ខ្លាំង ស្រួលប្រើ វៃឆ្លាត! Ford Ranger 2023 នាំយកបទពិសោធន៍ថ្មី សម្រាប់អ្នកស្រលាញ់ភីកអាប់

  • 2022-05-16 03:09:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភូកេត, ប្រទេសថៃ, ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២៖ ក្រុមហ៊ុន Ford ប្រចាំប្រទេសថៃ (Ford Thailand) បានស្វាគមន៍អ្នកកាសែតមកពីប្រទេសជាច្រើន ដោយក្នុងនោះក៏រួមមានទាំងកម្ពុជាផងដែរ ដើម្បីសាកល្បងផ្ទាល់នូវសមត្ថភាពភីកអាប់ Ford Ranger ស៊េរីឆ្នាំ២០២៣ ជំនាន់ថ្មី នៅក្នុងកម្មវិធី «Ford Ranger Ride and Drive Event» ដែលបានធ្វើឡើងនៅក្នុងទឹកដីខេត្តភូកេត ប្រទេសថៃ។

ភីកអាប់ Ford Ranger ជំនាន់ថ្មី ដែលនឹងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ បានទទួលការអាប់ដតកាន់តែប្រសើរជាងជំនាន់មុនៗទាំងអស់ ទាំងសមត្ថភាពលើផ្លូវ និង Off-road, កម្រិតផាសុកភាព និង បច្ចេកវិទ្យា ផងដែរ។

ស្ថិតនៅក្នុងកម្មវិធិដែលធ្វើឡើងនៅតាមបណ្តោយខេត្តប្រជុំកោះ Phuket, Phangnga និង Krabi ប្រទេសថៃ ក្រុមអ្នកកាសែតទទួលបាននូវឱកាសដ៏វិសេសវិសាល ព្រោះបានសាកល្បងដោយផ្ទាល់ជាមួយនឹងភីកអាប់ Ford Ranger ជំនាន់ថ្មី ទាំងនៅលើផ្លូវរាបស្មើ និង ផ្លូវពិបាកៗ Off-road ថែមទាំងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ដើម្បីបានដឹងកាន់តែច្បាស់ពីសមត្ថភាពរបស់ភីកអាប់មួយនេះ។

ក្នុងនោះក្រុមអ្នកកាសែតមានឱកាសសាកល្បងនូវ Ranger Wildtrak 4x4, Ranger Wildtrak 4x2 និង Ranger Sport ដែលមានបំពាក់ជម្រើសម៉ាស៊ីនផ្សេងគ្នា តាមតម្រូវការរបស់អតិថិជន។

- Wildtrak 4x4: បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Bi-Turbo ជាមួយប្រអប់លេខអូតូ ១០វគ្គ SelectShift មានកម្លាំង ២០៧សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។

- Wildtrak 4x2: បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ Turbodiesel ជាមួយប្រអប់លេខអូតូ ៦វគ្គ មានកម្លាំង ១៦៧សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ។

- Ranger Sport: បំពាក់ម៉ាស៊ីន Single Turbodiesel ជាមួយប្រអប់លេខអូតូ ៦វគ្គ មានកម្លាំង ១៦៧សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ។

មុនពេលធ្វើដំណើរមកដល់ទីលានដើម្បីធ្វើតេស្តផ្លូវលំបាក Off-road ក្រុមអ្នកកាសែតក៏ទទួលបានបទពិសោធន៍សាកល្បងសមត្ថភាពរបស់ Ranger ជំនាន់ថ្មី នៅលើផ្លូវលាត ដើម្បីដឹងពីកម្រិតផាសុកភាព កម្រិតភាពខ្លាំង និងសន្ទុះ ក៏ដូចជាអារម្មណ៍ថ្មីប្លែកនៃកាប៊ីនរបស់វាផងដែរ។

ស្ថិតនៅទីលានធ្វើតេស្តផ្លូវ Off-road ក្រុមហ៊ុន Ford Thailand បានរៀបចំនូវទីលានយ៉ាងពិសេស ដើម្បីសាកសមត្ថភាពភីកអាប់ Ranger ឆ្នាំ២០២៣ ជាមួយនឹងប្រព័ន្ធ Selectable Drive Modes ថ្មី ដែលពីមុនមានបំពាក់តែលើម៉ូដែល Ranger Raptor ប៉ុណ្ណោះ។

- ផ្លូវចុះចំណោទ៖ តម្រូវឲ្យអ្នកបើកបរចុចប្រើមុខងារ Hill Descend Control និង 4H ដើម្បីជួយនៅលើផ្លូវចុះចំណោទ និងរអិល ព្រមទាំងចុចមើលប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ ដើម្បីអាចឆ្លងកាត់ឧបសគ្គបានកាន់តែងាយស្រួល។

- ផ្លូវចុះទឹក៖ ជាមួយនឹងសមត្ថភាពអាចចុះទឹកជម្រៅ ៨០០មីល្លីម៉ែត្រ Ford Ranger ជំនាន់ថ្មីអាចឆ្លងកាត់ឧបសគ្គមួយនេះបានយ៉ាងងាយស្រួល ខណៈប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ កាន់តែផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ អាចមើលឃើញជុំវិញ និងពីលើរថយន្តទៀតផង។

- ផ្លូវរអិល និងភក់៖ តម្រូវឲ្យអ្នកបើកបរជ្រើសរើសមុខងារ Slippery Mode និង 4H ព្រមទាំងប្រព័ន្ធចាក់សោរប៉ុងក្រោយ (Locking Rear Differential System) ដើម្បីអនុញ្ញាតឲ្យវាអាចផ្តល់កម្លាំងដល់កង់ទាំង ៤ បាន។ ចំពោះឧបសគ្គមួយនេះក៏តម្រូវឲ្យអ្នកបើកបររហ័សរហួន និងមានភាពវៃឆ្លាតក្នុងការប្រើប្រាស់ចង្កូតផងដែរ។

- ផ្លូវថ្មធំៗ៖ តម្រូវឲ្យអ្នកបើកបរជ្រើសរើស 4L និង ប្រព័ន្ធចាក់សោរប៉ុងក្រោយ (Locking Rear Differential System) ខណៈកម្ពស់ពីបាតក្រោមរបស់ Ranger ជំនាន់ថ្មីខ្ពស់ជាងមុន បានជួយឲ្យវាឆ្លងកាត់ឧបសគ្គនេះយ៉ាងងាយស្រួល។

លោកស្រី Kamolchanok Prasertsom នាយកផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Ford Thailand និងទីផ្សារអាស៊ាន បាននិយាយថា "ការសាកល្បងនេះត្រូវបានរចនាឡើងដើម្បីបញ្ជាក់ និងបង្ហាញពីរបៀបដែល Ranger ជំនាន់ថ្មី គឺជា Ranger ឆ្លាតវៃបំផុត មានសមត្ថភាពបំផុត និងអាចប្រើប្រាស់បានច្រើនស្ថានភាពបំផុត មិនធ្លាប់មានពីមុន"។

លោកស្រីបានបន្ថែមថា "ក្រុមវិស្វកម្ម និងអ្នករចនារបស់ក្រុមហ៊ុន Ford បានធ្វើការជាមួយអតិថិជនជុំវិញពិភពលោក ដើម្បីបង្កើតកំណែដ៏ល្អបំផុតនៃ Ranger ជំនាន់ថ្មី ដែលជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់ការងារ ការកម្សាន្ត និងគ្រួសារ ផងដែរ"៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម