សិស្សមធ្យមសិក្សាកូរ៉េខាងជើងម្នាក់ ត្រូវជាប់ពន្ធនាគារ១៤ឆ្នាំ ពីបទលួចមើលរឿង «The Man From Nowhere»

  • 2021-12-02 04:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែកលើបណ្ដាញផ្សព្វផ្សាយព័ត៌មានកូរ៉េខាងជើង Daily NK បាន​ឲ្យដឹង​ថា​ សិស្សថ្នាក់មធ្យមសិក្សាម្នាក់​ក្នុងទីក្រុង Hyesan ប្រទេស​កូរ៉េខាងជើង ត្រូវ​បាន​គេ​ចាប់ខ្លួន បន្ទាប់​ពី​លួច​មើល​រឿង​កូរ៉េខាងត្បូង មានចំណងជើងថា «The Man From Nowhere»

សេចក្ដី​រាយការណ៍នៅ​បាន​បន្ថែម​ទៀតថា ដោយសារ ក្មេង​ម្នាក់នេះ មើល​រឿងនេះទើប​បាន​ ៥នាទីក៏ដោយ ក៏ត្រូវ​តែ​ទទួល​ទោស ដោយ​ជាប់ពន្ធនាគារហូត​ទៅ​ដល់ ១៤ឆ្នាំ។ ចំណែក​ឯឪពុកម្ដាយ​របស់ពួកគេក៏ត្រូវ​រងទណ្ឌកម្មដែរ ដោយគេសន្មតថាឃុបឃិត ល្មើសនឹងច្បាប់។ ចំពោះ​ប្រាក់ពិន័យ​វិញគឺ តែ ១០០ ០០០វ៉ុន (ខ្ទង់​៨៤,៥០ដុល្លារ) ទៅ ២០០ ០០០វ៉ុន (ខ្ទង់ ១៦៩ដុល្លារ) ប៉ុណ្ណោះ ប៉ុន្តែឪពុកម្ដាយ​ក៏ត្រូវបញ្ជូនទៅពន្ធនាគារជាមួយនឹង​កូន​របស់ពួកគេ​ដែរ។

ជាក់ស្ដែង​កាល​ពី​ឆ្នាំមុន ប្រទេស​កូរ៉េខាងត្បូង​បាន​អនុម័តច្បាប់​ថ្មី មួយ​ដែល​មាន​ឈ្មោះ​ថា​ ច្បាប់ «Culture Rejection Act»។ យោងតាម​គោលការណ៍​ច្បាប់​ថ្មី បាន​ចេញថា ជនណាហ៊ាន​ចែកចាយ​នូវការផ្សព្វផ្សាយទាំងអស់របស់កូរ៉េខាងត្បូង នោះគេ​នឹង​ត្រូវ​បានផ្ដន្ទាទោស​ប្រហារជីវិត ឬ​រងពិន័យ ទណ្ឌកម្មដល់ទៅ ១៥ឆ្នាំ។ ស្របពេលច្បាប់​នេះ​មិនទាន់មាន​ការ​បែងចែកច្បាស់លាស់ ពិសេស​សម្រាប់ការដាក់ទណ្ឌកម្មចំពោះអនីតិជន និង​មនុស្សពេញវ័យ ទើប​មានព័ត៌មាន​ថា​ អាជ្ញាធរកូរ៉េខាងជើង ជ្រើសចាត់វិធានការចំពោះសិស្សមធ្យមសិក្សាជា​ឧទាហរណ៍សិន ដើម្បីឲ្យឃើញ​នូវការ​រឹតបន្តឹងថាយ៉ាងណា។

ជាការពិត អ្នកណាក៏ដឹងដែរថា វិស័យភាពយន្តរបស់កូរ៉េខាងត្បូងមាន​ភាពជោគជ័យកម្រិតណានៅទូទាំងពិភពលោក សូម្បីនៅកូរ៉េខាងជើង។ ដោយសារ​តែ​ល្បីពេកបែបនេះ ទើបអាជ្ញាធរកូរ៉េខាងជើង កើតជាការភ័យខ្លាចប្រជាជនរបស់ខ្លួនលង់ខ្លួនកាន់តែខ្លាំង ទើបពួកគេបង្កើតច្បាប់រឹតបន្តឹងដាច់ខាតមិនឲ្យមានអ្នកល្មើសគាំទ្រអ្វីគ្រប់យ៉ាងរបស់កូរ៉េខាងត្បូងឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី