ត្រាយអាស៊ី បួងសួង​ដល់​វិញ្ញាណក្ខន្ធ សរ សុភា មុន​ហ្វឹកហាត់

  • 2014-11-25 18:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​ត្រាយអាស៊ី​ ដែល​ជា​សមាជិក​នៅ​ក្នុង​លីក​បាល់ទាត់​កម្ពុជា​ បាន​ធ្វើការ​បួងសួង​រំលឹក​ដល់​វិញ្ញាណក្ខន្ធ អ្នកចាំទី សរ សុភា របស់​ក្រុម​ខេត្ត​ស្វាយរៀង និង ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ទទួល​មរណភាព​ពី​ថ្ងៃ​ទី ២២ វិច្ឆកា សប្ដាហ៍​មុន។

 ក្រុម​ត្រាយអាស៊ី បួងសួង​គោរព​​វិញ្ញាណក្ខន្ធ​ សរ សុភា

 

ការ​បួងសួង​នេះ​​ស្រប​ពេល​ដែល​សព​របស់​​អ្នកចាំទី​ខាង​លើ​បូជា​ដែរ​កាល​ពី​ល្ងាច​ម្សិលមិញ នៅ​វគ្គ​នាគវ័ន្ត។ ការ​បួងសួង​របស់​គេ​​ដើម្បី​ឱ្យ​វិញ្ញាណក្ខន្ធ​របស់​ សរ សុភា បាន​ទៅ​ដល់​សុគតិភព។ នេះ​បើតាម Facebook ផ្លូវការ​របស់​ក្លិប។

សូម​បញ្ជាក់ថា លោក​  Daisuke Yoshioka ជា​គ្រូ​បង្វឹក និង ជា​អ្នក​ចាត់ការ​ទូទៅ​​ក្រុម បាន​លា​ឈប់​ពី​ក្លិប​ត្រាយអាស៊ី កាល​ពី​ពេល​ថ្មីៗ ដោយ​មូលហេតុ​បញ្ហា​សុខភាព។ ក្លិប​នឹង​បង្ហាញ​មុខ​គ្រូ​បង្វឹក​ថ្មី​ក្នុង​ពេល​ឆាប់ៗ។

 

នៅ​ព្រឹក​ថ្ងៃ​ទី ២៥ វិច្ឆិកា នេះ ក្លិប​បាល់ទាត់​ខេត្ត​ស្វាយរៀង ដែល​ជា​អាណាព្យាបាល របស់​កីឡាករ សរ សុភា បាន​ចេញ​លិខិត​ថ្លែង​អំណរ​គុណ​ដល់​អ្នក​ពាក់ព័ន្ធ​​សំខាន់ៗ មួយ​ចំនួន ដែល​បាន​ទៅ​ចូល​រំលែក​ទុក្ខ​​គ្រួសារ​សព​មាន​ដូចជា ក្រសួងអប់រំយុវជន​និង​កីឡា, សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា, ស្នងការ​នគរបាល​ខណ្ឌ​ទួលគោក, ក្លិប​បាល់ទាត់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ, ក្លិប​បាល់ទាត់​វេស្ទើន, ក្លិប​ណាហ្គាខប, ក្លិប​​ភ្នំពេញក្រោន, ក្លិប​ចម្ការកៅស៊ូបឹងកេត, ក្លិប Albirex Niigata Phnom Penh, ក្លិប​ត្រាយអាស៊ី, ក្លិប​ក្រសួងការពារជាតិ, ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា និង លោក​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon, អ្នក​សារព័ត៌មាន​ជាតិ, មិត្ត​រួម​អាជីព​ជា​កីឡាករ​បាល់ទាត់ និង អ្នក​គាំទ្រ​បាល់ទាត់​ទាំង​អស់។

ចំណែក​គ្រួសារសព បាន​ថ្លែង​អំណរគុន​ដល់​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​ខេត្ត​ស្វាយរៀង ដែល​បាន​ជួយ​ទាំង​កម្លាំង​កាយ​ចិត្ត ជា​ពិសេស​បាន​ចេញ​បច្ច័យ​រៀបចំ​ទាំង​ក្នុង​ពិធី​បុណ្យ​សព និង បុណ្យ ៧ ថ្ងៃ។

 

សរ សុភា បាន​ទទួល​មរណភាព​ក្រោយ​​ពេល​​​ហ្វឹកហាត់​នៅ Gym ម្តុំស្ថាន​ទូន​ចិន​រួច​ ពោល​គឺ​​អំឡុង​ពេល​​សម្រួល​សាច់ដុំ និង សំអាត​ខ្លួន​ដោយ​នាំ​គ្នា​​ហែល​ទឹក ពេល​​ងើប​ចេញពី​អាង ក៏​បាន​​ដួល និង​តឹង​ទ្រូង។ តាម​ការ​សន្និដ្ឋាន​បឋម​របស់​គ្រូ​ពេទ្យ ការ​ស្លាប់​របស់​គេ​ដោយ​សារ​តែ​គាំ​បេះដូង ប៉ុន្ដែ​ក្រោយ​មក​​ទាំង​សមត្ថកិច្ច និង គ្រូ​ពេទ្យ​សិក្សា​ឃើញ​​គេ​ស្លាប់​ដោយ​សារ​ខ្យល់គរ៕

 

អត្ថបទ​ពាក់ព័ន្ធ៖ ព័ត៌មាន​បន្ថែម​ ជុំ​វិញ​ការ​ស្លាប់​អ្នក​ចាំទី​ សរ សុភា

 

អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ FB TriAsia

អត្ថបទថ្មី