បើកផ្លូវក្រោមដីចោមចៅសាកល្បង ស្រាប់តែពលរដ្ឋជាច្រើននាំគ្នាជិះបញ្ច្រាស ដោយមិនញញើតពីគ្រោះថ្នាក់

  • 2021-11-10 02:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលភ្នំពេញបើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ចាប់ពីមហាវិថីចោមចៅ ទៅផ្លូវជាតិលេខ៤ ដើម្បីសម្រួលការកកស្ទះចរាចរក្នុងពេលដំណើរការអ៊ុតកៅស៊ូផ្លូវតភ្ជាប់ពីមហាវិថីសហព័ន្ឋរុស្សុីទៅផ្លូវជាតិលេខ៤ និងផ្លូវតភ្ជាប់ចាប់ពីមហាវិថីចោមចៅទៅមហាវិថីសហព័ន្ឋរុស្សុី។

ការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានធ្វើការពង្វាងចរាចរណ៍រយៈពេល ១៤ថ្ងៃ ដោយបើកអោយប្រើប្រាស់ផ្លូវក្រោមដីថ្មីជាបណ្តោះអាសន្ន ពីមហាវិថីចោមចៅទៅផ្លូវជាតិលេខ៤។ យ៉ាងណា ៤ថ្ងៃកន្លងមកក្រោយបើកឲ្យប្រើប្រាស់សាកល្បងមានប្រជាពលរដ្ឋមួយចំនួននាំគ្នាជិះបញ្ច្រាស ដែលអាចមានហានិភ័យខ្ពស់សម្រាប់គ្រោះថ្នាក់ចរាចរណ៍។

យោងតាមការបង្ហោះពី Facebook ឈ្មោះ So Phea បានរៀបរាប់ថា៖ "ប្រសិនជាបែបៗនេះ ច្បាស់ជាជួបគ្រោះថ្នាក់ជាក់ជាមិនខាន បើម្នាក់ៗ មិនស្គាល់ថា ជាផ្លូវឯកទិស សំខាន់ផ្លូវកោងក្រោមដី។ គេដាក់សញ្ញាអោយវៀងព្រោះការដ្ឋានកំពុងសាងសង់ តែម្នាក់ៗ មិនព្រមវាងទេ សុខចិត្តផ្សងគ្រោះថ្នាក់ជិះបញ្ច្រាស គ្រោះថ្នាក់មើលមិនឃើញទេ"។

"សូមកុំអោយភាពខ្ជិលវាងផ្លូវរបស់អ្នក ធ្វើអោយគ្រោះថ្នាក់ដល់អ្នកដទៃ សូមបញ្ជាក់៖ ទីតាំងគឺនៅតាមផ្លូវឯកទិស ពីផ្លូវជាតិលេខ៤ ចូលមកផ្លូវសហព័ន្ធរុស្សុី ត្រង់ចំនុចផ្លូវក្រោមដី អតីតរង្វង់មូលចោមចៅ ខណៈការដ្ឋានកំពុង​សាងសង ស្ពានអាកាសចោមចៅ ទាំងយប់ទាំងថ្ងៃ។ សូមអាជ្ញាធរ ពាក់ព័ន្ធជួយ ពិនិត្យផង ព្រោះគ្រោះថ្នាក់មើលមិនឃើញទេ ។ ហើយក៏សូមអធ្យាស្រ័យ ប្រសិនជាបងប្អូនណាដែលមានក្នុងរូបទាំងនេះ ផងដែរ"៕

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម