ស្នងការរងខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកចំនួន ៦៧៥ ហិកតា ជូនរដ្ឋវិញ!
- 2021-12-01 05:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នងការរងខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកចំនួន ៦៧៥ ហិកតា ជូនរដ្ឋវិញ!
ចន្លោះមិនឃើញ
តាមព័ត៌មាននៅព្រឹកថ្ងៃទី ០១ ធ្នូ ២០២១ ស្នងការរងខេត្តកំពង់ឆ្នាំង ឧត្តមសេនីយត្រី៍ ស៊ុំ សុជាតិ ស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញនូវដីព្រៃលិចទឹកចំនួន ៦៧៥ហិកតា ដែលលោកបានទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនកាលពីគ្រាកន្លងមក។ នេះបើតាមគណនីហ្វេសប៊ុកលោក ផែង វណ្ណៈ។
លោក ផែង វណ្ណៈ ជាអ្នកសារព័ត៌មានមួយរូប បានរាយការណ៍ពីករណីនេះលើគណនីហ្វេសប៊ុករបស់លោក ក្នុងនោះលោកបានបរិយាយថា ឧត្តមសេនីយត្រី៍ គឺបុគ្គលម្នាក់ល្បីល្បាញខាងឈូសឆាយយកដីព្រៃលិចទឹករបស់រដ្ឋនៅខេត្តកំពង់ឆ្នាំង និងជាអ្នកពូកែប្ដឹងចាប់ប្រជាពលរដ្ឋដែលចូលទៅក្បែរដីលោកដាក់គុកនោះ ពេលនេះបានស្ម័គ្រចិត្តប្រគល់ដីដែលខ្លួនទន្ទ្រានកាន់កាប់យកដោយខុសច្បាប់ចំនួន ៦៧៥ ហិកតា ជូនរដ្ឋវិញហើយ។
សកម្មភាពនេះ គឺបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុន ដោយជំរុញឲ្យមានចំណាត់ការបង្រ្កាប និងទប់ស្កាត់ចលនាកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក នៅតំបន់ជុំវិញបឹងទន្លេសាប ដែលក្រោយមកមានក្រសួងចំនួន៣បានទទួលបន្ទុកចាត់ការលើករណីនេះ ។
ក្រសួងទាំង៣នោះមាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹងនាំផ្ទាល់ដោយ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម វេង សាខុននិង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំផ្ទាល់ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយក្រុមការងារអន្តរក្រសួង អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីពាក់ព័ន្ធជំវិញខេត្តថែមទៀត។
មហាជន ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង កំពុងរង់ចាំតាមដានបន្ត តេីមានមន្ត្រី ប៉ុន្មាននាក់អាចប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប? នេះបើតាមលោក ផែង វណ្ណៈ។
បឹងទន្លេសាបជាអាងស្តុកទឹកធម្មជាតិនិងមច្ឆាជាតិ ដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយក៏ជាបឹងមួយដ៏ធំជាងគេនៅក្នុងតំប់អាស៊ីអាគ្នេយ៍ ជាពិសេសជាងនេះទៅទៀត បឹងទន្លេសាបមានទំហំផ្ទៃទាំងអស់ចំនួន ៣០០០គីឡូម៉ែត្រការ៉េ នៅរដូវប្រាំង និងមានទំហំចំនួន ១០០០០គីឡូម៉ែត្រការ៉េនៅរដូវវស្សា និងមានជាប់ខេត្តចំនួនប្រាំ ដែលរួមមានខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។
ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប មានផ្ទៃប្រមាណជិត ២៥ ម៉ឺនហិកតា ដែលជាជម្រកចាំបាច់ណាស់សម្រាប់ត្រីពងកូនខួបប្រាំងខួបវស្សា ដែលបម្រើជាឧត្តមប្រយោជន៍យ៉ាងច្រើន ដល់ប្រជាពលរដ្ឋក្នុងតំបន់ជុំវិញបឹងទន្លេសាបនេះ៕