៤ ចំណុច លើភីកអាប់ជំនាន់ថ្មី Ford Ranger 2023 លេចធ្លោខ្លាំង រឹតតែអេមលើសជំនាន់មុន

  • 2022-05-17 02:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford Ranger គឺជារថយន្តភីកអាប់ខ្នាតកណ្តាលមួយ ដែលទើបតែបានអាប់ដេតជំនាន់ថ្មី សម្រាប់ស៊េរីឆ្នាំ២០២៣ ដោយក្នុងនោះ វាមិនត្រឹមតែបានផ្លាស់ប្តូររូបរាងទាំងស្រុងប៉ុណ្ណោះទេ ថែមទាំងបានបន្ថែមបច្ចេកវិទ្យាថ្មី, ផ្តល់ការទប់លំនឹងកាន់តែប្រសើរ, ខ្លាំងជាងមុន និង សមត្ថភាព off-road អស្ចារ្យជាងមុនទៀតផង។

ខាងក្រោមនេះគឺជាចំណុចទាំង ៥ ដែល sabay គិតថាភីកអាប់ជំនាន់ថ្មី Ford Ranger ឆ្នាំ២០២៣ មានភាពលេខធ្លោខ្លាំង និងអាចធ្វើបានល្អបំផុត បើប្រៀបធៀបជាមួយនឹងគូប្រជែង ដែលជាភីកអាប់ខ្នាតកណ្តាល កំពុងមានវត្តមាននៅក្នុងស្រុក បន្ទាប់ពីបានធ្វើតេស្តភីកអាប់នេះនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។

១) លំនឹង

ភីកអាប់ Ford Ranger ឆ្នាំ២០២៣ ផ្តល់នូវការទប់លំនឹងកាន់តែប្រសើរជាង Ranger ជំនាន់មុនៗទាំងអស់។ វាបានប្រើប្រាស់គ្រោងឆ្អឹង T6 ជំនាន់ទី៣ ថ្មី ដែលផ្តល់នូវភាពរឹងមាំ ធន់ និង ការទប់លំនឹងកាន់តែប្រសើរ។ ជាងនេះទៅទៀតវាបានបន្ថែមនូវទំហំទទឹងខ្លួន ៥០មីល្លីម៉ែត្រ និង បន្ថែមប្រវែងពីកង់មុខទៅកង់ក្រោយ ៥០មីល្លីម៉ែត្រ ដោយកង់មុខត្រូវបានរុញមកកៀកជាមួយនឹងកាងខាងមុខនៃរថយន្ត ដែលផ្តល់ឲ្យវានូវការឈរជែងជាងមុន ជាហេតុផ្តល់នូវការទប់លំនឹងកាន់តែល្អប្រសើរជាងមុន។

តាមរយៈការធ្វើតេស្តរបស់ sabay មិនថានៅលើផ្លូវរាបស្មើ ឬ ផ្លូវរអិលនោះទេ Ranger ឆ្នាំ២០២៣ ធ្វើការបានល្អខ្លាំងមែនទែន។ ស្ថិតនៅក្នុងល្បឿនខ្ទង់ចន្លោះពី ១១០ ទៅ ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវរាបស្មើ និងកោង នៃខេត្តភូកេត ប្រទេសថៃ រថយន្ត Ranger ជំនាន់ថ្មីនេះ នៅតែរក្សាលំនឹងបានល្អ និងផ្តល់ទំនុកចិត្ត មិនមានអារម្មណ៍ថាឃ្លីងឃ្លោងអ្វីឡើយ។

ហេតុផលមួយទៀតក្រៅពីការប្រើប្រាស់គ្រោងឆ្អឹងថ្មី Ranger ឆ្នាំ២០២៣ ក៏បានបំពាក់ប្រព័ន្ធបូមមុខក្រោយថ្មី ហាប់ណែនល្អ ដែលជាមូលហេតុអាចឲ្យវាធ្វើការបានយ៉ាងល្អបែបនេះ។

២) កម្លាំង និងសន្ទុះ

រថយន្ត Ford Ranger ឆ្នាំ២០២៣ Option «Wildtrak 4x4» ដែល sabay បានតេស្ត មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Bi-Turbo ដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គ SelectShift មានកម្លាំង ២០៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ប្រើប៉ុងពីរកាប់ពីតាស់ ជាមួយប្រព័ន្ធ Selectable Drive Modes។

តាមរយៈការធ្វើតេស្ត អាចនិយាយបានថា Ranger ឆ្នាំ២០២៣ ជាភីកអាប់ដែលមានកម្រិតសន្ទុះស្ទុះខ្លាំងមួយ ហើយបើនិយាយឲ្យសាមញ្ញគឺ «ជាន់បានៗ» ខណៈអ្វីដែលរឹតតែជួយឲ្យវាផ្តល់នូវកម្លាំងមកភ្លាមៗបែបនេះ ក៏ដោយសារតែប្រអប់លេខអូតូ ១០វគ្គរបស់វា ដែលដំណើរការបានយ៉ាងរលូនល្អ មិនថាយើងជាន់តាមសម្រួល ឬ ជាន់បង្ខំនោះទេ។ ដូច្នេះហើយចំពោះការវ៉ាជែងក្នុងល្បឿនលឿន គឺគ្មានបញ្ហានោះទេសម្រាប់ភីកអាប់មួយនេះ។

៣) សមត្ថភាព Off-road និង ប្រព័ន្ធ Selectable Drive Modes

អាចនិយាយបានថា នេះគឺជាចំណុចខ្លាំងបំផុតមួយទៀតរបស់ Ford Ranger ឆ្នាំ២០២៣ ហើយប្រិយមិត្តដែលធ្លាប់បានប្រើប្រាស់ Ranger ស៊េរីមុនៗ ប្រាកដជាបានដឹងរួចមកហើយថា សមត្ថភាពវាយ៉ាងណា។ ដោយឡែក ចំពោះស៊េរីឆ្នាំ២០២៣ និងជាជំនាន់ថ្មីនេះ វាកាន់តែពាំនាំមកជាមួយនឹងសមត្ថភាព off-road រឹតតែអស្ចារ្យ ជាមួយនឹងប្រព័ន្ធកាប់ពីតាស់ និង ប្រព័ន្ធ Selectable Drive Modes (Normal, Eco, Slippery, Mud&Rud, Sand, Tow&Haul) ដែលជាមុខងារថ្មី ធ្លាប់តែមានលើ Ranger Raptor ប៉ុណ្ណោះ ប៉ុន្តែឥឡូវក៏មានលើ Ranger ឆ្នាំ២០២៣ ដែរ។

ស្ថិតនៅក្នុងការធ្វើតេស្តនៅក្នុងប្រទេសថៃ ក្នុងនោះមានឧបសគ្គចំនួន ៩ ប្រភេទ រួមមានទាំងការចុះចំណោទ, ចុះទឹក, ផ្លូវភក់រអិល, ផ្លូវថ្ម, ផ្លូវខ្សាច់ បូករួមទាំងមេឃភ្លៀងស្រិចៗមកទៀត ធ្វើឲ្យបរិយាកាស និងស្ថានភាពផ្លូវ កាន់តែមានភាពប្រកួតប្រជែង។

ក្នុងនោះ sabay ចាប់អារម្មណ៍ឃើញថា នៅពេលចុះចំណោទចោទខ្លាំង មុខងារជំនួយ Hill Descend Control និងប្រព័ន្ធកាប់ពីតាស់ 4L ធ្វើការបានល្អខ្លាំងមែន ដោយវានឹងជួយឲ្យរថយន្តតោងជាប់ជាមួយផ្លូវ មិនរអិលចុះមក ហើយក៏ជួយលើការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ខណៈអ្នកបើកបរមិនចាំបាច់អមហ្វ្រាំងនោះទេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងមួយទៀតនោះ គឺទៅលើផ្លូវភក់ និងរអិលខ្លាំង ប៉ុន្តែ Ranger ឆ្នាំ២០២៣ នៅតែធ្វើបានល្អ មិនចុះចាញ់នោះទេ តាមរយៈការប្រើ Slippery Mode និង ប្រព័ន្ធកាប់ពីតាស់ 4H។ ជាក់ស្តែង នៅពេលដែលកំពុងធ្វើតេស្ត មេឃក៏បង្អុលទឹកភ្លៀងចុះមក ធ្វើឲ្យស្ថានភាពផ្លូវកាន់តែរអិល និងពិបាកបើកខ្លាំងមែនទែន ប៉ុន្តែប្រព័ន្ធដ៏វៃឆ្លាតនេះបែរជាជួយឲ្យ Ranger ឆ្នាំ២០២៣ ឆ្លងកាត់បានយ៉ាងងាយស្រួល ខណៈវាក៏អាស្រ័យលើតិចនិចកាន់ដៃចង្កូតរបស់អ្នកបើកបរដែរ ប៉ុន្តែក្រុមការងារ sabay ដែលមិនមែនជាអ្នកជំនាញបើកបរនោះ ក៏នៅតែអាចឆ្លងផុតក្នុងកម្រិតស្រួលមួយដែរ។

៤) បច្ចេកវិទ្យា

ថ្វីបើមានសមត្ថភាពខ្លាំងមែន ប៉ុន្តែបច្ចេកវិទ្យាលើ Ford Ranger ឆ្នាំ២០២៣ រឹតតែជួយឲ្យវាឆ្លងកាត់ផ្លូវ off-road ពិបាកៗ យ៉ាងងាយស្រួលជាងមុនទៅទៀត។

ជាក់ស្តែងគឺប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ ដែលបង្ហាញនៅលើអេក្រង់បញ្ឈរធំ ទំហំ ១២អ៊ីញ (សម្រាប់ Wildtrak 4x4) ធ្វើឲ្យការបើកលើផ្លូវចុះចំណោទ និងឆ្លងកាត់ផ្លូវថ្មធំៗ បានងាយស្រួលជាងមុន ព្រោះថាអ្នកបើកបរអាចមើលឃើញស្ថានភាពជុំវិញរថយន្ត និងថែមទាំងអាចមើលឃើញពីខាងលើរថយន្តទៀតផង ដែលជាមូលហេតុធ្វើឲ្យបទពិសោធន៍ក្នុងការសាកល្បងភីកអាប់ជំនាន់ថ្មីនេះ កាន់តែពិសេសថែមមួយកម្រិតទៀត៕

សូមទស្សនាវីដេអូខាងក្រោម៖

បញ្ជាក់៖ ពាក់ព័ន្ធជាមួយនឹងការបើកបរលើផ្លូវផ្សេងៗ និងការប្រើប្រាស់មុខងារផ្សេងៗទៀត sabay នឹងលម្អិតនៅក្នុងវីដេអូ នាពេលក្រោយ

អត្ថបទ៖ សេង ឡុង