«Meet Doctor»ទទួលបានទុនវិនិយោគលើកដំបូងដោយ IG Group ក្រោយបញ្ចប់វគ្គកម្មវិធី Angkor 500 របស់សហគ្រិនខ្មែរ

  • 2022-01-14 09:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធុរកិច្ចថ្មីមីតដុកទ័រ Meet Doctor ដែលបានបញ្ចប់វគ្គបណ្ដុះបណ្តាលក្នុងកម្មវិធី Angkor 500 របស់សហគ្រិនខ្មែរ ទទួលបានទុនវិនិយោគដំបូងបំផុត (Pre-seeding Investment) ជាមួយនឹងការវាយតម្លៃក្រុមហ៊ុនខ្ទង់សែនដុល្លារអាមេរិក ពីសំណាក់ក្រុមហ៊ុន អាយជីគ្រុប ដែលជាក្រុមហ៊ុនបរិវត្តកម្មក្នុងស្រុក។

ក្រុមហ៊ុន អាយជីគ្រុប បានសម្រេចវិនិយោគ ធុរកិច្ចថ្មី មីតដុកទ័រ ដែលបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ដែលជានិស្សិតបញ្ចប់ការសិក្សា Angkor500 ពីកម្មវិធី incubation ដែលសហគ្រិនខ្មែរបានផ្តួចផ្តើមឡើងក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ស្ថាបនិកមីតដុកទ័រ បានមានប្រសាសន៍ថា៖ “មីតដុកទ័រមានមហិច្ឆតាធំ ក្នុងការផ្ដល់នូវសេវាសុខាភិបាលទៅដល់ប្រជាជនកម្ពុជាគ្រប់រូបដល់ផ្ទះរបស់ពួកគាត់តែម្ដង ក្នុងតម្លៃសមស្របទទួលយកបាន ជាមួយនឹងបទដ្ឋានព្យាបាល និងក្រុមគ្រូពេទ្យក្នុងស្រុក និងអន្តរជាតិ ប្រកបនឹងវិជ្ជាជីវៈខ្ពស់។ ហើយនេះនឹងមិនអាចទៅរួចនោះទេ ប្រសិនបើយើងមិនបង្កើតអាជីវកម្មថ្មីទាំងស្រុង និងផ្លាស់ប្តូរការថែទាំសុខភាពនៅក្នុងប្រទេសតាមរយៈមធ្យោបាយឌីជីថល។"

លោកបន្តថា៖ "ជាមួយនឹងការលើកឡើងបែបនេះ ខ្ញុំពិតជាមានសំណាងណាស់ដែលមានការគាំទ្រពី អាយជីគ្រុប ដើម្បីបង្កើតនូវកំពូលកម្មវិធីថែទាំសុខភាព (healthcare superapp) មួយដែលទៅដល់ប្រជាជនទូទាំងប្រទេស ជាមួយនឹងគោលដៅដែល មីតដុកទ័រ មាន គឺលើកកម្ពស់លទ្ធភាពទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៅគ្រប់ទីកន្លែងទាំងអស់នៃប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសេដ្ឋកិច្ច សង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប”។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់ សហគ្រិនខ្មែរ ក្នុងឱកាសរំលឹកខួបនៃការចុះហត្ថលេខាលើភាពជាដៃគូរវាង IG Group និង Meet Doctor ។ តាមរយៈការផ្ដល់ទុនដំបូងបំផុតតាមការស្នើ ជាមួយនឹងការវាយតម្លៃខ្ទង់សែនដុល្លារអាមេរិកនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យា ការចុះបញ្ជិកាក្រុមហ៊ុននៅកម្ពុជា ការលូតលាស់ និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន មីតដុកទ័រនៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត និងនៅក្រៅប្រទេសផងដែរ។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “នៅពេលដែលសហគ្រិនខ្មែរចាប់ដៃគូជាមួយ 500Global ក្នុងការបង្កើតកម្មវិធី Angkor500 នៅកម្ពុជា សហគ្រិនខ្មែរបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីជួយឲ្យសហគមន៍ សម្របខ្លួនទៅនឹងកម្មវិធីសិក្សាថ្នាក់អន្តរជាតិ។ ដោយមើលឃើញថាសហគ្រិនដែលបានចូលរួមក្នុងកម្មវិធីរបស់សហគ្រិនខ្មែរទទួលបានការវិនិយោគ និងវិវត្តន៍បន្តទៅមុខទៀត បានបង្ហាញឲ្យឃើញថាប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគក្នុង និងក្រៅប្រទេស។សហគ្រិនខ្មែរ បានត្រៀមខ្លួនជាសក្ខីភាពនៃការអភិវឌ្ឍន៍ និងឱកាសថ្មីៗទៀតដែលទន្ទឹងរង់ចាំធុរកិច្ចថ្មីដែលមានសក្តានុពលរបស់យើង។”

ពិធីចុះហត្ថលេខាវិនិយោគវាងក្រុមហ៊ុន អាយជីគ្រុប និង មីតដុកទ័រ ត្រូវបានប្រារព្ធឡើង ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួម ក្នុងនោះរួមមានតំណាងមកពី ImpactHub, UNDP និងស្ថាប័នជាច្រើនទៀត។

កិច្ចព្រមព្រៀងវិនិយោគនេះត្រូវបានចុះហត្ថលេខាដោយលោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍របស់អាយជីគ្រុប ជាមួយនឹងលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី ស្ថាបនិក មីតដុកទ័រ ដោយមាន លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាល អាយជីគ្រុប ជាសក្សី។

លោក គឹម ពុធគីរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាយជីគ្រុប បានមានប្រសាសន៍ថា៖ “បេសកកម្មរបស់ អាយជីគ្រុប គឺ ការចូលរួមធ្វើបរិវត្តន៍កម្ម កែលម្អ និងគាំទ្រ។ បរិវត្តន៍កម្មរបៀបដែលយើងធ្វើការ កែលម្អបរិស្ថានដែលយើងរស់នៅ និងគាំទ្ររដ្ឋាភិបាល វិស័យសាធារណៈនិងឯកជន ក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យប្រទេសជាតិមានកំណើននិងតុល្យភាព។ ខ្ញុំមានសេចក្តីរំភើបរីករាយ ដោយឃើញថា ប្រព័ន្ធវេជ្ជសាស្ត្រដែលជាវិស័យមួយក្នុងចំណោមវិស័យដែលត្រូវបានគេមើលរំលងបំផុតសម្រាប់ការធ្វើឌីជីថលូបនីយកម្ម ក៏ដូចជាការកែលម្អជាទូទៅនៅកម្ពុជាកន្លងមក បាននិងកំពុងទទួលបានការយកចិត្តទុកដាក់ច្រើនគួរសមនាពេលបច្ចុប្បន្ន។ ខ្ញុំសូមជូនពរ មីតដុកទ័រ អាយជីគ្រុប សហគ្រិន និងអ្នកជំនាញវិជ្ជាជីវៈជាច្រើនទៀតជួបតែសំណាងល្អក្នុងដំណើរបរិវត្តន៍កម្មរបស់យើង និងសូមឱ្យការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាទទួលបានពរជ័យ និងជោគជ័យ ខណៈដែលវិស័យសុខាភិបាលបាននិងកំពុងក្លាយជាកត្តាសំខាន់ចម្បងក្នុងការកំណត់នូវសុខុមាលភាពរបស់ប្រជាជនកម្ពុជា”។

លោក ឈ សុផាណាក់ អគ្គនាយករងផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រុមហ៊ុន អាយជីគ្រុប បានធ្វើការកត់សម្គាល់ថា មីតដុកទ័រ និងអាយជីគ្រុបនឹងបន្តផ្ដោតលើឌីជីថលូបនីយកម្មនៅក្នុងវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេស ដោយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដូចជា ការពិបាកទទួលបានសេវាសុខាភិបាល ការចំណាយលើសលុបលើសេវាសុខាភិបាល ទទួលបាននូវការព្យាបាលពីគ្រូពេទ្យដែលមានវិជ្ជាជីវៈពិតប្រាកដ ទទួលបាននូវការធានារ៉ាប់រង និងហិរញ្ញប្បទានហិរញ្ញវត្ថុសុខាភិបាល ទិន្នន័យវេជ្ជសាស្រ្ត ការចែករំលែក និងវិភាគដោយប្រព័ន្ធបញ្ញាសិប្បនិមិត្ម និងសេវាឌីជីថលជាច្រើនទៀត។

ក្នុងពិធីក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រុមហ៊ុនអាយជីគ្រុប លោក Tomas Pokorny សមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ CAFT ទីប្រឹក្សាក្រុមហ៊ុន អាយជីគ្រុប នាយកប្រតិបត្តិក្រុមហ៊ុន ផាយ ផេ ស្ថាបនិកក្រុមហ៊ុន D.Q.D ខនសាល់ធីង និងជាសមាជិកឯករាជ្យនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន FWD អ៊ិនស៊ូរិន (ខេមបូឌា) និងលោកស្រី Jitka Markova ជាប្រធានកម្មវិធី Angkor 500 ក៏បានចូលរួមអបអរសាទរផងដែរដល់ មីតដុកទ័រ ចំពោះជំហ៊ានជោគជ័យមួយនេះ។

លោកបន្ដថា៖ “ខ្ញុំចាំថាខ្ញុំស្ញប់ស្ញែងពេលឃើញធុរកិច្ចថ្មីរបស់អ្នក ដែលបង្ហាញថាទីបំផុតកម្ពុជាមានការវិនិយោគចូលទៅក្នុងវិស័យបច្ចេកវិទ្យាសុខាភិបាល ហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែល Angkor500 អាចជាផ្នែកមួយនៃដំណើររីកចម្រើនរបស់អ្នក។ ខ្ញុំសូមជូនពរឱ្យកិច្ចសហការវិនិយោគនេះក្លាយជាជំហានដ៏សំខាន់មួយ ទោះវាជាជំហានតូចក្តី ឆ្ពោះទៅរកការអភិវឌ្ឍប្រភេទអាជីវកម្មសុខាភិបាលថ្មីទាំងស្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

អំពីក្រុមហ៊ុន អាយជីគ្រុប៖ អាយជីគ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពាណិជ្ជកម្ម កសិកម្ម បរិវត្តកម្ម នវានុត្តន៍ និងធុរកិច្ចថ្មី។ ក្ដីសុបិនរបស់យើងគឺបង្កើតប្រព័ន្ធអេកូឡូស៊ី (Ecosystem) និងជាផ្នែកមួយរបស់វា។ ប្រព័ន្ធអេកូឡូស៊ីនេះ ដែលក្នុងនោះអាជីវកម្មនានា នឹងជួយភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និងសង្គម ជួយដល់ការត្រៀមបង្កើមថាមវន្តរវាងតំបន់ជនបទនិងតំបន់ប្រជុំជន ជួយជំរុញដល់ការបង្កើតអន្តរសហការរវាងមនុស្សវ័យចំណាស់ជាមួយប្រជាជនសម័យឌីជីថល ជួយដល់ការត្រៀមខ្លួនរបស់កម្លាំងសម្រាប់ស្វ័យប្រវត្តិកម្ម និងឧស្សាហកម្ម ៤.០ ព្រមទាំងជួយឱ្យប្រជាជននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ក្លាយទៅជាកម្លាំងជំរុញសេដ្ឋកិច្ចនៅក្នុងពិភពលោកផងដែរ។

យោងតាមសញ្ញាណចុងក្រោយពីមេដឹកនាំពិភពលោក ដែលកំពុងរៀបចំសម្រាប់វិស័យឌីជីថល និងពិភពលោកក្រោយកូវីដ ចក្ខុវិស័យរបស់ក្រុមហ៊ុន អាយជីគ្រុប គឺកាគាំទ្រនូវមូលធននិយមប្រមូលផ្ដុំបែបថ្មី និងសេដ្ឋកិច្ចបរិយាប័ន្ន។

អំពីក្រុមហ៊ុន មីតដុកទ័រ៖ មីតដុកទ័រគឺជាវេទិកាមួយផ្តល់សេវាកម្មសុខាភិបាលចេញចូលតែមួយ រួមមានការប្រឹក្សាយោបល់តាមអនឡាញ ជាមួយនឹងគ្រូពេទ្យឯកទេស រួមនឹងការដឹកជញ្ជូនថ្នាំពេទ្យ ការទៅយកសំណាកដល់ផ្ទះ និងការណាត់ជួបជាមួយគ្រូពេទ្យ។

អំពីសហគ្រិនខ្មែរ៖ សហគ្រិនខ្មែរ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយហេតុនេះជំរុញសកម្មភាពសហគ្រិន ទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យ ក្លាយជាវេទិកាថ្នាលជាតិសម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិនក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ការប្រើប្រាស់ក្នុងស្រុក និង ការនាំចេញ និងវិស័យ កម្មន្តសាលដោយផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម៕

អត្ថបទ៖ រក្សា