រួម​គ្នាគិត! អ្នក​ភូមិកំពង់ភ្លុក ថាទិន្នផលត្រីធ្លាក់ចុះខ្លាំងណាស់!

  • 2022-04-12 02:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋនៅឃុំកំពង់ភ្លុក កំពុងរងគ្រោះពីការនេសាទខុសច្បាប់នៅបឹងទន្លេសាប ដោយសារអ្នកនេសាទខុសច្បាស់ប្រើប្រាស់ឱបករណ៍ឆក់ត្រី និងយ៉ាំងកាវ ធ្វើឲ្យត្រីក្នុងបឹងបាត់បង់យ៉ាងធ្ងន់ធ្ងរ។ ការថយចុះកម្រិតទឹកនៃទន្លេមេគង្គក៏បង្កឱ្យផលត្រីធ្លាក់ចុះផងដែរ។

អ្នកភូមិបានដឹងពីផលប៉ះពាល់នេះ ដោយសារប្រាក់ចំណូលប្រចាំថ្ងៃពីរបរនេសាទរបស់ពួកគេបានធ្លាក់ចុះ។ ការណ៍នេះ បង្ខំឱ្យអ្នកភូមិជាច្រើនផ្លាស់ប្តូរមុខរបរពីការនេសាទ មកចាប់ផ្តើមដឹកជញ្ជូនភ្ញៀវទេសចរតាមទូកទស្សនាព្រៃលិចទឹកក្នុងបឹងទន្លេសាប ដើម្បីប្រកបរបរចិញ្ចឹមជីវិតជំនួសវិញ។

លោក សួន ចាន់សិរី អតីត​ប្រជានេសាទ បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មុន​ពេល​បង្ខំចិត្ត​ផ្លាស់​ប្ដូរ​អាជីព​មក​ដឹកភ្ញៀវ​ទេសចរថា ការ​នេសាទ​ធ្លាក់​ចុះ​យ៉ាង​គំហុក ទើប​លោក​ត្រូវ​ស្វែង​រក​របរ​ថ្មី​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ។

“ការផ្ដាស់ផ្ដូរពីការនេសាទត្រី ទៅជាដឹកភ្ញៀវទេសចរហ្នឹង ពីព្រោះការនេសាទមានផលប៉ះពាល់ទំហំខ្លាំងដែរ។ កាលពីមុន គាត់រាយត្រឹមតែ១០ដៃ ២០ដៃ វាបានត្រីច្រើន ប៉ុន្តែឥឡូវ រាយមងច្រើនហើយ តែបានត្រីតិច។ ...នៅលើបឹងទន្លេសាបរបស់យើង វាបាត់បង់ច្រើនណាស់ ព្រោះប្រភេទត្រីសព្វថ្ងៃ សល់ប្រហែល៧-៨មុខ។ វា២០០ទៅ៣០០ប្រភេទត្រី ឥឡូវសល់តែ៧ទៅ៨ប្រភេទត្រី។”

"បីបួនឆ្នាំមុន យើងអាចរកក្នុង១ថ្ងៃ មធ្យមភាគយើងរកបាន១០ទៅ២០គីឡូក្រាមដែរក្នុងមួយថ្ងៃ។ ដល់សព្វថ្ងៃ ត្រីខ្សោយទៅៗ។ មធ្យមភាគ ក្នុង១ថ្ងៃអាចរកបានប្រហែលជា៣ម៉ឺនរៀលដែរ"។ លោក អ៊ុក សារ៉ាន់ ប្រជានេសាទ​ក្នុង​តំបន់ ថ្លែង។ ស្រដៀង​គ្នា ប្រជានេសាទ​ក្នុង​តំបន់​ម្នាក់​ទៀត គឺ​អ្នកស្រី ណាំង ដាណី បញ្ជាក់​ថា ទិន្នផល​ត្រី ធ្លាក់​ចុះ​ខ្លាំង ដោយ​មិន​ដឹង​មូលហេតុ។

“រកមិនបានច្រើនទេ…! ចង់បញ្ជាក់ថា ខែយើងរាយ គឺរាយមងទន្លេ តែពុំបានត្រីច្រើនទេ។ ខ្ញុំមិនដឹងថាមកពីមូលហេតុអ្វីដែរ ប៉ុន្តែដឹងត្រង់ថា ទៅរកហើយ តែមិនបានត្រី”

លោក វ៉ាន់ ផល មេភូមិ​ ត្នោត​កំបុត អះអាង​ថា លោក​ទទួល​ស្គាល់​លើ​បញ្ហា​នេះ ហើយ​លោក​បាន​មើលឃើញ​បញ្ហា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​នេះ ក្នុង​នោះ​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃលិចទឹក។

លោក​ថ្លែង​ថា"ធ្លាប់ធ្វើស្រែ ទោះបីផលត្រីធ្លាក់ចុះ ក៏គាត់នៅតែបន្តនេសាទដដែល។ តែខ្ញុំជឿថា បើសិនជាបំបាត់បាននូវឧបករណ៍ខុសច្បាប់ ដូចពួកវៀតណាមអូសយាំងកាយ ឆក់អីហ្នឹង ខ្ញុំជឿថា៣ឆ្នាំក្រោយត្រីនឹងសម្បូរ។ ទី២ គឺកត្តាព្រៃលិចទឹកនេះ ដែលយើងអត់ឱ្យប្រជាពលរដ្ឋធ្វើស្រែ អាស្រ័យផលតំបន់៣ ទុកឱ្យព្រៃដុះឡើងវិញមក ដឹងតែត្រីមានឡើងវិញ”។

លោក​បន្ត​ថា ពីមួយឆ្នាំទៅមួយឆ្នាំ ព្រៃលិចទឹករាប់សិបហិកតា ត្រូវបានអ្នកភូមិកាប់បំផ្លាញ និងដុតចោលនៅរដូវប្រាំង ដើម្បីប្រែក្លាយដីលិចទឹកឱ្យទៅជាដីកសិកម្ម។ ក្រៅ​ពីនេះ បញ្ហាធ្វើនេសាទ ដែលច្បាប់ហាមឃាត់ ដូចជាឧបករណ៍ឆក់ ឬយាំងកាវ ស៊ីបយ៉ន់ ជាដើម ដែលតែងតែលបលួចធ្វើសកម្មភាពនៅពេលយប់ ក៏ជា​បញ្ហា​ដូច​គ្នា។ លោកបន្ថែមថា ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយ នោះចំនួនត្រីនឹងកើនឡើង។

(លោក ម៉ាធីវ ភារ៉េ ជាភ្ញៀវទេសចរជនជាតិបារាំង បាន​ស្នើឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ គួរ​រួម​គ្នា​គិត​ ស្រប​ពេល​ដែល​ពិភព​លោក​កំពុង​មាន​ការ​ប្រែប្រួល ជា​ហេតុធ្វើ​ឲ្យ​បាត់​ហេដ្ឋារចនាសម្ព័ន្ធ​ខ្លះ​នោះ។ លោក​ថ្លែងថា៖ " សតវត្សទី២១ គឺជាពេលត្រូវគិតដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ អ៊ីចឹងចំពោះខ្ញុំ បើឱ្យខ្ញុំមានយោបល់ ខ្ញុំថាប្រទេសពាក់ព័ន្ធទាំងអស់ គួរតែពិភាក្សាគ្នារកវិធីដោះស្រាយ ធ្វើយ៉ាងណាសង្គ្រោះទីនេះ។ វាសំខាន់ខ្លាំងណាស់ ដែលយើងរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានតុល្យភាពល្អ។ ពិភពលោកកំពុងអភិវឌ្ឍ អ៊ីចឹងហើយ យើងគេចមិនផុតពីបាត់បង់ហេដ្ឋារចនាសម្ព័ន្ធខ្លះនោះទេ។ វាពិតធម្មតាទៅហើយ។ ប៉ុន្តែយើងត្រូវតែអភិរក្សកន្លែងបែបនេះ។ ពិសេសជាងនេះ ប្រសិនបើកន្លែងបែបនេះ ជាកន្លែងកម្រក្នុងតំបន់ និងទ្វីប”។

លោក​បន្ត​ថា វា​ជា​រឿង​អាក្រក់ពេកណាស់ ក្រោយដឹងថាកន្លែងនេះ កំពុងតែរងផលប៉ះពាល់ស្ទើរក្រៀមក្រោះ។ “ខ្ញុំគិតថានរណាក៏ដោយនៅក្នុងពិភពលោកនេះ គេនឹងនិយាយដូចខ្ញុំដែរ។ លើកលែងតែមនុស្សដែលចង់បំផ្លាញ ដើម្បទទួលបានអ្វីមួយមកបំពេញមហិច្ចតាខ្លួន”៕

ផ្ដល់សិទ្ធិ​ដោយ៖ A24

អត្ថបទ៖ ទារិកា