ឡានអគ្គិសនី Airtrek ដែល​ Mitsubishi ទើបប្រកាសចេញ តម្លៃ៣ម៉ឺនស្តើង សាកពេញ​រត់​បាន ៥២០គ.ម

  • 2021-11-22 07:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mitsubishi បាន​ប្រកាស​ចេញ​នូវរថយន្តអគ្គិសនី​របស់ខ្លួន​ម៉ូដែល Airtrek ក្នុងពិព័រណ៌រថយន្ត Guangzhou Auto Show 2021 នៅប្រទេសចិន កាលពីសប្តាហ៍មុន។

រថយន្ត​ Mitsubishi Airtrek មាន​ប្រវែង ៤៦០០មម ទទឹង ១៩២០ ​កម្ពស់ ១៧២៨មម មានគម្លាតពីកង់មុខទៅកង់ក្រោយ ២៨៣០មម និង​ទម្ងន់ ១៩០០គីឡូក្រាម។ វា​បំពាក់​អាគុយដែល​មាន​ថាមពល ៧០គីឡូវ៉ាត់ ដោយ​សាកពេញម្តង អាច​ធ្វើដំណើរបាន​ដល់ ៥២០គីឡូម៉ែត្រ ជាមួយនឹង​កម្លាំង ១៨១សេះ។

រូបរាង​របស់​រថយន្ត SUV នេះ ត្រូវគេសន្និដ្ឋានថា បាន​ឌីហ្សាញ​ឡើង​ដោយផ្អែក​លើរថយន្តចិន Aion V របស់​ក្រុមហ៊ុន GAC ពោលគឺ​ក្រុមហ៊ុនទាំង២ បាន​សហការ​គ្នា​ផលិត។ ផ្នែកខាងមុខរថយន្ត មើលទៅមានអំណាចដោយមានមុខស្រួច ដោយចង្កៀង​ជាប្រភេទ LED ហើយ​ប៉ាណា​វា​ គឺគេហៅថា Dynamic Shield មានឡូហ្គូ Mitsubishi នៅចំកណ្តាល។ ចំណែកឯកាង​មាន​រន្ធបឺតខ្យល់ ខណៈចង្កៀង​ស្តុបក្រោយ​ជារាងអក្សរ L រំលេចដោយឡូហ្គូនៅចំកណ្តាល។ ចំពោះដៃទ្វាររថយន្ត គឺផុសឡើង​ (pop up) នៅពេល​យើង​ត្រូវការបើកទ្វារ ដែល​បច្ចេកវិទ្យា​នេះ កំពុងពេញ​និយមខ្លាំង។

យ៉ាងណាមិញ ចំពោះ​ផ្នែកខាងក្នុង​នៃ​រថយន្ត​ស៊េរីថ្មីរបស់ Mitsubishi នេះ មិនត្រូវបាន​បញ្ជាក់លម្អិតឡើយ ដោយគ្រាន់តែឃើញ​ដៃចង្កូត​មានបូតុង​ចុចបញ្ជា កុងទ័រឌីជីថល អេក្រង់​ប្រព័ន្ធកម្សាន្ត​ដ៏ធំ​នៅចំកណ្តាល​ផ្ទៃតាប្លូ រួមជាមួយ​កៅអីពូកស្បែក​ចំនួន៥។

Mitsubishi នឹង​ដាក់​លក់​រថយន្ត​ Airtrek នេះ​​ក្នុង​ប្រទេសចិន នៅឆ្នាំ​២០២២ ដោយអាច​មាន​តម្លៃចាប់ពី ៣២ ០០០ដុល្លារឡើងទៅ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី