ឃើញ​ហើយ​រំភើប! ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់​រយនាក់​ប្រជ្រៀត​គ្នាទស្សនា ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត

  • 2022-03-21 06:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាននាំគ្នាសម្រុក ទៅទស្សនាព្រឹត្តិការណ៍ដ៏មហាអស្ចារ្យថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ឬ«សមរាត្រី» ដែលបានចាប់ផ្តើមរះពីម៉ោង៦ និង៣០នាទីព្រឹក ទី២១ ខែមីនា ឆ្នាំ២០២២នេះ បន្ទាប់ពីខកខានមិនបានទៅទស្សនាព្រឹត្តិការណ៍នេះ អស់រយៈពេល២ឆ្នាំកន្លងមក។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ បានកើតឡើងពីរដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនា និងនៅថ្ងៃទី២២ ខែកញ្ញា ។ លោកបានពន្យល់ពីព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ ឬ សមរាត្រីនេះថា គឺជាពេលវេលាដែលពេលថ្ងៃ និងពេលយប់ មានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ យប់មានរយៈពេលវែងជាងពេលថ្ងៃ ឬថ្ងៃមានរយៈពេលវែងជាងយប់ ហើយជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។

លោកបន្ថែមទៀតថា ប្រទេសកម្ពុជាមានព្រឹត្តិការណ៍ សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យនោះឡើយ ព្រោះវាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុន ក្នុងបំណងតម្រូវតាមបាតុភូតធម្មជាតិ ដែលបង្កើតជាព្រឹត្តិ ការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះឡើង ដែលព្រឹត្តិការណ៍ព្រះអាទិត្យស្ថិតចំកណ្ដាលនៃកំពូលកណ្ដាលប្រាសាទអង្គរវត្តនេះ ប្រហែលកើតមានតែនៅលើប្រាសាទអង្គរវត្តតែប៉ុណ្ណោះ ខណៈសំណង់បុរាណជាច្រើនផ្សេងទៀត លើពិភពលោកគឺមិនអាចរៀបចំដូច្នេះបានឡើយ។

សូមជម្រាបថាព្រឹត្តិការណ៍ សមរាត្រីនៅប្រាសាទអង្គរវត្ត- Equinox Angkor ឬ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត តែងកើតមានឡើងចំនួន២ដង ក្នុងមួយឆ្នាំ ដោយលើកទី១ កើតឡើងនៅអំឡុងខែមីនា និងលើកទី២ កើតឡើងនៅអំឡុងខែកញ្ញា រៀងរាល់ឆ្នាំ៕

ប្រភព៖ Overseas Marketing and Promotion Department ,Ministry of Tourism Cambodia

អត្ថបទដោយ៖ សាន​ សុធារដ្ឋ