កុំឃើញផ្លូវស្ងាត់ចេះតែជាន់យកៗ! ផ្លូវជាតិលេខ៣ ចាប់ផ្តើមសាកល្បងសមត្ថភាពកាមេរ៉ាចាប់ល្បឿនហើយ

  • 2021-12-16 03:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិ លេខ៣ កំពុងត្រូវបានប្រើប្រាស់សាកល្បង ដើម្បីតាមដានការបើកបររបស់ប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនៅតាមគោលដៅកំណត់ល្បឿនចរាចរណ៍។

ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ បានបញ្ជាក់ឱ្យដឹងថា កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ត្រូវបានតម្លើងចប់រួចរាល់កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់បែកគូស ដែលក្នុងនោះពីចោមចៅដល់បែកគូស ដែលផ្លូវមាន៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ដែលជាផ្លូវមាន២គន្លង មានចំនួន៦ទីតាំង។

ឯកឧត្តម មានប្រសាសន៍ថា កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ក្នុងគោលបំណងតាមដាន និងការពារសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣។

​គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ នឹងដាក់សម្ពោធប្រើប្រាស់ផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហើយការបំពាក់កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ៕

ប្រភព៖ ក្រសួងព័ត៌មាន   កែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម