ម៉ូតូអគ្គិសនីថ្មី រាងដូច Vespa ជំនាន់មុន បំពាក់បច្ចេកវិទ្យា Bluetooth សាកពេញបើកបាន ១៥០គ.ម
- 2022-01-03 04:27:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូអគ្គិសនីថ្មី រាងដូច Vespa ជំនាន់មុន បំពាក់បច្ចេកវិទ្យា Bluetooth សាកពេញបើកបាន ១៥០គ.ម
ចន្លោះមិនឃើញ
ក្រុមហ៊ុន One Moto បានបញ្ចេញម៉ូតូអគ្គិសនីថ្មីរបស់ខ្លួនម៉ូដែល Electa ដែលមានរូបរាងដូចម៉ូតូ Vespa ជំនាន់មុន ប៉ុន្តែបានបំពាក់បច្ចេកវិទ្យាទំនើប និងមានអាគុយធំ។
ម៉ូតូ Electa រាងបែបក្លាស៊ីកនេះ មានចង្កៀងដែលត្រូវបានឌីហ្សាញជារាងមូល ហើយចង្កៀងស្តុបស្ថិតនៅកាបាំងសងខាង កន្លែងដាក់ជើងក៏មានរាងកោង ងាយស្រួលជាន់ប្រកបដោយផាសុកភាព។ ឯខាងក្រោយវិញ ចង្កៀងក៏មានរាងមូល ហើយកែបវាមានដែកទ្រសល់បន្តិចខាងក្រោយ សម្រាប់ដាក់ឥវ៉ាន់ផ្សេងៗទៀតផង។
បើក្រឡេកមើលមួយភ្លេត យើងប្រហែលជាយល់ថា វាជាម៉ូតូស៊េរីចាស់មួយប៉ុណ្ណោះ ប៉ុន្តែការពិតវាបានបំពាក់បច្ចេកវិទ្យាទំនើបពិសេសគឺ Bluetooth ដែលអាចបញ្ជាតាមស្មាតហ្វូន និងមានបង្ហាញនៅលើកុងទ័រឌីជីថលផងដែរ។ App របស់ស្មាតហ្វូន មានមុខងារជួយដល់អ្នកបើកបរដូចជា មុខងារ Geo-fencing ប្រើសម្រាប់គោលដៅតាមដាន, មុខងារក្រើនរំលឹកឱ្យត្រួតពិនិត្យម៉ូតូ និងមុខងារវិភាគថាមពលអាគុយ និងចម្ងាយដែលជិះជាដើម។
ចំពោះម៉ាស៊ីនវិញ ម៉ូតូ One Moto Electa ដំណើរការដោយម៉ូទ័រ DC កម្លាំង ៤,៣សេះ អាចមូលកប់ដល់ល្បឿន ៩៦គីឡូម៉ែត្រក្នុង១ម៉ោង។ អាគុយរបស់វាជាប្រភេទ lithium-ion ទំហំ ៧២វ៉ុល និង ៤៥មីលីអំពែម៉ោង គ្រប់គ្រាន់សម្រាប់ចម្ងាយ ១៥០គីឡូម៉ែត្រ និងអាចផ្លាស់ប្តូរបាន ប៉ុន្តែពេលសាកពេញម្តង ត្រូវចំណាយពេលដល់ទៅ ៤ម៉ោងឯណោះ។
ម៉ូតូនេះ ត្រូវបានដាក់លក់ក្នុងប្រទេសអង់គ្លេស អារ៉ាប់រួម និងឥណ្ឌា ដែលមានតម្លៃប្រហែល ៤៥០០ដុល្លារ៕