ព័ត៌មាន​បន្ថែម​ ជុំ​វិញ​ការ​ស្លាប់​អ្នក​ចាំទី​ សរ សុភា

  • 2014-11-22 22:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមត្ថកិច្ច​ និង​ក្រុម​គ្រូពេទ្យ​បាន​សន្និដ្ឋាន​ថា ប្រហែល​ជា​៨០​ភាគ​រយ​នៃ​ការ​ស្លាប់​របស់​កីឡាករ​ចាំ​ទី​ជម្រើស​ទី១​ក្លិប​ស្វាយរៀង និង​ជម្រើស​ជាតិ​កម្ពុជា សរ សុភា​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ​នេះ​ បណ្តាល​មក​ពី​ខ្យល់គ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក សំ វ៉ាន់ដេត គ្រូ​បង្វឹក​បង្គោល​ក្លិប​ស្វាយរៀង​ដែល​ជា​អ្នក​នៅ​ផ្ទាល់​ជា​មួយសរ សុភា។

 

លោក សំ វ៉ាន់ដេត បាន​​​ប្រាប់​ Sabay បន្ថែម​មុន​នេះ​បន្តិច​​​ថា ​ បន្ទាប់​ហ្វឹកហាត់​នៅ Gym ម្តុំស្ថាន​ទូន​ចិន​រួច​ កីឡាករ​មួយ​ចំនួន​បាន​ទៅ​ផ្ទះ ហើយ​កីឡាករមួយ​ចំនួន​បាន​ទៅ​សំអាត​ខ្លួន​ដោយ​នាំ​គ្នា​​អាង​ហែល​ទឹកក្នុង​អាង។ បន្ទាប់​ពី​ងើប​ចេញពី​អាង សរ សុភា បាន​ដួល និង​តឹង​ទ្រូង។ នៅ​ពេល​នោះ​លោក​បាន​ជួយ​​​​សម្រួល​ដង្ហើម។ សុភា​ក៏​​កាន់​តែ​មាន​អាការៈ​ធ្ងន់ លោក​ និង​កីឡាករ​ផ្សេង​ទៀត​បាន​ខល​ទូរសព្ទ​ហៅ​ឡាន​ពេទ្យ ប៉ុន្តែ​ពេល​នោះ​ឡាន​មួយ​ទៅ​មួយ បាន​ប្រាប់​ទៅ​មួយ​នេះ ប្រាប់​ទៅ​មួយ​នោះ ទ្រាំ​បាន​ឡាន​ពេទ្យ​មក​ដល់​គឺ​ចំណាយ​ពេល​ប្រហែល​ជា​ជាង​៥​នាទី។

 សរ សុភា កាល​នៅ​រស់

លោក​បន្ត​រៀប​រាប់​ថា បន្ទាប់​ពី​បាន​ឡាន​ពេទ្យ​ហើយ​​ដោយ​សារ​ឃើញ​អាការៈ​មិន​ល្អ​ដ៏​ដឹក​ចូល​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ខាង​ក្រោយ​ស្ថានទូត​ចិន ប៉ុន្តែ​គ្លីនីក​ឯក​ជន​នោះ​មិន​ហ៊ាន​ទទួល​ ហើយ​បាន​បន្ត​​​បញ្ជូន​ទៅ​ពេទ្យ​​​ព្រះកុសៈមៈ (ពេទ្យ​លោក​សង្ឃ) នៅ​ភ្នំពេញ។ ដោយ​សារ​ស្ទះ​ចរាចរណ៍ ក៏​បញ្ជូន​ចំណាយ​ពេល​ជា​ច្រើន​នាទី​ទៀត។​ ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​​លោក​សង្ឃ គ្រូ​ពេទ្យ​ប្រាប់​ថា សរ សុភា បាន​​ផុត​ដង្ងើម​បាត់​ហើយ។

 

លោក​​បាន​បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ និង​សមត្ថកិច្ច​បាន​ពិនិត្យ​សព​​ សរ សុភា ហើយ​បាន​សន្និដ្ឋាន​ថា ប្រហែល​ជា​៨០​​ភាគ​រយ​គឺ​ស្លាប់​ដោយ​សារ​ខ្យល់​គរ។

 

លោក​គ្រូ​បង្គោល​រូប​នេះ​បាន​​ឲ្យ​ដឹង​​ថា សព របស់ សរ សុភា តម្កល់​ទុក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធសាសនា​នៅ​វត្ត នាគវ័ន្ន រាជធានី​ភ្នំពេញ​ដោយ​សារ​មាន​សាច់​ញាតិ​ច្រើន​នៅ​ភ្នំពេញ ជា​ពិសេស​ថ្នាក់​ដឹក​នាំ​ក្លិប​ស្វាយរៀង​មាន​ឯកឧត្តម ឌី វិជ្ជា និង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​មាន​ឯកឧត្តម​ សៅ សុខា នឹង​ចូល​រួម​បុណ្យ​ក៏​ដូច​ជា​​​ជួយ​ចំណាយ​លើ​ពិធី​បុណ្យ។ ចំពោះ​ពិធី​បុណ្យ​៧​ថ្ងៃ​ទំនង​ជា​ធ្វើ​នៅ​​ស្រុក​កំណើត​របស់សរ សុភា គឺ​ស្រុក បារាយណ៍ ខេត្ត​កំពង់ធំ។​ សូម​គោរព​អ្នក​កីឡាករ កីឡា​ការិនី អ្នក​ពាក់​ព័ន្ធ​នឹង​កីឡា និង​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ចូល​រួម​ពិធី​បុណ្យ​សព​សរ សុភា ដើម្បី​ជួយ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​នៃ​សព។

 

 

សរ​ សុភា​ ជា​កីឡាករ​ដែល​ប្រឹង​ប្រែង​តស៊ូក្នុង​អាជីព​បាល់​ទាត់​រហូត​មាន​កេរ្តិ៍ឈ្មោះ​​ក្នុង​វិស័យ​បាល់​ទាត់​កម្ពុជា​ដោយ​ជាប់​ជា​អ្នក​ចាំ​ទី​ជម្រើស​​ទី​មួយ​របស់​កលិប​ស្វាយរៀង និង​ជាប់​ជម្រើស​ជាតិ​កម្ពុជា​ដែល​មាន​មុខ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​រហូត​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ​ការ​ស្លាប់​របស់​​ សរ​ សុភា​ គឺ​ជា​ការ​បាត់​បង់​ធន​ធាន​កីឡាករ​ដ៏​ធំ​ធេង​បំផុត​សម្រាប់​វិស័យ​បាល់​ទាត់​កម្ពុជា​ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំង​មូល៕

 

អត្ថ​បទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី