បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ធ្វើសន្និសិទស្រាវជ្រាវពាក់ព័ន្ធនឹងការប្រើភាសាខ្មែរ ក្នុងប្រព័ន្ធកុំព្យូទ័រ

  • 2021-12-23 05:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំសន្និសិទស្រាវជ្រាវប្រចាំឆ្នាំថ្នាក់តំបន់លើកទី ៥ ស្តីពីការស្រាវជ្រាវនិងអភិវឌ្ឍន៍ បច្ចេកវិទ្យាភាសានៃបណ្តាប្រទេសអាស៊ាន ចំនួនពីរថ្ងៃប្រព្រឹត្តធ្វើឡើងនៅអគារនុវានុវត្តន៍ និងតាមរយៈអនឡាញ។

សន្និសិទស្រាវជ្រាវនេះមានការចូលរួមពីវាគ្មិន ដែលបានស្រាវជ្រាវលើបច្ចេកវិទ្យាភាសា មកពីប្រទេសចំនួន ៥ មានដូចជា៖ បារាំង ជប៉ុន មីយ៉ាន់ម៉ា ថៃ និងកម្ពុជា ក្នុងនោះក៍មានសាស្រ្តាចារ្យ និស្សិត និងតំណាងអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យនានា នៅក្នុងប្រទេសកម្ពុជាផងដែរ។

កំពុងធ្វើបទបង្ហាញ

ឆ្នាំនេះ កម្មវិធីបានទទួលនូវអត្ថបទស្រាវជ្រាវចំនួន ៥ និងមានការធ្វើបទបង្ហាញពីវាគ្មិនចំនួន ១០ រូបមកពីប្រទេសចំនួន ៥ គឺ បារាំង ជប៉ុន មីយ៉ាន់ម៉ា ថៃ និងកម្ពុជា ព្រមទាំងសំណាក់សាស្ត្រាចារ្យ និស្សិត និងតំណាងអ្នកស្រាវជ្រាវ ដែលជាអ្នកចូលរួមមកពី សកលវិទ្យាល័យរដ្ឋ និងគ្រឹះស្ថានស្រាវជ្រាវ នៅកម្ពុជា តាមរយៈ Zoom និង Facebook សរុបប្រមាណ ២០០នាក់។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា លើកឡើងថា៖ “ដោយមានការគាំទ្រពីថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ យើងបានរៀបចំសិក្ខាសាលា ស្រាវជ្រាវថ្នាក់តំបន់ ទាក់ទងនឹងបច្ចេកវិទ្យាភាសានេះ ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ។ ខ្ញុំគិតថា ការរៀបចំសិក្ខាសាលានេះបាន ផ្ដល់ឱកាសដល់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ភ្ជាប់ទំនាក់ទំនង ជាមួយអ្នកស្រាវជ្រាវអន្តរជាតិ ក៏ដូចអាចឲ្យ​គាត់បង្ហាញនិងបោះពុម្ពស្នាដៃស្រាវជ្រាវរបស់ខ្លួនលើប្រធានបទ ទាក់ទងនឹងវិធីសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗជម្រុញដល់ការប្រើប្រាស់ភាសាខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ។”

សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

សន្និសិទដែលប្រព្រឹត្តទៅពីរថ្ងៃនេះ គឺមានប្រធានបទ ១៥ ប្រភេទ ផ្សេងៗគ្នាក្នុងនោះមានរួមមាន ភាសាវិទ្យា (Linguistic), ដំណើរការអត្ថបទ (Text Processing), ដំណើរការនិយាយ (Speech Process), ការរៀនម៉ាស៊ីន (Machine Learning), ការរៀនស៊ីជម្រៅ ដល់ដំណើរការរូបភាព (Deep Learning to Image Processing) ។

ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី អ្នកទទួលបន្ទុកកិច្ចការស្រាវជា្រវនិងនវានុវត្តន៍ឌីជីថល លើកឡើងថា៖ “ថ្នាក់ដឹកនាំបណ្ឌិត្យ សភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានគាំទ្រយ៉ាង ខ្លាំងក្នុងការរៀបចំសិក្ខាសាលាខាងលើនេះ។ ជាពិសេសចំពោះគំនិតផ្តួចផ្តើមនានាលើការស្រាវជ្រាវនិងអភិវឌ្ឍន៍លើបច្ចេកវិទ្យាភាសាខ្មែរ ក៏ដូចជា បច្ចេកវិទ្យាឌីជីថលផ្សេងៗទៀតដើម្បីរួមគ្នាជំរុញការអភិវឌ្ឍ ធនធានស្រាវជ្រាវ និងធនធានមនុស្សជំនាញបច្ចេកវិទ្យាឌីជីថល ដែលជាធនធានចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិនៅក្នុងបរិបទនៃឧស្សាហកម្មជំនាន់ទី៤ ។”

ឯកឧត្តមបណ្ឌិត សំ សិទ្ធិសេរី

គោលបំណងចម្បងៗ នៃការៀបចំសន្និសីទនេះឡើងរួមមាន ការជំរុញអោយមានការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាភាសាខ្មែរឲ្យកាន់តែច្រើន, ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកស្រាវជ្រាវក្នុងស្រុក និងអ្នកស្រាវជ្រាវអន្តរជាតិ, ការបង្ហាញពីការរកឃើញ និងបច្ចេកវិទ្យាថ្មីៗទាក់ទង នឹងការប្រើប្រាស់ភាសា ក្នុងប្រព័ន្ធកុំព្យូទ័រ ជាពិសេសភាសា ដែលមានលក្ខណះស្មុគស្មាញ (Complex Script) និងមានការប្រើប្រាស់តិចតួចក្នុងប្រព័ន្ធ កុំព្យូទ័រដូចជាភាសាខ្មែរ ឡាវ និងមីយ៉ាន់ម៉ា ជាដើម។

សម្រាប់ពត៍មានបន្ថែមសូមចូលទៅកាន់៖ ona.cadt.edu.kh ឬចូលទៅកាន់គេហទំព័រ cadt.edu.kh | ទំនាក់ទំនង pr@cadt.edu.kh

តាមបណ្ដាញសង្គម Facebook: cadt-academy-fb | LinkedIn: cadt-linkedin | Instagram: cadtofficial និង Telegram: t.me/cadt_official

អត្ថបទ៖ រក្សា