លោក William Guang ពន្យល់តាមផ្លូវច្បាប់រឿងខ្ញុង និងគ្រូជោគជ័យ ចូលបទឆបោក តើព្រះរាជអាជ្ញាអាចដាក់បណ្ដឹងចំពោះរឿងនេះឬទេ?

  • 2021-10-20 08:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃមកនេះមហាជនប្រាកដជាបានដឹងករណីរឿងតារាកំប្លែង អ្នកនាង ស្រី សុកាន់ដា ហៅ ខ្ញុង ជំពាក់បំណុលរហូតដល់ជិត ៦០ម៉ឺនដុល្លារ ក្រោយរកស៊ីក្ស័យធន រហូតដល់យំគគ្រូកស្នើសុំជំនួយពីទស្សនិកជនម្នាក់ ១ដុល្លារ ដើម្បីសម្រាលបន្ទុករបស់ខ្លួន ។ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ ក្រោយល្បីខ្ទរខ្ទារពេញបណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា ស្រាប់តែចេញមុខបុរសម្នាក់ឈ្មោះ សៀវ សុផល ដែលអះអាងថាខ្លួនជាគ្រូជោគជ័យ នៅពីក្រោយវិធីដោះបំណុលរបស់នាងខ្ញុង ។

ក្រោយចេញមុខ Live និយាយគ្មានលាក់លៀមពីលោកគ្រូជោគជ័យម្នាក់នេះ បានធ្វើឱ្យមហាជនជាច្រើនសម្ដែងក្ដីខកចិត្តជាខ្លាំងចំពោះ តារាកំប្លែងរូបនេះ ដែលប្រើល្បិចកលយំដាក់កាម៉េរាបោកប្រាស់ទឹកចិត្តអ្នកខំអាណិតស្រលាញ់ ។ លោក សៀវ សុផល បានរៀបរាប់គ្មានសល់ថា មុនឈានដល់ការដើរទៅមុខសាលាដំបូងរាជធានីភ្នំពេញ អ្នកនាង ខ្ញុង បានទៅជួបលោកដើម្បីប្រឹក្សា រួចហើយក៏បានជាចេញរឿងរ៉ាវលើបណ្ដាញសង្គមដូចដែលប្រិយមិត្តបានឃើញ ។ ដូច្នេះមានន័យថា គំនិតគ្រប់បែបយ៉ាងចេញពីលោកគ្រូជោគជ័យ ហើយអ្នកនាងខ្ញុង ជាអ្នកដើរតួ។

រឿងរ៉ាវយ៉ាងណានោះ អ្នកនាង ខ្ញុងក៏បានចេញមុខបកស្រាយម្ដងទៀតនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ នេះថា លោក​គ្រូ​មិន​គួរធ្វើ​បែប​នេះ ពោល​គឺ​មិន​គួរ​ចេញ​មុខ​មកអះអាង​ថា​ជា​អ្នក​នៅ​ក្រោយ​សាច់​រឿង​របស់​នាង​នៅ​មុខ​តុលាការ ជា​ហេតុ​ធ្វើ​បង​ប្អូន​​ប្រិយមិត្ត​យល់​ខុស​មក​លើ​នាង ថា​បង្កើត​ឆាក​សម្ដែង​ដើម្បី​បោក​ប្រាស់​ទស្សនិកជន។ “និយាយ​នេះ សូម​ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ដោយ​សារ​តែ​លោក​គ្រូ​ចេញ​មក​និយាយ​តែ​ប៉ុន្មាន​ម៉ាត់ បង​ប្អូន​ក៏​ងាក ថា​ខ្ញុំ​សម្ដែង…!”។ ខ្ញុង ថ្លែង ។

ដោយឡែកបើតាម លោក William Guang ជាអ្នកនយោបាយម្នាក់ បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «តេីការរៀបចំសេណារីយូ (ផែនការ/ឧបាយកល) ដេីម្បីទទួលបានផលប្រយោជន៍បែបនេះ ត្រូវចាត់ទុកជាបទល្មេីសឬទេ» ?

លោកបានបន្តថា បេីគិតជាផ្លូវច្បាប់តាមផ្លូវច្បាប់ព្រហ្មទណ្ឌ បទឆបោក មាត្រា ៣៧៧ បានកំណត់និយមន័យថា «គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែងដោយអះអាងទៅលើឋានៈក្លែងដោយរំលោភទៅលើឋានៈពិតប្រាកដ ឬដោយប្រើ (ឧបាយកលទុច្ចរិត) ហើយដូច្នេះបានទទួលពីបុគ្គលនេះដោយធ្វើឱ្យខូចប្រយោជន៍ របស់បុគ្គលនេះឬរបស់តតិយជននូវ»៖

ទី១៖ ការប្រគល់មូលនិធិតម្លៃ ឬ ទ្រព្យសម្បត្តិអ្វីមួយ។

ទី២៖ ការផ្គត់ផ្គង់សេវា។

ទី៣៖ ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច។

អ្នកនយោបាយវ័យក្មេងរូបនេះបន្តថា ដេីម្បីធានាទប់ស្កាត់បាតុភាពនានាដែលបង្ករដល់ការបំពុលសង្គម ជាចម្ងល់របស់លោក តេី ព្រះរាជអាជ្ញា អាចធ្វេី បណ្ដឹងអាជ្ញាចំពោះករណីនេះឬទេ?

លោកបញ្ចាក់ថា ការដែលលោកលេីកបញ្ហានេះមកនិយាយ ព្រោះពលរដ្ឋត្រូវបានគេបំពុល គេបញ្ឆោត យ៉ាងគួរឱ្យអាណិតបំផុតហេីយសង្គម ត្រូវបានមនុស្សមួយក្ដាប់តូចប្រេីប្រាស់ប្រជាប្រិយភាពក្នុងការបង្កេីតព្រឹត្តិការណ៍ទាញផលប្រយោជន៍មកខ្លួន ៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម