្សេងៗ​ក្នុង​ការ​អភិវឌ្ឍន៍​ខ្លួន​។​

កម្មវិធីប្រកួតរបស់សង្វៀនបាយ័ន

បញ្ជាក់​ដែរ​ថា​ ព្រំ​ សំណាង​ គឺ​ទើប​បាន​ប្រកួត​មួយ​ប្រកួត​នោះ​ទេ​តាំង​តែ​ពី​រូប​គេ​ចេញ​ពី​ក្លឹប​ឆត្រយោង​ ៩១១​ និង​បាន​បញ្ចប់​ភាព​ចម្រូងចម្រាស​ជា​មួយ​ក្លឹប​ចាស់​មក។​ តាម​ពិត​រូប​គេ​ត្រូវ​ឡើង​ប្រកួត​ខ្លះៗ​ហើយ​ ប៉ុន្តែ​ដោយ​សារ​ភាព​ចៃដន្យ​មួយ​ចំនួន​ និង​ការ​ខ្វះ​កីឡាករ​ផង​ទើប​មិន​សូវ​បាន​ប្រកួត។​ នៅ​ថ្ងៃ​សៅរ៍​ ស្អែក​នេះ​ សំណាង​ ប៉ះ​ ឈឿង​ ល្វៃ​ ចាប់​ពី​ម៉ោង​៨​ព្រឹក​តទៅ​លើ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម