ហេតុផលខ្លះៗទាញទម្លាក់ Facebook/Meta ក្លាយជាក្រុមហ៊ុន «អាក្រក់បំផុតប្រចាំឆ្នាំ ២០២១»

  • 2022-02-22 04:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Facebook/Meta ជាប់ឈ្មោះជាក្រុមហ៊ុន «អាក្រក់បំផុតប្រចាំឆ្នាំ Worst company of the year ២០២១» នេះបើយោងទៅលើការស្ទង់មតិដោយស្ថាប័ន Yahoo! Finance ។

ហេតុផលខ្លះៗទាញទម្លាក់ Facebook/Meta នៅពីក្រោយលទ្ធផលនេះត្រូវបានប្រភពព័ត៌មានរំលេចឲ្យដឹងថា នៅក្នុងចំណោមអ្នកបោះ​ឆ្នោត​ទាំងអស់សុទ្ធតែខកចិត្តជាមួយ Meta ទៅលើច្រើនករណីដូចជា៖ បណ្ដាញសង្គម Facebook និង Instagram ជះឥទ្ធិពលមិនល្អ និងអ្នកប្រើប្រាស់ក្មេងៗ។

លើសពីនេះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត ឬប៉ះពាល់ឯកជនភាពអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗ សូម្បីតែ​ផលិតផល Metaverse ដែលទើបនឹងប្រកាសចេញក៏ស្រាប់តែលេចដំណឹងរកឃើញការលួចយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ច្រើនជាង ៥០០០០ គណនីទៅហើយ។ តាមការចេញផ្សាយដោយ CNBC ។

ចំពោះ Yahoo! Finance គឺជាស្ថាប័នដែលតែងតែបើកសិទ្ធឲ្យគេបោះឆ្នោតជ្រើសរើស ក្រុមហ៊ុនល្អបំផុតមួយប្រចាំឆ្នាំ និងក្រុមហ៊ុនអាក្រក់បំផុតមួយប្រចាំឆ្នាំដូចគ្នា។ ការជ្រើសរើសនោះទៀតសោត ផ្អែកទៅលើឥទ្ធិពល របស់ក្រុមហ៊ុនទាំងនោះលើទីផ្សារ ព្រមទាំងសមិទ្ធិផលផ្សេងៗទៀតដែលពួកគេដាក់ចេញ បន្ទាប់មក ដាក់ឲ្យទស្សនិកជនបោះឆ្នោតសម្រេចយក។

បញ្ជាក់ផងដែរថា ក្រុមហ៊ុនល្អបំផុតប្រចាំឆ្នាំ Best company of the year 2021 បានទៅលើ Microsoft រីឯក្រុមហ៊ុនអាក្រក់បំផុតប្រចាំឆ្នាំវិញ “Worst company of the year” បានទៅលើ Facebook/Meta និងតំណែងដូចគ្នានេះលេខពីរបានទៅលើក្រុមហ៊ុន Alibaba ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី