រឿងភាគខ្នាតធំស្ដែងពីជីវិតពិតរបស់សម្ដេចតេជោ ត្រៀមផលិតឆាប់ៗ និងមាន ខែមម៉ានូ និង នីរត្នន៍ ជាតួឯក

  • 2021-12-13 14:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ដែលសាច់រឿងឆ្លុះបញ្ចាំងពីជីវិតពិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវ​បានផលិតជា​ខ្សែភាពយន្តភាគខ្នាតធំហើយ។ ឯតួឯកធំ ២រូបក៏ត្រូវបង្ហាញដែរ គឺលោក ប៉ាន់ ខែមម៉ានូ តារាចម្រៀង​ប្រពៃណីបុរាណ (សម្ដែងជាតួ សម្ដេចតេជោ ហ៊ុនសែន) កញ្ញា ហ៊ិន ចាន់នីរត្នន៍ ពិធីការិនីដ៏ល្បី (សម្ដែងជាតួសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី)។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ​ហ៊ុន សែន បាន​អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងសំណេះសំណាលជាមួយនឹង​ក្រុមការងារ​ថតរបស់​រឿងនេះ។

យ៉ាងណាមិញ សម្រាប់ភាពយន្តភាគ​ខ្នាតធំ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» នេះ គឺជា​រឿង​ដែល​ស្ដែងចេញពី​ខ្សែជីវិត​ពិត​របស់​ សម្ដេចតេជោ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កាល​ពី​សម័យ​តស៊ូសង្គ្រោះជាតិ ជាមួយនឹង​វីរជនស្នេហាជាតិជា​ច្រើនរូប។

ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពងខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី គណៈកម្មការបានជ្រើសរើសអ្នកនិពន្ធចំនួន៥រូប ដើម្បីរៀបចំកែសម្រួលខ្លឹមសារអត្ថបទនិពន្ធ ល្ខោនវិទ្យុ ទៅជាអត្ថបទនិពន្ធភាពយន្តសរុបមាន ៤៤ភាគ ស្មើនឹង ៦៥៣ឆាក។ បន្ទាប់ពីបញ្ចប់ការងារនោះ គណៈកម្មការបានបង្កើតក្រុមការងារមួយធ្វើការពិនិត្យ កែលម្អ ដោយបន្សីនឹងសាច់រឿងឲ្យ ស្របទៅនឹងបរិបទសម័យកាល។

ងាកចូលតួសំដែងសំខាន់ៗវិញចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ ដូចជាឈុតឆាកនៃការប្រយុទ្ធ ការធ្វើបាតុកម្ម ការរៀបចំពិធីកំសាន្តបុណ្យចូលឆ្នាំជាដើម។ ក្រៅពីនេះ​ក៏នៅមានតួ​សម្ដែង​សំខាន់ៗផ្សេងទៀតដូចជា សុខ សោមាវត្តី ណាក់ ស្រីណា ជា វិបុល គង់ សុជាតិ ជួប សុភ័ក្ត្រ និងពិធីករ ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន ជាច្រើនរូបទៀត សុទ្ធតែជាតារាល្បីៗប្រចាំវិស័យ។

ក្រុមការងារគ្រប់គ្រងការផលិត បានចុះសិក្សាពិនិត្យជ្រើសរើសទីតាំងសម្រាប់ថតចំនួន ១០២ទីតាំង ដែលស្ថិតនៅក្នុងខេត្ត កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ និង រាជធានីភ្នំពេញ ដើម្បីរៀបចំតុបតែងបន្ថែមជាទីតាំងថត ឲ្យស្របនឹង បរិយាកាស ស្ថានភាពភូមិសាស្រ្ត និងជីវភាពរស់នៅនាសម័យកាលនោះ។

ផែនការការងារផលិតរបស់ គណៈកម្មការ ការផលិតមាន៤៤ភាគ ប្រើពេលរយៈពេល ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ៕

អត្ថបទ៖ យី សុធារី